សណ្ឋាគារ​មួយ​នៅ​សៀមរាប​សម្រេច​បិទទ្វារ និង​បញ្ឈប់​បុគ្គលិក​ទាំងអស់​ដោយសារ​កូវីដ-១៩

ដោយ ជាតិ ចំណាន
2020.11.25
Le Meridien Angkor Hotel ០៧១៧២០ បុគ្គលិក​សណ្ឋាគារ ឡឺម៉េរីឌាន អង្គរ (Le Meridien Angkor) ធ្វើ​ពហិការ​មិន​ធ្វើការ ដើម្បី​ទាមទារ​ថៅកែ​ឱ្យ​ទទួល​យក​មេ​ដឹក​នាំ​ពួក​គាត់ ៣នាក់​ចូល​ធ្វើការ​វិញ កាល​ពី​ថ្ងៃ​ទី១៧ កក្កដា ។
រូប៖ ហ្វេសប៊ុក​សម្ព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា

ម្ចាស់​សណ្ឋាគារ ឡឺមេរីឌាន អង្គរ (Le Meridien Angkor) ប្រកាស​សម្រេច​បិទទ្វារ​ឈប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​ទូទាត់​ប្រាក់​ការងារ​ឲ្យ​បុគ្គលិក​ទាំងអស់​ត្រឹម​ដំណាច់ខែ​វិច្ឆិកា​នេះ ក្រោម​ហេតុផល​ថា គ្មាន​ភ្ញៀវ​ស្នាក់នៅ ក្នុងអំឡុងពេល​វិបត្តិ​ជំងឺឆ្លង​កូវីដ១៩ ។ ទោះបីជា​យ៉ាង​នេះ​ក្ដី មេដឹកនាំ​សហជីព​ការងារ ស្នើ​ដល់​អាជ្ញាធរ ចុះ​ពិនិត្យ និង​វាយតម្លៃ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​នេះ​ឲ្យ​បាន​ច្បាស់ ព្រោះថា​សណ្ឋាគារ ដែល​មាន​វិវាទ​ជាមួយ​បុគ្គលិក​ជាច្រើន​ខែ​មកនេះ ស្រាប់តែ​ប្រកាស​បិទទ្វារ​ស្ងាត់ៗ​ទៅវិញ។

តំណាង​បុគ្គលិក​សណ្ឋាគារ លោក សឿន សោម ឲ្យ​ដឹង​ថា សណ្ឋាគារ ឡឺមេរីឌាន អង្គរ ដែល​មាន​ទីតាំង​ស្ថិត​ក្រុង​សៀមរាប ខេត្ត​សៀមរាប បិទទ្វារ​ឈប់​ដំណើរការ​ហើយ បន្ទាប់ពី​ក្រុម​មេធាវី​តំណាង​ម្ចាស់​សណ្ឋាគារ​​នេះ​កោះប្រជុំ​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​ផ្ដល់​លិខិត​បញ្ចប់​កិច្ចសន្យា​ការងារ កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​ទុក​ពេល​១​ថ្ងៃ ឲ្យ​ពួកគាត់​ជូនដំណឹង​ទៅ​ភាគី​សណ្ឋាគារ​វិញ ពី​ការ​សម្រេចចិត្ត​ឈប់​ពី​ការងារ ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

លោក​បន្ត​ថា ភាគី​សណ្ឋាគារ បាន​ផ្ដល់​លិខិត​បញ្ចប់​ការងារ និង​ទូទាត់​ប្រាក់​ឲ្យ​បុគ្គលិក​ម្នាក់ៗ​ជា​លក្ខណៈ​ឯកជន ដោយ​មិន​មាន​លិខិត​ប្រកាស​បិទទ្វារ​ជា​សាធារណៈ និង​ជូនដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ ។ លោក​សង្កេត​ឃើញ​ថា បុគ្គលិក​ភាគច្រើន​ព្រម​ទទួលយក​សំណង​ហើយ​បញ្ចប់​ការងារ តាម​ភាគី​ថៅកែ ខណៈ​ដែល​សណ្ឋាគារ​មួយ​នេះ​បិទទ្វារ ដោយ​គ្មាន​ការ​ដឹងឮ និង​ត្រួតពិនិត្យ​ពី​អាជ្ញាធរ ឬ​មន្ទីរ​ការងារ​ខេត្ត​ទេ។

តំណាង​បុគ្គលិក​រូប​នេះ ខកចិត្ត​ដែល​ខាង​ម្ចាស់​សណ្ឋាគារ ដែល​មិន​បូក​បញ្ចូល​ប្រាក់​សង​ជំងឺចិត្ត ឲ្យ​បុគ្គលិក​បន្ថែម​ទៀត៖ «នៅ​មាន​ការ​មិន​អស់ចិត្ត​ច្រើន​ដែរ ប៉ុន្តែ​យើង​បាន​សិក្សា​ទៅ គាត់​ថា​ខាង​បុគ្គលិក បើ​មិន​សុខចិត្ត​នៅតែ​មាន​សិទ្ធិ​តវ៉ា ។ នៅ​ក្នុង​លក្ខខ័ណ្ឌ​នេះ យើង​សម្រេច​ចិត្ត​ថា បើ​សិន​ជា​មាន​ការ​តវ៉ា​តទៅ​ទៀត ពី​មុន​មក​ហ្នឹង ក៏​មិនទាន់​ចប់​ដែរ ។ បើ​យើង​បន្ត​ការ​តវ៉ា យើង​ចំណាយ​ពេល​ច្រើន​ទៀត ក្នុង​ការ​បញ្ចប់​រឿង​ហ្នឹង ។ មាន​ការ​សម្រេចចិត្ត​រួម​មួយ​ថា ទទួលយក​អ្វី​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ហ្នឹង»

