ក្រសួងអប់រំរងការរិះគន់ ថាខ្វះភាពប្រាកដ​និយម​ក្នុង​ការ​វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស

ក្រសួង​អប់រំ​រង​ការរិះគន់ ថា​ខ្វះ​ភាពប្រាក​ដនិយម ក្នុងការ​វាយតម្លៃ​លទ្ធផល​សិក្សា របស់​សិស្ស​ប្រឡង​​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ក្រោយ​​មាន​​បញ្ហា​បច្ចេ​ក​ទេស ក្នុង​ការកែ​កំណែ​វិញ្ញាសា​​​ប្រឡង ដោយ​ពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា​កុំព្យូទ័រ​នោះ​។​

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ ចាត់ទុក​ការប្រញាប់ ចេញ​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​អួត​សរសើរ អំពី​គុណភាព​ប្រធាន​វិញ្ញាសា​ប្រឡង​លំបាក​ជាង​មុន ទើប​សិស្ស​ប្រឡង​ជាប់​និទ្ទេស A B និង C ថយចុះ​ជាង​ឆ្នាំមុន ថា​ជាការ​ខ្វះ​ភាពជាក់ស្តែង និង​ផ្អែកទៅលើ​ការ​ស្មាន ជាជាង​ការពិត​។ លោក សន ជ័យ បន្ថែមថា ការធ្វើ​សេចក្តី​ស​និ្ន​ដ្ឋា​ន​ស្មានៗ​បែបនេះ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​នេះ​ផ្ទាល់ បាត់បង់​ការជឿទុកចិត្ត​ពី​ពលរដ្ឋ និង​ខូច​កិត្តិយស​យ៉ាងដំណំ​៖ «យើង​នៅតែ​មើលឃើញថា ថ្នាក់ដឹកនាំ​ត្រូវ​រៀនសូត្រ​ពីបទ​ពិសោធន៍​នេះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទ្វេ​រដង ឬ​ច្រើនដង​មុននឹង​ឲ្យ​ការចេញ​លទ្ធផល»​។​

​ភ្លាមៗ​ក្រោយ​ចេញ​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃទី៩ ខែកញ្ញា ពោលគឺ​ក្រោយ​ឃើញ​តួលេខ​សិស្ស​ជាប់​និទ្ទេស A បានតែ ២៩០នាក់ ដែល​តិចជាង​ឆ្នាំមុន រហូតដល់​ទៅជិត​ពីរដង សិស្ស​ជាប់​និទ្ទេស B បានតែ ១.៥៣២ នាក់ តិចជាង​ឆ្នាំមុន​ជិត​ពីរដង​ដែរ ឯ​សិស្ស​ជាប់​និទ្ទេស C បាន ៤.៦៣១ តិចជាង​ឆ្នាំមុន ប្រហែល​ជិត ៤០០ នាក់​នោះ ស្រាប់តែ​ក្រសួង​អប់រំ ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថា​មូល​ហេតុដែល​បេក្ខជន​ទទួលបាន ​និទ្ទេស A B និង C ធ្លាក់ចុះ​បែបនេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ ក្រសួង​បាន​បង្កើន​ស្តង់ដា​រ​ប្រធាន​វិញ្ញាសារ​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​។

