ពលរដ្ឋរិះគន់ស្លាកហាងលក់ដូររបស់ចិនជាច្រើនកន្លែងនៅប៉ោយប៉ែតមិនដាក់អក្សរខ្មែរ
2018.05.10

ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរខេត្តនេះ ថា មិនអើពើអំពីជនជាតិចិនដាក់ស្លាកយីហោជាអក្សរចិន គ្មានអក្សរខ្មែរ បើកហាងលក់ដូរយ៉ាងអនាធិបតេយ្យនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យថា មិនទាន់ទទួលដំណឹងជុំវិញបញ្ហានេះនៅឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តនឹងការដាក់ស្លាកយីហោជាអក្សរបរទេសនេះ ថាជាការមើលងាយមើលថោក និងធ្វើឲ្យខូចមុខមាត់របស់ប្រទេសជាតិ។ ច្បាប់តម្រូវឲ្យស្លោកសញ្ញាមានអក្សរខ្មែរ ហើយអក្សរបរទេសត្រូវនៅពីក្រោម។
ប្រជាពលរដ្ឋលោក ស្មោញ ភក្ដី ឲ្យដឹងនៅថ្ងៃទី១០ ឧសភា ថា ជនជាតិចិនមករស់នៅក្រុងប៉ោយប៉ែតកាន់តែច្រើន ហើយអ្នកខ្លះបើកបនល្បែងតាមប្រព័ន្ធអ៊ីនធឺណិត និងខ្លះទៀតបានបើកហាងលក់ដូរចំណីអាហារ។ លោក ស្មោញ ភក្ដី អះអាងទៀតថា ក្នុងនោះមានហាងជាច្រើនកន្លែងតាមមាត់អូរព្រំដែនថែមទាំងបានសរសេរស្លាកយីហោ ជាអក្សរចិនទាំងអស់ ដោយពុំមានអក្សរខ្មែរសូម្បីតែមួយពាក្យក៏គ្មានដែរ៖ «ព្រោះគេគិតថាហាងរបស់គេនឹងសម្រាប់ជនជាតិចិនដូចគ្នា បានជាគេមិនបានដាក់ភាសាខ្មែរ។ ក្នុងនាមខ្ញុំក៏ដូចជាប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតតែងរិះគន់បញ្ហាតាមហ្វេសប៊ុកដែរ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលអ្វីទេ គឺហាងរបស់ជនជាតិចិននៅដដែល»។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបន្ទាយមានជ័យ លោក យង់ កាំងកួយ មានប្រសាសន៍ថា អាជ្ញាធរមិនអនុញ្ញាតឲ្យជនបរទេសដាក់ស្លាកយីហោ ជាអក្សរចិននោះទេ ក៏ប៉ុន្តែលោកថាដោយសារមួយរយៈចុងក្រោយនេះលោកពុំបានទៅក្រុងប៉ោយប៉ែត ទើបធ្វើឲ្យមានការឆកល្វែងមិនបានទប់ស្កាត់លើរឿងនេះ៖ «រឿងនឹងតាមគោលការណ៍មិនត្រូវទេ ប៉ុន្តែចាំខ្ញុំនឹងទៅពិនិត្យមើលជាក់ស្ដែងសិន។ ចំពោះវិធានការណ៍ មានតែយើងណែនាំឲ្យគេធ្វើតាមច្បាប់របស់ខ្មែរវិញ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ធគា លើកឡើងថា ការធ្វើបែបនេះ ជាការធ្វើអោយអាប់ឱនដល់កិត្តិយសរបស់ប្រទេសជាតិយ៉ាងខ្លាំង។ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ទៀតថា រឿងនេះដោយសារអាជ្ញាធរពាក់ព័ន្ធខ្វះការយកចិត្តទុកដាក់ ដើម្បីការពារប្រយោជន៍ជាតិនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង៖ «នេះជាអ្វីដែលយើងមើលឃើញគឺអីចឹង ព្រោះការគ្រប់គ្រងការទទួលខុសត្រូវចំពោះអាជ្ញាធរដែននីមួយៗ ទាក់ទងទៅលើជនអន្តោប្រវេសន៍ និងសណ្ដាប់ធ្នាប់ ថាតើត្រូវយកចិត្តដាក់ប៉ុនណា? ហើយនាំមកមានច្បាប់ត្រឹមត្រូវ ឬអត់ នឹងទើបគេហៅថាការគ្រប់គ្រងមនុស្ស ដល់តែចិនគេលែងពេញទឹកពេញដីទៅ ខ្មែរយើងមិនថាឈ្មោះអីហើយកន្លែងណាទេ សូម្បីតែជនជាតិខ្លួនមករកជនជាតិគ្នាគេនៅនឹង ក៏យើងអត់មានឈ្មោះនៅនឹងផង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ប្រកាសឲ្យពលរដ្ឋកុំព្រួយបារម្ភ ថា ជនជាតិចិនដណ្ដើមការងារខ្មែរ។ លោកថា ចិនមកកម្ពុជាជាលក្ខណៈបណ្ដោះអាសន្ននោះទេ ពួកគេនឹងវិលត្រឡប់ទៅស្រុកវិញ នៅពេលចប់ការងារ។ សព្វថ្ងៃជនជាតិចិននៅក្រុងប៉ោយប៉ែត មានប្រមាណពី ៣ពាន់ ទៅ៥ពាន់នាក់ ដែលភាគច្រើនស្ថិតនុងវ័យចន្លោះពី២០ ទៅ៥០ឆ្នាំ ហើយជាទូទៅពួកគេតែងជួលអាគាររបស់លោកឧកញ៉ា កុកអាន នៅជាប់កាស៊ីណូជាប់ព្រំដែនកម្ពុជាថៃ ដើម្បីស្នាក់នៅ។ មន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅក្រុងប៉ោយប៉ែតអះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃកំណើនជនជាតិចិនមកនៅក្រុងមួយនេះកាន់តែច្រើនឡើង ហើយបានដណ្ដើមការងាររបស់ពលរដ្ឋខ្មែរ ព្រោះពួកគេបានទិញអាគារ និងហាងលក់ដូរដែលធ្លាប់មានបុគ្គលិកខ្មែរបម្រើការងារនៅទីនោះ យកទៅគ្រប់គ្រង និងបើកធ្វើជាអាជីវកម្មដោយខ្លួនឯង ហើយជ្រើសរើសបុគ្គលិកភាគច្រើនជាជនជាតិចិនទៀតផង៕