សង្គមស៊ីវិលលើកឡើងថា របបក្រុងភ្នំពេញគួរមានវិធានការបន្ថែមជុំវិញករណីពុលស្រាសនៅខេត្តក្រចេះ
2018.10.24

សង្គមស៊ីវិលលើកឡើងថា របបក្រុងភ្នំពេញគួរមានវិធានការបន្ថែម ដើម្បីទប់ស្កាត់ការពុល និងឈានដល់ស្លាប់បាត់បង់ជីវិត ដែលតែងកើតឡើងម្តងហើយម្តងទៀត នៅខេត្តក្រចេះ បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងមានអាការៈពុល។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ ខែតុលាថា របបក្រុងភ្នំពេញគួរគិតគូលើវិធានការចំនួន៣ ដែលចាំបាច់សម្រាប់បង្ការ និងជួយដល់ពលរដ្ឋពីការពុល៖ «គឺប្រព័ន្ធអន្តរាគមន៍បន្ទាន់ តាមរយៈភ្នាក់ងារ ផ្តល់សេវាសុខភាពដូចជាមណ្ឌលសុខភាព ត្រូវរៀបប្រព័ន្ធមួយ ដើម្បីជួយ។ ទីពីរគឺត្រូវឱ្យពលរដ្ឋមានការយល់ដឹង អំពីការថែទាំសុខភាព ជាពិសេសការបង្ការខ្លួនពីការពុល ពីព្រោះអីប្រជាពលរដ្ឋយើងសព្វថ្ងៃ មិនត្រឹមតែខេត្តក្រចេះទេ សូម្បីខេត្តផ្សេងៗទៀត ការរស់នៅរបស់គាត់ហ្នឹង ស្ថិតនៅក្នុងភាពងាយរងគ្រោះខ្លាំងណាស់ ជាពិសេសទាក់ទងនឹងចំណីអាហារជាដើម។ បញ្ហាទីបី រដ្ឋត្រូវមានវិធានការជួយបន្ទាន់ ដូចជាមធ្យោបាយដឹកជញ្ជូន មធ្យោបាយប្រើប្រាស់ថ្នាំការពារដើម្បីកុំអោយឈានដល់ការពុល»។
លោក សន ជ័យ បន្ថែមថាករណីពុលនៅ ខេត្តក្រចេះនេះ គឺជាបទពិសោធន៍មួយដែល ឆ្លុះបញ្ចាំងឱ្យឃើញថា វិធានការរបស់របបក្រុងភ្នំពេញមិនទាន់ត្រូវបានកែលម្អនៅឡើយ។ លោកបានហៅខេត្តក្រចេះ ថាជាខេត្តដែលងាយរងគ្រោះ ក្នុងការពុលរហូតដល់ស្លាប់នេះ។
ចាប់តាំងពីថ្ងៃទី១៩ ខែតុលា អាជ្ញាធរខេត្តបានរាយការណ៍ថាមានអ្នកស្លាប់ ៥នាក់ និងពលរដ្ឋមានអាការៈពុល ៧៨នាក់។ ប៉ុន្តែពលរដ្ឋនៅមូលដ្ឋានអះអាងប្រាប់អាស៊ីសេរីថា មានអ្នកស្លាប់រហូតដល់ទៅ ៦នាក់។
បន្ទាប់ពីមជ្ឈមណ្ឌលពិសោធន៍ឧស្សាហកម្មកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី២០ ខែតុលា បានរកឃើញថា ក្នុងជាតិស្រាមានជាតិមេតាណុលខ្ពស់ មន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្តក្រចេះនៅថ្ងៃទី២៤ ខែតុលា បានសម្រេចផ្អាកអាជីវកម្មផលិតស្រាសជាងបួនរយកន្លែង នឹងឈានដល់ការបិទអាជីវកម្មផលិតស្រាសនេះបន្ថែមទៀត ដែលមានប្រមាណ ៧៦១ ទីតាំង។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដីរបស់ប្រធានមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្តក្រចេះ លោក នី ឆុន បញ្ជាក់ថា ការផ្អាកអាជីវកម្មផលិតស្រាសទាំងនេះ ដោយយោងទៅលើករណីពុលស្រាសនៅខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែតុលា។ លោកបន្ថែមថា ចំពោះការផ្ដល់លិខិតអនុញ្ញាតឱ្យបើកដំណើរការវិញ អាចធ្វើទៅបាន ឬយ៉ាងណានោះ លុះត្រាតែអាជីវកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយមន្ត្រីជំនាញ និងស្របតាមលក្ខណៈបច្ចេកទេស។
ទោះយ៉ាងណា លោក សន ជ័យ យល់ថា នេះគ្រាន់តែជាវិធានការដំបូងប៉ុណ្ណោះ។ លោកថារបបក្រុងភ្នំពេញគួរយកខេត្តនេះជាគោល ដើម្បីធ្វើការស្រាវជ្រាវដើម្បីបង្ការកុំឱ្យករណីនេះ នៅតែបន្តកើតមាននៅកម្ពុជា៖ «អ៊ីចឹង! ខ្ញុំយល់ថាការកសាងមេរៀន សម្រាប់បង្ការភាពងាយរងគ្រោះនេះ វាគួរតែត្រូវបានកំណត់គោលដៅយកខេត្តក្រចេះហ្នឹងមុនគេ ហើយបើមានការពុលស្លាប់ក្នុងទម្រង់ដដែលហ្នឹង ហើយមិនមានវិធានការអីទេ ខ្ញុំគិតថានេះជាការមិនរីកចម្រើនក្នុងការបង្ការ ប្រជាពលរដ្ឋពីការពុល រហូតឈានដល់ការស្លាប់នេះដែរ«។
ទោះយ៉ាងណា បុរសម្នាក់ ដែលជាម្ចាស់សិប្បកម្មផលិតស្រាស លោក កុច សុខហេង វ័យ ៣១ឆ្នាំ ត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួន ក្រោមបទមនុស្សឃាតដោយអចេតនា កាលពីថ្ងៃទី២២ ខែតុលា។
លោក សន ជ័យ ស្នើសុំដល់របបក្រុងភ្នំពេញឱ្យពិនិត្យលើវត្ថុធាតុដើមសម្រាប់ផលិតស្រា ដែលគេនាំចូលមកពីប្រទេសវៀតណាម។ លោកថាប្រសិនបើមានការសង្ស័យថា វត្ថុធាតុដើមសម្រាប់ផលិតស្រា នាំចូលពីប្រទេសវៀតណាមនេះ មានចំណុចគួរឱ្យសង្ស័យនោះ ត្រូវផ្អាកការនាំចូល ដើម្បីកុំឱ្យករណីពុលស្រានេះ កើតមានឡើងតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។