ប៉ុន្តែ ក្រោយ​ការផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង ពី​សិស្ស​ប្រឡង​បាក់​ឌុប​ជាច្រើន​ក្រុម មកពី​ខេត្ត​ផ្សេងៗ​គ្នា ដែល​បាននាំគ្នា​មក​តវ៉ា នៅមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​​រាជធានី​ភ្នំពេញ ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ព្រោះ​មិន​ពេញ​ចិត្តនឹង​ភាពមិនប្រក្រតី នៃ​លទ្ធផល​ប្រលង​របស់​ពួកគាត់ ទើប​ក្រសួង​ពិនិត្យ​​កំណែ​វិញ្ញាសាប្រឡង​ឡើងវិញ ក៏​រកឃើញ​តួលេខ​ថ្មី ដែល​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A តាមពិត​មាន​ចំនួន ៤០៨នាក់ ដែល​ប្រហាក់ប្រហែល​នឹង​ចំនួន​សិស្ស​ជាប់​និទ្ទេស A កាលពី​ឆ្នាំ ២០១៧ ដែរ​។ ចំណែកឯ​សិស្ស​ជាប់​និទ្ទេស B គឺមាន​ចំនួន ២.២២២ ដែល​តិចជាង​ឆ្នាំ២០១៧ តែ​ជាង​ពីរ​រយ​នាក់ (២៤២)​។ ចំណែកឯ​អ្នក​ជាប់​និទ្ទេស C ឆ្នាំនេះ មាន​ចំនួន​កើន​លើស​ឆ្នាំមុន​រហូតដល់​ទៅជា​មួយ​ពាន់​នាក់ (១.០៤១)​។​

លទ្ធផល​ថ្មី ដែល​ក្រសួង​អប់រំ អះអាងថា​បាន​ផ្ទៀ​ត​ផ្ទាត់​ត្រឹមត្រូវ ក្រោយ​​មាន​​កំហុស​បច្ចេកទេស​កុំ​ព្យូ​រ​ទ័​រ​នោះ គឺ​មិន​ដូច​ទៅនឹង​សេចក្តីប្រកាស​ព័ត៌មាន​ដំបូង ដែល​ក្រសួង​អះអាង​ភ្លាមៗ ថា​មូល​ហេតុដែល​បេក្ខជន​ទទួលបាន​និរទ្ទេស A B និង C ធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ ក្រសួង​បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​នោះ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​អប់រំ មិនបាន​បកស្រាយ​បំភ្លឺ​អ្វី​នោះដែរ ជុំវិញ​ការប្រញាប់​វាយតម្លៃ​ដោយ​ស្មានៗ ដែលថា​ចំនួន​សិស្ស​ជាប់​និទ្ទេស​ល្អ​តិចជាង​មុន គឺ​មកពី​វិញ្ញាសា​ប្រឡង​ខ្លាំង​ជាង​មុន​នោះ ទោះបីជា​ក្រសួង​កាលពី​ថ្ងៃទី១៣ ខែ កញ្ញា បាន​រកឃើញថា តួលេខ​ដែល​ក្រសួង​យកមក​ធ្វើជា​សម្អាង ក្នុងការ​វាយតម្លៃ​សមត្ថភាព​សិស្ស​នេះ គឺ​ផ្អែកទៅលើ​លទ្ធផល​មិន​ត្រឹមត្រូវ​នោះ​ក៏ដោយ​។​

​លោក សន ជ័យ ចាត់ទុក​ការមិន​បកស្រាយ​ឲ្យ​អស់​ចម្ងល់​នេះ គឺជា​ការខ្វះ​ការទទួលខុសត្រូវ ចំពោះ​ពលរដ្ឋ​ទូទៅ​។ លោក​ថា ប្រសិន​ក្រសួង​នៅតែ​មិន​បំ​ភឺ្ល និង​មិន​ពន្យល់​ឲ្យ​បានច្បាស់លាស់ មតិ​ទូទៅ​នឹង​នៅតែមាន​មន្ទិល ទៅលើ​សុចរិត​ភាព​របស់​ក្រសួង​នេះ៖ «​គួរតែមាន​ការបំភ្លឺ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ​។ ពលរដ្ឋ​នៅមាន​មន្ទិល និង​​ការលើក​ហេតុផល​មួយចំនួន ដែល​ប៉ះពាល់​ដល់​គុណភាព នៃ​លទ្ធផល​លើក​ទី​ពីរ​នេះ​»​។​

