មតិ​ពលរដ្ឋ​ជុំវិញ​ខួប​មួយ​ខែ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី

ដោយ ខែ សុណង
2016.08.10
ហុង លី ២០១៦ ៨៥៥ យុវជន ហុង លី ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នា​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

ថ្ងៃ​ទី​១០ សីហា គឺ​ជា​ខួប​គម្រប់ ៣០​ថ្ងៃ​នៃ​ការ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី នៅ​ឯ​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ។ ករណី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា ជុំវិញ​ករណី​ឃាតកម្ម​នេះ។

សម្រែក​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​ចាប់​តាំង​ពី​ឃាតកម្ម​កើត​ឡើង រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ដែល​មាន​គម្រប់​មួយ​ខែ​គត់។

បុរស​វ័យ​ចំណាស់​មួយ​រូប​ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​តុ​កាហ្វេ​ក្នុង​ស្ដារ​ម៉ាត កាល់តិច បូកគោ ជា​ទី​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​ជា​ពលរដ្ឋ​មក​ពី​ខេត្ត​កណ្ដាល។ មូលហេតុ​ដែល​លោក​មក​ទីនេះ ដោយសារ​លោក​ចង់​ដឹង​ទី​ដែល​លោក​បណ្ឌិត រង​ទុក្ខ​ទារុណ​ដល់​បាត់បង់​ជីវិត​ដោយ​គ្រាប់​កាំភ្លើង​ដោយសារ​បុព្វហេតុ​ជាតិ ដោយ​ព្រោះ​តែ​ហ៊ាន​និយាយ​ការ​ពិត។ នៅ​ពេល​ផ្ដល់​សម្ភាស លោក​ថ្លែង​ដោយ​ប្រយ័ត្នប្រយែង​ថា លោក​មាន​ក្ដី​ស្រណោះ​នឹក​អាណិត និង​ស្រឡាញ់​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី ជា​ពន់ពេក។ ជាង​នេះ​ទៅ​ទៀត លោក​ពេញ​ចិត្ត​នូវ​យុទ្ធនាការ ១០០​រាត្រី​របស់​គាត់៖ «ថ្ងៃ​នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​មក​ដល់​ទី​នេះ​កន្លែង​គាត់​ហូប​ហ្នឹង។ ខ្ញុំ​មក​នេះ​រំលឹក​នូវ​វីរភាព​របស់​គាត់​ដែល​គាត់​ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ។ ខ្ញុំ​ពេញ​ចិត្ត ខ្ញុំ​សរសើរ​អស់​ពី​ដួង​ចិត្ត​ដល់​វីរភាព​របស់​គាត់​បាន​ខ្ញុំ​សុខចិត្ត​មក​ទី​នេះ ព្រោះ​ខ្ញុំ​មនុស្ស​ចាស់​ចូលចិត្ត​កាហ្វេ ហើយ​គាត់​កាហ្វេ​ដែរ កាហ្វេ​គឺ​ជា​ការ​ពិភាក្សា​គ្នា ដើម្បី​រក​ភាព​អភិវឌ្ឍន៍»

អង្គុយ​ក្នុង​ស្តារ​ម៉ាត​កាល់តិច​នេះ​ដែរ យុវជន ហុង លី វ័យ ២៣​ឆ្នាំ ថ្លែង​ថា គាត់​នៅ​តែ​បន្ត​តាមដាន​ករណី​នេះ៖ «ខ្ញុំ​ចេញ​ពី​ធ្វើការ​មក​ខ្ញុំ​ជិះ​កាត់​ហ្នឹង មក​ទិញ​អី​ញ៉ាំ​សម្រាក​បន្លិច​ហើយ​ក៏​ចេះ​តែ​ចង់​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង ថា​កន្លែង​ហ្នឹង​មាន​ការ​ប្រែប្រួល​អី​ម៉េចៗ​ហើយ។ ក្នុង​នាម​ជា​យុវជន​ម្នាក់​ដែរ​គ្រាន់​តែ​ថា ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជាក់លាក់​គាត់​ជា​វីរបុរស​ដែល​មាន​សមត្ថភាព​គាត់​មាន​ចំណេះដឹង​ច្រើន»

ពលរដ្ឋ​នៅ​ខណ្ឌ​ចំការមន លោកស្រី ច្រឹក យឿន ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung
ពលរដ្ឋ​នៅ​ខណ្ឌ​ចំការមន លោកស្រី ច្រឹក យឿន ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

