ពលរដ្ឋនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង អះអាងថា ជនជាតិវៀតណាម ដាក់ពាក្យចូលរួមដេញថ្លៃធ្វើអាជីវកម្មនេសាទ ដាយត្រីលិញ នៅតំបន់ដែននេសាទជាប់ព្រំប្រទល់កម្ពុជាវៀតណាម ដោយពុំមានអាជ្ញាធរទប់ស្កាត់ទេ។
អ្នកភូមិសម្ដែងក្ដីបារម្ភខ្លាចបាត់បង់ការងាររបស់ពលរដ្ឋខ្មែរ ហើយបែរជាធ្លាក់ទៅលើដៃរបស់បរទេសទទួលបានសិទ្ធិធ្វើអាជីវកម្មតំបន់នេសាទនោះ។ ចំណែកឯរដ្ឋបាលជលផលខេត្តបញ្ជាក់ថា ការដាក់ដេញថ្លៃនេសាទ ធ្វើឡើងដោយពិនិត្យត្រឹមត្រូវ ហើយពុំអនុញ្ញាតឲ្យជនបរទេសចូលរួមឡើយ។
ប្រជាពលរដ្ឋដែលអះអាងថា មានជនជាតិវៀតណាម ចូលរួមដេញថ្លៃធ្វើអាជីវកម្មនេសាទនោះ អំពាវនាវសុំឲ្យអាជ្ញាធររដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យឯកសារដាក់ដេញថ្លៃឲ្យបានត្រឹមត្រូវ ព្រមទាំងចាត់វិធានការបញ្ឈប់ជនបរទេសជាបន្ទាន់ ជៀសវាងកុំឲ្យប៉ះពាល់ការងាររបស់កូនខ្មែរ។
ពលរដ្ឋម្នាក់ គឺលោក ជាល ពាក រស់នៅភូមិកោងស្រែ នៃឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថ្លែងនៅថ្ងៃទី៣១ កក្កដា ថា ក្នុងចំណោមអ្នកដាក់ពាក្យដេញថ្លៃធ្វើអាជីវកម្មនេសាទ ដាយត្រីលិញ នោះ មានជនជាតិវៀតណាម ចូលរួមប្រកួតប្រជែងជាមួយក្រុមអ្នកនេសាទរបស់ខ្មែរ។ លោកបន្តថា ប្រសិនបើអាជ្ញាធរទប់ស្កាត់មិនទាន់នោះ តំបន់នេសាទត្រីរបស់ខ្មែរនឹងធ្លាក់ទៅលើដៃរបស់ជនជាតិវៀតណាម ជាពុំខាន។
លោកថា ពេលនោះប្រជាពលរដ្ឋខ្មែរច្បាស់ជាបាត់បង់ការងារពីរបរធ្វើនេសាទត្រី ដោយសារថៅកែវៀតណាម ជួលកម្មកររបស់គេធ្វើនេសាទក្នុងទឹកដីខ្មែរ៖ «ក្ដៅក្រហាយជនជាតិវៀតណាម គេមានសិទ្ធិចូលមករស់នៅក្នុងទឹកដីខ្មែរហ្នឹង មានសិទ្ធិដេញដាយបង្កង ដាយត្រីលិញ ហ្នឹង ខ្មែរគ្មានបានធ្វើផង។ ខ្ញុំឈឺចាប់ ព្រោះដោយសារជនជាតិវៀតណាម មានការងារធ្វើ មានសិទ្ធិមកដេញដាយ គឺខ្មែរព្រួយបារម្ភណាស់ ដោយសារអត់មានការអីសម្រាប់ដោះស្រាយជីវភាព កូនខ្មែរស៊ីឈ្នួលគេទាំងអស់»។
ដែននេសាទ ដាយត្រីលិញ ជាតំបន់នេសាទលេខ២ ស្ថិតក្នុងឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ជាប់ប្រទេសកម្ពុជាវៀតណាម។ តាមគម្រោង តំបន់នេសាទនេះ អាជ្ញាធរនឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដែលមានតម្លៃ ៣២លានរៀល នៅថ្ងៃទី១ សីហា ឆ្នាំ២០១៤។
