បទពិសោធន៍​មួយ​ថ្ងៃ​របស់​ខ្ញុំ ជា​គម្រោង​ដែល​អ្នក​និពន្ធ​ប្រកាស​រក​ថវិកា​ដើម្បី​បោះពុម្ព

ដោយ សាន សែល
2016-11-14
Share
សូ ភីណា ៨៥៥ អ្នក​គ្រប់គ្រង​គម្រោង «បទពិសោធន៍​មួយ​ថ្ងៃ​របស់​ខ្ញុំ» និង​ជា​សហ​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​កម្ពុមេរា អ្នកស្រី សូ ភីណា។ Photo Provided
Photo Provided

អ្នក​និពន្ធ​កម្ពុជា កំពុង​ស្វះ​ស្វែងរក​ថវិកា​ដើម្បី​បោះពុម្ព​សៀវភៅ​ដែល​និយាយ​រៀបរាប់​ពី​បញ្ហា​ជម្លោះ​បុគ្គល​ផ្ទាល់​ខ្លួន អារម្មណ៍​ចំពោះ​ទីក្រុង​ភ្នំពេញ អារម្មណ៍​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ការងារ ហិង្សា​លើ​ស្ត្រី និង​ហិង្សា​ក្នុង​គ្រួសារ។ អ្នក​គ្រប់គ្រង​ការ​បោះពុម្ព​នេះ​ជឿជាក់​ថា រឿងរ៉ាវ​ទាំងអស់​នេះ​គួរ​ត្រូវ​បាន​យក​មក​បោះពុម្ព​ផ្សព្វផ្សាយ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​មាន​កម្លាំង​ចិត្ត​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន។

គម្រោង​ស្នាដៃ​ដែល​គ្រោង​បោះពុម្ព​នេះ​មាន​ឈ្មោះ​ថា «បទពិសោធន៍​មួយ​ថ្ងៃ​របស់​ខ្ញុំ»។ វា​ជា​កម្រង​រឿង​ប្រលោម​លោក​ខ្លីៗ​ចំនួន ១៥ របស់​អ្នក​និពន្ធ​ខ្មែរ​ផ្សេងៗ​គ្នា។ គម្រោង​នេះ សម្របសម្រួល​ដោយ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​កម្ពុមេរា។

អ្នកស្រី សូ ភីណា ដែល​ជា​អ្នក​គ្រប់គ្រង​គម្រោង​នេះ និង​ជា​សហ​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​កម្ពុមេរា បញ្ជាក់​ថា រឿង​ខ្លី​ទាំង ១៥ នេះ គឺ​រឿង​មួយៗ​ត្រូវ​សរសេរ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ (២៤​ម៉ោង)។ រឿង​ទាំងនេះ​នឹង​ឆ្លុះ​បញ្ចាំង​បញ្ហា​ជម្លោះ​បុគ្គល​ផ្ទាល់​ខ្លួន អារម្មណ៍​ចំពោះ​ទីក្រុង​ភ្នំពេញ អារម្មណ៍​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ការងារ ហិង្សា​លើ​ស្ត្រី និង​ហិង្សា​ក្នុង​គ្រួសារ«ខ្ញុំ​គិត​ថា​ពេល​បោះពុម្ព​សៀវភៅ​នេះ ជា​ការ​លើក​កម្ពស់​អំណាន និង​សរសេរ​នៅ​កម្ពុជា ហើយ​អាច​ជួយ​ថែរក្សា​អក្សរ​ខ្មែរ។ យើង​នៅ​គិត​ថា អ្នក​និពន្ធ​ខ្មែរ​នៅ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​តថភាព​សង្គម»

សកម្មជន​ក្នុង​សហគមន៍​អ្នក​និពន្ធ​កម្ពុជា រូប​នេះ​បន្ត​ថា គម្រោង​កម្រង​រឿង​ខ្លី​នេះ ត្រូវ​ការ​ថវិកា​ចំនួន ១.៥០០​ដុល្លារ។ ចំនួន​ថវិកា​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ចំណាយ​ថ្លៃ​បោះពុម្ព​ចំនួន ២​ពាន់​ក្បាល រៀបចំ​កម្មវិធី​សម្ពោធ​សៀវភៅ រៀបចំ​សិក្ខាសាលា​ស្ដីពី​ការ​តែង​និពន្ធ និង​រៀបចំ​កម្មវិធី​ការ​ប្រមូល​ផ្តុំ​អ្នក​និពន្ធ​កម្ពុជា«ស្នាដៃ​ដែល​យើង​ធ្វើ​កន្លង​មក គឺ​ធានា​មិន​ឲ្យ​មាន​កំហុស​អក្ខរាវិរុទ្ធ។ ខ្សែ​រឿង​មួយៗ​ថ្មី មិន​ច្រំដែល។ យើង​ឈរ​លើ​គោលការណ៍​បែប​ច្នៃប្រឌិត។ ទាំង​គម្រប​សៀវភៅ និង​គំនូរ​សៀវភៅ វា​ថ្មី និង​ឆ្លុះ​បញ្ចាំង​គំនិត​ច្នៃ​ប្រឌិត។ ប្រសិន​បើ​យើង​អាច​បោះពុម្ព​សៀវភៅ​មួយ​ដែល​មាន​គុណភាព នឹង​ជំរុញ​ឲ្យ​អ្នក​និពន្ធ​ផ្សេង​ទៀត​ធ្វើ​អ្វី​ដែល​ថ្មី ប្រកប​ដោយ​លក្ខណៈ​សមស្រប និង​គុណភាព ដើម្បី​ឲ្យ​អ្នក​អាន​ដឹង​ថា អ្នក​និពន្ធ​ខ្មែរ​ក៏​មាន​សមត្ថភាព​ច្នៃ​ប្រឌិត​ចឹង​ដែរ។ ទាំង​អ្នក​អាន និង​អ្នក​និពន្ធ​មាន​ទឹក​ចិត្ត​ចង់​កាន់​តែ​ធ្វើ​ឡើង។ បើ​សិន​ប្រិយមិត្ត​ចង់​បរិច្ចាគ អាច​បរិច្ចាគ​តាម​វីង (Wing) តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៩៣៥ ២២៣»

យុទ្ធនាការ​រៃអង្គាស​ថវិកា​នេះ នឹង​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ហើយ​សៀវភៅ​នេះ​នឹង​ដាក់​តាំង​បង្ហាញ​នៅ​ឱកាស​ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី​៥ នៅ​ខែ​ធ្នូ ខាង​មុខ។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន គាំទ្រ និង​លើក​ទឹក​ចិត្ត​ចំពោះ​គម្រោង​តែង​និពន្ធ​នេះ។ លោក​ថា ប្រធានបទ​នៃ​ប្រលោម​លោក​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​វិវឌ្ឍន៍​នៃ​សង្គម​បច្ចុប្បន្ន«ជា​រួម​ការ​តែង​និពន្ធ ជា​រឿង​ល្អ​ប្រសើរ»

គម្រោង​បោះពុម្ព​កម្រង​រឿង​ខ្លី​នេះ ជា​គម្រោង​លើក​ទី​ពីរ​ហើយ។ គម្រោង​ស្រដៀង​គ្នា​ដែល​សម្ពោធ​កាល​ពី​ឆ្នាំ​២០១៥ មាន​ឈ្មោះ​ថា «ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍» ដែល​ជា​រឿង​ប្រលោម​លោក​ខ្ចីៗ​លាត​ត្រដាង​ពី​ស្នេហា​បរាជ័យ តែ​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​រឹងមាំ និង​ឯករាជ្យ​របស់​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។