មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​ពុក​រលួយ

0:00 / 0:00

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​គល់​ស្ពាន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រកាន់​បក្ខពួក​និយម​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប ដោយ​ឲ្យ​ក្រុម​ខ្សែ​រយៈ​របស់​ខ្លួន ឲ្យ​ចូល​ទៅ​ដឹក​ម៉ូយ​បាន​ដោយ​សេរី ហើយ​រារាំង​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ដទៃ។

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ចាត់​ចែង​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្ដុំ​គល់​ស្ពាន​ប៉ោយប៉ែត ឲ្យ​មាន​ឱកាស​ដឹក​ភ្ញៀវ​បាន​ស្មើ​ភាព​គ្នា ដើម្បី​រក​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​រៀងៗ​ខ្លួន។

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ថ្លែង​នៅ​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ក្រុម​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ម្ដុំ​គល់​ស្ពាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​យក​លុយ​ពី​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ៣០០​បាត ឬ​ប្រមាណ ៣​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​ខែ ដើម្បី​ជា​ថ្នូរ​បាន​ចូល​ទៅ​ដឹក​មនុស្ស​នៅ​ម្ដុំ​គល់​ស្ពាន​នោះ​ប្រចាំ​ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ទាំង​នោះ ថែម​ទាំង​ប្រកាន់​បក្ខពួក​និយម ដោយ​ជ្រើស​តែ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ណា​ដែល​ជា​បក្ខពួក​របស់​ខ្លួន។ ចំណែក​ឯ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ដទៃ បើ​ទោះ​ជា​ចង់​ក៏​មិន​អាច​ចូល​ដឹក​ភ្ញៀវ​បាន​នោះ​ទេ។

ក្រុម​អ្នក​រត់​ម៉ូតូ​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​បាន​ចូល​ទៅ​ដឹក​ម៉ូយ​នៅ​ម្ដុំ​គល់​ស្ពាន យ៉ាង​ហោច​ណាស់​ក៏​អាច​រក​ប្រាក់​កម្រៃ​ប្រមាណ​ពី ៥​ម៉ឺន​ទៅ ១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ៖ «ពិបាក​រក​មិន​បាន គេ​មាន​បក្ខពួក​រក​ម៉ា​ថ្ងៃ​បាន​ដល់​ម៉ា​ពាន់​បាត​ទៅ ៥០០​បាត ៧០០​បាត។ ខ្ញុំ​គ្មាន​បក្ខពួក ចូល​កន្លែង​ហ្នឹង​ចូល​មិន​បាន មាន​ម៉ូយ​ណា​ដឹក ម៉ា​ថ្ងៃ​បាន ២​ម៉ឺន មិន​រួច​ហូប​បាយ​ចាក់​សាំង សល់​មួយ​ម៉ឺន​ប៉ុណ្ណឹង។ បង​ឯង​គិត​មើល ជាពិសេស​អា​ប៉ូលិស​កន្លែង​នេះ​ដេញ។ ឥឡូវ​ចូល​ទៅ​ដេញ ឥឡូវ។ គេ​គ្រាន់​តែ​ក្រឡេក​ឃើញ​គេ​ដើរ​ដេញ ឃើញ​ទេ ជាក់ស្ដែង​ម៉ូតូ​ឃើញ​ទេ​នោះ​ពី​ឆត្រ​ទៅ​បាទ ពី​ឆត្រ​ទៅ ពួក​ហ្នឹង​ដេញ​ដែរ ប៉ុន្តែ​ទៅ​ដល់​ក្បាល​ស្ពាន​គេ​មិន​ដេញ​ទេ ដោយសារ​ពួក​ហ្នឹង​គេ​បង់​ឲ្យ​អ៊ីចឹង។ បង់​ខែ​ហ្នឹង​បង់​ខែ​ឲ្យ​អ្នក​ណា​បង់​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​លើ​ករណី​នេះ​ឡើយ។ ចំណែក​មន្ត្រី​ប៉ូលិស​ប្រចាំ​ការ​នៅ​គល់​ស្ពាន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ ពីព្រោះ​នៅ​តំបន់​នោះ​ជា​តំបន់​ឆ្លង​កាត់​សំខាន់​របស់​ភ្ញៀវ​ទេសចរ​អ្នក​ធ្វើ​ដំណើរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ប្រសិន​បើ​មាន​ករណី​បែប​នេះ​កើត​ឡើង​មែន​នោះ លោក​នឹង​មាន​វិធានការ​ទៅ​មន្ត្រី​ទាំង​នោះ​ភ្លាម៖ «យើង​អត់​អាច​ឲ្យ​ម៉ូតូ​រត់​បាន​ទេ ព្រោះ​ឡាន​ដឹក​ទំនិញ​ផង រទេះ​រុញ​ផង ហើយ​ភ្ញៀវ​ទេសចរ​ផង ហើយ​និង​ម៉ូតូ​ផង ម៉ូតូ​ឌុប​ផង ដល់​ពេល​អ៊ីចឹង​រញ៉េរញ៉ៃ តំបន់​ខ្លះ​ហាម​ឃាត់។ តែ​តំបន់​ដែល​ហាម​ឃាត់ គឺ​តំបន់​ដែល​ភ្ញៀវ​ច្រើន​គាត់​ចង់​ទៅ មន្ត្រី​ប៉ូលិស​ខ្ញុំ​តែង​តែ​រារាំង។ ខ្លាច​ក្រែងលោ​គាត់​ខឹង​ប៉ូលិស​ខឹង​អី ចេះ​តែ​ចោទ​ទៅ​ណាស់ មិន​មែន​ការ​ពិត អា​ហ្នឹង​ខ្ញុំ​ក្រែងលោ​អ៊ីចឹង​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ត្រឹម​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប ដែល​មាន​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច​ប៉ុណ្ណោះ​ទេ ក្រៅ​ពី​នោះ ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ទៅ​ប្រទេស​ថៃ តែង​រអ៊ូរទាំ​ចំពោះ​សកម្មភាព​យក​លុយ​ក្រៅ​ផ្លូវ​ការ​ពី​សំណាក់​មន្ត្រី​ប៉ូលិស​ប្រចាំ​ការ​នៅ​ទីនោះ​រាប់​មិន​អស់។

លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នេះ គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ដោះ​បន្ទុក​មួយ​គ្រា​ប៉ុណ្ណោះ៖ «ការ​បដិសេធ​ការ​អី​របស់​គាត់​ហ្នឹង គ្រាន់​ជា​លេស​មួយ​ដែល​គាត់​ឆ្លើយ​ដោះសា​ចំពោះ​មុខ​វិទ្យុ​អាស៊ីសេរី កុំ​ឲ្យ​ផ្សាយ​ទៅ​ឮ​ដល់​មេ​គាត់ ដែល​ក្រែង​ស្រាវជ្រាវ​ទៅ​ថា​គាត់​ហ្នឹង ប៉ះពាល់​ដល់​គាត់​អ៊ីចឹង​ទៅ ឬ​ក៏​អង្គភាព​ប្រឆាំង​បាន​ឮ​ទៅ ស្រាវជ្រាវ​អង្កេត​ដល់​ពួក​គាត់​ទៅ។ អ៊ីចឹង​គាត់​តែង​តែ​ឆ្លើយ​អ៊ីចឹង​ហើយ។ ប៉ុន្តែ​តាម​ពិត​ទៅ មិន​ដែល​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ឆ្លើយ​គាត់​ចេះ​តែ​ថា​មួលបង្កាច់​សមត្ថកិច្ច​ទេ ព្រោះ​គាត់​អត់​មាន​ចេតនា​ណា​មួយ​ប៉ះពាល់​ទៅ​ដល់​សមត្ថកិច្ច​ទេ ចេតនា​របស់​គាត់ គឺ​ធ្វើ​អ្វី​រក​សម្រាប់​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ»

ប្រជាពលរដ្ឋ​អ្នក​រត់​ម៉ូតូ​ឌុប​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ចំនួន​ម៉ូតូ​ឌុប​ដែល​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដឹក​ម៉ូយ​នៅ​តំបន់​គល់​ស្ពាន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ​ពី ៨០ ទៅ ១០០​គ្រឿង ដោយ​ភាគ​ច្រើន​ពាក់​ជា​ឯកសណ្ឋាន​អាវ​វៀល​ក្លៀក​ដៃ​ខ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។