​ផ្ទុយទៅវិញ ក្រោយ​ឃើញ​​លទ្ធផល​​ថ្មី ដែល​​ផ្ទុយ​​ពីអ្វី​ដែល​ក្រសួង​យកមក​អះអាង ក្នុងការ​វាយតម្លៃ​ពីមុន អ្នកនាំពាក្យ​​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី ក៏​ប្រញាប់​សន្និដ្ឋាន​មួយ​ថ្មី​ភ្លាម​ទៀត​ដែរ ដោយ​ថា​សិស្ស​ជាប់​និទ្ទេស​ល្អ បន្ថែម​បែបនេះ គឺ​មួយផ្នែក​គឺ​ដោយសារ​គុណសម្បត្តិ​របស់​ក្រសួង​អប់រំ​ដែរ៖ «បើ​យើង​មើល​ក្នុង​ផ្លូវ​វិជ្ជមាន ការកើនឡើង​នេះ បង្ហាញ​ឲ្យ​ឃើញ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង និង​សិស្ស​»។​

​លទ្ធផល​ប្រឡង​បាប់​ឌុប​ឆ្នាំ​២០១៨ នេះ ត្រូវ​ក្រសួង​អប់រំ​ប្រកាស​មុន​កាលបរិច្ឆេទ ដែល​​កំណត់​យក​ថ្ងៃទី​១១ និង​ទី​១២ ខែ​កញ្ញា ត្រូវ​ប្ដូរ​មក​ថ្ងៃទី​៩ និង​ទី​១០ កញ្ញា​វិញ ដោយ​អះអាងថា ដំណើរ​ការកែ ការ​ស្រង់ បូក​ពិន្ទុ នឹង​ការផ្ទៀងផ្ទាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​នៃ​ក្រសួង​អប់រំ។​

ភាព​ប្រញាប់ប្រញាល់ ក្នុងការ​ប្រកាស​លទ្ធផល​ប្រឡង នៅមុន​កាលកំណត់ ដោយ​មិន​រង់ចាំ​ការពិនិត្យ​ឲ្យ​បានច្បាស់លាស់​សិន​បែបនេះ លោក សន ជ័យ ចាត់ទុកថា​ជា​បទពិសោធន៍​ដ៏​អាក្រក់​បំផុត និង​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ស្ថាប័ន​ជាតិ​មួយ​នេះ​ទាំងមូល៖ «ការចេញ​លទ្ធផល​លឿន​មុន​ផែនការ​កំណត់ មិនមែនជា​មោទនភាព​ទេ ប៉ុន្តែ ការ​ផ្ទៀ​ត​ផ្ទាត់​ម៉ត់ចត់ ទើប​ជា​មោទនភាព​»​។​

​ដោយសារ​កំហុសឆ្គង ក្នុងការ​ស្រង់​ពិន្ទុ​បេក្ខជន​ប្រឡង ធ្វើ​ឲ្យ​សិស្ស​ជិត​មួយ​ពាន់​នាក់ (៩៧៥) ដែល​ធ្លាក់​ប្រកាសថា​ធ្លាក់​ពីដំបូង បាន​ជាប់​វិញ​។ ចំណែកឯ​សិស្ស​ជាប់​និទ្ទេស C D និង E បាន​កើនឡើង​ពីមួយ​ពាន់ រហូតដល់​ប្រាំមួយ​ពាន់​នាក់​។ ទោះជា​យ៉ាងនេះ​ក្តី សិស្ស​ខ្លះ​ពេញចិត្ត សិស្ស​មួយចំនួនទៀត ក៏​នៅតែ​មិនទាន់​ពេញចិត្ត ទៅនឹង​លទ្ធផល​ថ្មី​នេះដែរ​។​

​បើទោះជា​លទ្ធផល​ចុងក្រោយ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​១៤ កញ្ញា ម្សិលមិញ​នេះ​ក្តី ប៉ុន្ដែ អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​បូ​លី បញ្ជាក់ថា បេក្ខជន​ប្រលង​បាក់​ឌុប នៅតែ​អាច​ទៅប្ដឹង​តវ៉ា​លទ្ធផល​រប​ស់​ខ្លួន​បាន​គ្រប់មុខ​វិជ្ជា ព្រោះ​គោលការណ៍​ច្បាប់ បាន​ទុក​រយៈពេល​ឲ្យ​ប្ដឹង​៣០​ថ្ងៃ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​៕