ពលរដ្ឋខ្មែរ ៤នាក់ រងរបួសស្រាល និងធ្ងន់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយ នៅមូលដ្ឋានប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងហ្គាវ (Gao) ក្នុងប្រទេសម៉ាលី។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឲ្យដឹងថា ពលរដ្ឋខ្មែរដែលរងរបួសទាំង ៤នាក់នោះ គឺជាអ្នកស៊ីឈ្នួលបំរើការងារឲ្យអង្គការសហប្រជាជាតិ ក្នុងនោះក៏មានអ្នកបកប្រែផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ថា
កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ឬហៅថាទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នោះ មិនមានគ្រោះថ្នាក់ដោយសារហេតុការណ៍នោះទេ។ លោកបន្តថា ជនរងគ្រោះខ្មែរម្នាក់ដែលរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យរបស់ចិន ក្នុងប្រទេសម៉ាលី ចំណែកអ្នករងរបួសស្រាល ៣នាក់វិញ ក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរតំបន់នោះ។
ក្រសួងការពារជាតិអះអាងថា ក្នុងហេតុការណ៍នេះ ភេរវជនម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក បានស្លាប់នៅនឹងកន្លែង និងជនជាតិម៉ាលី ២នាក់ បានស្លាប់ ព្រមទាំងមានអ្នករងរបួស ១៤នាក់ ក្នុងនោះពលរដ្ឋខ្មែរ ៤នាក់។
កាលពីខែឧសភា ឆ្នាំ២០១៧ ទាហានរក្សាសន្តិភាពមួកខៀវកម្ពុជាចំនួន ៤នាក់ ត្រូវបានក្រុមឧទ្ទាមបាញ់សម្លាប់នៅប្រទេសអាហ្វ្រិកកណ្តាល និងក្រោយមកទៀត ក៏មានកងទ័ពខ្មែររងរបួសមួយចំនួនទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។