ចំណែក​ស្ត្រី​វ័យ ៧៣​ឆ្នាំ​មួយ​រូប លោកស្រី ច្រឹក យឿន ជា​ពលរដ្ឋ​នៅ​ខណ្ឌ​ចំការមន មាន​ទស្សនៈ​ថា លោកស្រី​ធ្លាប់​ស្គាល់ និង​ចូលរួម​ស្ដាប់​លោក​បណ្ឌិត កែម ឡី និយាយ​ដោយ​ផ្ទាល់​នៅ​ក្នុង​សិក្ខាសាលា​ជា​ញឹកញាប់ ដោយ​បាន​អប់រំ និង​ផ្ដល់​ចំណេះ​ដឹង​ដល់​យុវជន។ លោកស្រី​រំឭក​ថា គាត់​រន្ធត់​ចិត្ត​នឹក​ស្មាន​មិន​ដល់​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត។ អ្វី​ដែល​សោកស្ដាយ​បំផុត គឺ​ចំណេះ​វិជ្ជា​ដែល​បាន​បាត់បង់​ទៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី។ មក​ដល់​ពេល​នេះ លោកស្រី​មិន​សង្ឃឹម​សោះ​ថា តុលាការ​កម្ពុជា នឹង​ផ្ដល់​យុត្តិធម៌​ក្នុង​ករណី​ឃាតកម្ម​នេះ៖ «មួយ​ខែ​គត់​គ្មាន​ឃើញ​អី​សោះ គឺ​ប៉ុន្មាន​នាក់​មក​ហើយ​គឺ​ចាំ​តែ​មើល​រហូត​តាំង​ពី ពិសិដ្ឋ ពិលីការ ជា វិជ្ជា ឈុត វុទ្ធី អ្នក​អស់​ទាំង​នោះ​គឺ​ស្លាប់​នៅ​ក្នុង​ព្រៃ ជា វិជ្ជា ក៏​នៅ​នេះ ហើយ​លោក​តា សម ប៊ុនធឿន ក៏​គ្មាន​ឃើញ​អ្វី​ទាំង​អស់ ដល់​លោក កែម ឡី នេះ​កណ្ដាល ហើយ​នៅ​ក្នុង​ម៉ាត (Mart) ក៏​គេ​រក​អី​មិន​ឃើញ​ទេ និយាយ​ទៅ​ខ្ញុំ​អាណិត​កូន​ខ្មែរ​ណាស់។ ខ្ញុំ​និយាយ​តឹង​ទ្រូង​ណាស់ មិន​គួរ​ណា​ខ្មែរ​គេ​ធ្វើ​បាប​ខ្មែរ​របៀប​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ទេ ធ្វើ​បាប​គ្រប់​កន្លែង​កាលៈទេសៈ​ទាំង​អស់ គឺ​ខ្ញុំ​កើត​ទុក​នឹង​រឿង​ជាតិ កើត​ទុក​ទី​២ រឿង​ប្រជាជន​យំ​ស្រែក ដោយ​សារ​រឿង​ដី រឿង​ធ្លី ហើយ​សម្លាប់​មនុស្ស​ដោយ​អយុត្តិធម៌ ខ្ញុំ​ឈឺ​ចាប់​ណាស់»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​មួយ​រូប​ទៀត​រស់នៅ​រាជធានី​ភ្នំពេញ គឺ​លោកស្រី អ៊ា សម័យ បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី៖ «យល់​បាន​ជួប​និង​យល់​ឲ្យ​បាន​ច្បាស់លាស់​ថា រក​យុត្តិធម៌​ឲ្យ​គាត់​បាន ខ្ញុំ​អរ​ណាស់ ប្រជាជន​ស្រលាញ់​គាត់ អាណិត​គាត់ ខ្ញុំ​ទៅ​ដល់​ផ្ទះ​គាត់​គាត់​អត់​មាន​អី​ទេ។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក ខ្ញុំ​អត់​មាន​ឃើញ​អី​ក្នុង​ផ្ទះ​គាត់​សោះ គាត់​ហ្នឹង​គឺ​ថា ស្រលាញ់​ជាតិ ស្រលាញ់​ទឹក​ដី​ណាស់ អត់​មាន​លោភលន់​ទ្រព្យ​សម្បត្តិ​អី​ទេ»

លោកស្រី អ៊ា សម័យ ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung
លោកស្រី អ៊ា សម័យ ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

ដោយ​ចង់​ឃើញ​ពន្លឺ​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី ស្ត្រី​អ្នក​លក់​ដូរ​នៅ​លើ​ដង​វិថី​សុធារស ដែល​អះអាង​ថា​គាត់​បាន​ចូលរួម​ដេញ​ជន​សង្ស័យ​ដែល​បាន​រត់​កាត់​វិថី​នេះ​ជាមួយ​ពលរដ្ឋ​ដទៃ​ដែរ គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព៖ «ពេល​ដឹង​ថា បាញ់​គាត់​បង​រន្ធត់​មែន​ទែន! ព្រោះ​អី​គាត់​អ្នក​វិភាគ​ល្អ​នៅ​ស្រុក​ខ្មែរ​យើង​នេះ គាត់​អត់​ខ្លាច​ទេ គឺ​និយាយ​តែ​ការ​ពិត។ ស្ដាយ​គាត់ អាណិត​គាត់ ចង់​ឲ្យ​ប៉ូលិស​បង្ហាញ​កាំម៉េរ៉ា​សុវត្ថិភាព​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​បាន​ដឹង ចង់​ឲ្យ​ដឹង​ថា នរណា​អ្នក​បាញ់​រក​ឃាតក​ពិត»

ជុំវិញ​ពន្លឺ​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ចាន់ ចរិយា ដែល​និយម​ទៅ​ទទួល​ទាន​កាហ្វេ និង​តែង​ជួប​មុខ​លោក កែម ឡី នៅ​ស្តារ​ម៉ាត​នេះ ពុំ​មាន​សង្ឃឹម​សោះ​ឡើយ​ថា​នឹង​មាន​យុត្តិធម៌៖ «ខ្ញុំ​គិត​ថា បើ​ទាមទារ​រក​យុត្តិធម៌​គឺ​វា​អត់​មាន​ទេ​សម្រាប់​គាត់ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​មាន​តែ​យើង​ធ្វើ​យ៉ាង​ណា​បំពេញ​បំណង​របស់​គាត់​ដែល​គាត់​បាន​ធ្វើ​កន្លង​មក អ្វី​ដែល​សំខាន់​គឺ​ចង់​ឲ្យ​ខ្មែរ​យើង​សាមគ្គី​គ្នា»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពួក​គាត់​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ និង​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​អាច​ផ្ដល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី និង​គ្រួសារ​លោក​បណ្ឌិត​នោះ​ឡើយ ដោយសារ​ករណី​មុនៗ សមត្ថកិច្ច​នៅ​មិន​ទាន់​វែក​មុខ​ជន​ល្មើស និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​សិល្បករ មេ​ដឹកនាំ​សហជីព និង​សកម្មជន​បរិស្ថាន ឃើញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។