ជំនួប​រវាង​ក្រសួង​ការ​បរទេស​និង​ស្ថានទូត​ទាំងអស់​ផ្ដោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ការងារ

ដោយ ថា កិត្យា
2016.05.05
Share on WhatsApp
Share on WhatsApp
ក្រសួង​ការ​បរទេស ស្ថានទូត ២០១៦ ៨៥៥ ជំនួប​រវាង​ក្រសួង​ការ​បរទេស និង​ស្ថានទូត​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​បេសកកម្ម​ការទូត​បរទេស​ទាំងអស់ និង​តំណាង​អង្គការ​សហប្រជាជាតិ ប្រចាំ​ក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា។

ក្នុង​ជំនួប​នោះ ពុំ​បាន​លើក​យក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ជជែក​គ្នា​ឡើយ ក្រៅ​តែ​ផ្ដោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ការងារ និង​ស្វាគមន៍​ចំពោះ​លោក ប្រាក់ សុខុន ដែល​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ប្រមាណ​មួយ​ម៉ោង​នោះ ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ប្រាក់ សុខុន និង​ប្រធាន​បេសកកម្ម​ការទូត​បរទេស​ទាំងអស់ ព្រម​ទាំង​តំណាង​អង្គការ​សហប្រជាជាតិ ប្រចាំ​ក្រុង​ភ្នំពេញ សុទ្ធតែ​បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ការងារ​ទ្វេ​ភាគី និង​ពហុ​ភាគី ព្រម​ទាំង​ពង្រឹង​ទំនាក់ទំនង​លើ​ផ្នែក​សកម្មភាព​សង្គម៖ «ក្រៅ​ពី​ទំនាក់ទំនង​ការងារ គឺ​សកម្មភាព​សង្គម​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ក្រសួង និង​ស្ថាន​បេសកកម្ម​ការទូត ក្នុង​នោះ​មាន​ដូចជា​សកម្មភាព​កីឡា និង​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​តាម​ខេត្ត​ជាដើម»

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បញ្ជាក់​ថា ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​បណ្ដា​អង្គ​ទូត​ទាំង ២៩ នេះ មិន​បាន​ពិភាក្សា​លើ​បញ្ហា​ស្ថានភាព​នយោបាយ​ដែល​មាន​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ឡើយ៖ «ឯកឧត្តម​ទេសរដ្ឋមន្ត្រី មិន​បាន​លើក​ឡើង​ពី​បញ្ហា​ហ្នឹង​ទេ ព្រោះ​ជាក់ស្តែង​ស្ថាន​បេសកកម្ម បាន​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​ស្ថាន​តំណាង​អត់​បាន​លើក​ឡើង​អំពី​បញ្ហា​ណា​មួយ ដែល​មាន​លក្ខណៈ​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា គឺ​អត់​មាន​លើក​ឡើង​ឡើយ។ ដូច្នេះ​វា​មិន​ចាំបាច់​ទៅ​លើក​ឡើង​ទៅ​លើ​បញ្ហា​ហ្នុង​ទេ»

ស្ថានភាព​នយោបាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​មាន​សភាព​តានតឹង​ឡើង​វិញ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចំនួន ៤​រូប មន្ត្រី គ..ប ១​រូប និង​ចោទ​ប្រកាន់​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ១​រូប ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ថា​រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​និយាយ​ភូត​កុហក​សមត្ថកិច្ច។

ទន្ទឹម​គ្នា​នេះ​ដែរ តំណាង​រាស្ត្រ និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន និង​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជា​បន្តបន្ទាប់​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារ​កេរ្តិ៍ និង​ពី​បទ​ពេស្យាចារ ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។