អាស៊ីសេរី សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​សណ្ឋាគារ ឡឺមេរីឌាន អង្គរ លោក លី ប៊ុនហួរ ប៉ុន្តែ​លោក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល មាន​មន្ទិល​សង្ស័យ​ថា ក្នុង​ពេល​មាន​ជំងឺឆ្លង​នេះ សណ្ឋាគារ​អាច​យក​លេស​បិទទ្វារ ដើម្បី​បញ្ចប់​វិវាទ​ការងារ​សព្វថ្ងៃ ដោយ​ទូទាត់​ប្រាក់​ឲ្យ​បុគ្គលិក​ចាស់​ទាំង​អស់ពី​ការងារ បន្ទាប់​មក​ក៏​ចាប់ផ្ដើម​រើស​បុគ្គលិក​ថ្មី ហើយ​បើក​ដំណើរ​ជា​ធម្មតា​ឡើងវិញ នៅ​ពេល​ខាងមុខ។

លោក​យល់​ថា ការ​ប្រកាស​បិទទ្វារ​ឆាប់រហ័ស​បែបនេះ ទំនង​ជា​មាន​ចេតនា​ចង់​រំលាយ​សហជីព​មិន​ឲ្យ​មាន​ក្នុង​ក្រុមហ៊ុន​តទៅ​ទៀត ដោយសារ​រឿង​មិន​ព្រម​ទទួលយក​តំណាង​សហជីព​៣​ចូល​ធ្វើការ​វិញ ជាង​រឿង​គ្មាន​ភ្ញៀវ​ស្នាក់នៅ ចំ​ពេល​មាន​ជំងឺ​កូវីដ-១៩៖ «រឿង​ទី​១ សណ្ឋាគារ​ចង់​រំលាយ​សហជីព​ហ្នឹង​ចោល ។ រឿង​ទី​២ ក្នុង​ឱកាស​កូ​វីដ​នេះ គឺថា ដើម្បី​កុំ​ឲ្យ​ចំណាយ​លុយ​សណ្ឋាគារ​ច្រើន ទូទាត់​សំណង​ទៅ​ឲ្យ​កម្មករ ។ ក្នុង​កំឡុង​ពេល​ហ្នឹង សណ្ឋាគារ ឬក៏​ក្រុមហ៊ុន​មួយ​ចំនួន គឺ​ផ្អែក​លើក​ការ​ពន្យល់​របស់​លោក អ៊ុក ចាន់ធូ។ ក្នុង​សេចក្ដីណែនាំ លោក អ៊ុក ចាន់ធូ ពន្យល់​ហ្នឹង គឺ​មាន​ផ្ដល់​ឲ្យ​ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជូនដំណឹង​អ្វី​ទេ ។ គេ​ចង់​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​កម្មករ ។ ហើយ​យើង​មើល​ឃើញ​ថា គេ​ក៏​មិន​ចង់​គោរព​តាមច្បាប់​ស្ដីពី​ការងារ​ដែរ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ តាម​ផ្លូវ​ច្បាប់ ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរាប លោក ច័ន្ទ សុខុមចិន្តា បាន​ទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កាលពី​ខែ កក្កដា ខាង​សណ្ឋាគារ បាន​កាត់បន្ថយ​បុគ្គលិក​ពី​២០០​នាក់ មក​ត្រឹម​១៥០​នាក់ ក្នុង​នៅ​ពេល​ខ្សត់​ភ្ញៀវ​ទៅលេង​តំបន់​អង្គរ ក្នុងអំឡុងពេល​មាន​ឆ្លង​ជំងឺ​កូវីដ១៩ ។ ចាប់​តាំង​ពី​ពេលនោះ ក្រុម​បុគ្គលិក​សណ្ឋាគារ​តែងតែ​ប្រមូលផ្ដុំ​គ្នា​មុខ​សណ្ឋាគារ​ធ្វើ បាតុកម្ម​ទាមទារ​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួកគេ​៣​នាក់ ចូល​ធ្វើ​វិញ ប៉ុន្តែ​ថៅកែ​មិន​ព្រម​ទទួល​តាម​សំណើ ដោយសារ​អ្នក​ទាំង​៣ បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។

សណ្ឋាគារ ឡឺមេរីឌាន អង្គរ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ បាន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន ចាប់ពី​ឆ្នាំ​២០០៤ ហើយ​សណ្ឋាគារ​មួយ​នេះ ក៏​ជា​បុត្រ​សម្ព័ន្ធ​នឹង​សណ្ឋាគារ​ល្បីៗ​ជាង​៣០​ទៀត ដែល​មាន​ឈ្មោះ​រួម​មួយ​ថា ម៉ារីយ៉ុត (Marriott)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។