ទាក់ទងនឹងបញ្ហានេះ ប្រធានរដ្ឋបាលជលផលខេត្តព្រៃវែង លោក អូន ស៊ីណាត មានប្រសាសន៍ថា ការដាក់ដេញថ្លៃនេសាទតំបន់នេះ ដើម្បីស្វែងរកប្រាក់ចំណូលរបស់រដ្ឋ ហើយធ្វើឡើងដោយតម្លាភាព គឺពុំអនុញ្ញាតឲ្យជនបរទេសណាម្នាក់ចូលរួមប្រកួតប្រជែងឡើយ។ លោកបញ្ជាក់ថា អ្នកដែលមានសិទ្ធិដាក់ដេញថ្លៃធ្វើនេសាទ ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារដែលមានការទទួលស្គាល់ពីអាជ្ញាធរភូមិត្រឹមត្រូវ។ លោកបន្តថា អ្នកដែលដាក់ពាក្យហើយក៏ដោយចុះ ប្រសិនបើរកឃើញថាជាជនបរទេស អាជ្ញាធរនឹងលុបឈ្មោះចេញពីបញ្ជីភ្លាម។
លោក អូន ស៊ីណាត៖ «អឺ! យើងបានឃើញមានចុះហត្ថលេខាអាជ្ញាធរមូលដ្ឋានមកបញ្ជាក់ថា គាត់ក្នុងប្រវត្តិរូប ក៏ដូចជានៅក្នុងអាដែងអត្តសញ្ញាណប័ណ្ណ ហើយនិងប័ណ្ណគ្រួសារណាស់។ ត្រង់ថា ពីណាថាយ៉ាងម៉េចនោះ បើគាត់មានឯកសារហ្នឹងយកមកបង្ហាញជលផល បង្ហាញគណៈកម្មការដេញថ្លៃ អាហ្នឹងគេប្រជុំគេពិភាក្សា មុននឹងដេញថ្លៃមានការប្រជុំពិនិត្យទៅលើពាក្យដាក់សុំដេញថ្លៃមួយៗទៀត។ អាណាសមស្រប អាហ្នឹងគេអនុញ្ញាតឲ្យដេញ អ្នកណាដែលមិនសមស្រប គេមិនអនុញ្ញាតឲ្យដេញទេ»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គិមលី មានប្រសាសន៍ថា អ្នកស្រីបានពិនិត្យមើលលិខិតរបស់បេក្ខជនមួយរូប ក្នុងចំណោមអ្នកប្រកួតប្រជែង រកឃើញថា ក្នុងករណីនេះ ពិតជាមានជនជាតិវៀតណាម ម្នាក់ចូលរួមដេញថ្លៃធ្វើអាជីវកម្មនេសាទនោះមែន។
អ្នកស្រី អៀង គិមលី៖ «ប្រធានសមាគមហ្នឹងគាត់សរសេរទាំងអក្សរវៀតណាម ទៀត ដាក់ឈ្មោះ ហើយបញ្ជាក់ហ្នឹង គឺត្រាអក្សរវៀតណាម ទាំងអស់ អត់មានអក្សរខ្មែរទេ លើកលែងតែសៀវភៅគ្រួសារដែលគាត់ជាប់ហ្នឹង ប្រើភាសាខ្មែរ។ ហើយមានត្រាក្រហមដែលដាក់ហ្នឹង គាត់អាចងាយស្រួលបំផុត ក្នុងការពិនិត្យមើលថា តើអ្នកហ្នឹងជាជនជាតិវៀតណាម ឬក៏ខ្មែរ ព្រោះដោយសារឯកសារដែលអាដហុក បានទទួលហ្នឹង គឺសរសេរអក្សរវៀតណាម ទាំងអស់»។
ក្នុងខេត្តព្រៃវែង មាន ដាយត្រី ចំនួន ៥កន្លែង សម្រាប់ដាក់ឲ្យដេញថ្លៃជាសាធារណៈ ហើយ ដាយ ទាំង ៥នោះ ជាចំណូលរបស់រដ្ឋសរុបប្រមាណជាង ១០០លានរៀល។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការដេញថ្លៃ ដាយត្រីលិញ សម្រាប់ធ្វើអាជីវកម្មរដូវនេសាទឆ្នាំ២០១៤-២០១៥ និងឆ្នាំ២០១៥-២០១៦ ពលរដ្ឋគ្រប់រូបមានសិទ្ធិដេញថ្លៃ លើកលែងតែមន្ត្រីរាជការ រូបវន្តបុគ្គល ឬនីតិបុគ្គលណាធ្លាប់ដេញថ្លៃបានហើយ ហើយមិនគោរពកិច្ចសន្យាធ្លាប់បានប្រព្រឹត្តបទល្មើសនេសាទលក្ខណៈធ្ងន់ធ្ងរ ឬជំពាក់ថ្លៃឈ្នួល ដាយត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។