ទស្សនៈអ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ
2016.07.24
អ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដែលចាប់ផ្ដើមពីវត្តចាស់ រហូតដល់ស្រុកកំណើតលោក កែម ឡី នាខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា នៅតែបង្ហាញការសោកស្ដាយអំពីវីរភាពរបស់លោក។ ទន្ទឹមគ្នានេះ ពួកគេបានថ្កោលទោសដល់ការបាញ់សម្លាប់បណ្ឌិត កែម ឡី ព្រមទាំងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើឃាតកម្មនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនរូបលោក។
អ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដែលមានដូចជា កម្មករ កសិករ អាជីវករ និងមន្ត្រីរាជការ យល់ថា ការបាត់បង់លោកបណ្ឌិត កែម ឡី គឺជាការបាត់បង់ធនធានដ៏កម្ររបស់ប្រទេសកម្ពុជា។
ជាអាជីវករនៅផ្សារទួលសង្កែនៅរាជធានីភ្នំពេញ ដែលបានចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី លោកស្រី ខេង ចាន់ ឲ្យដឹងថា អាជីវករជាច្រើននៅក្នុងផ្សារទួលសង្កែ បាននាំគ្នាបិទតូប និងនាំគ្នាមកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី តាំងពីម៉ោង ៤ព្រឹក។ លោកស្រីថា លោក កែម ឡី គឺជាមនុស្សស្លូតត្រង់ មានការវិភាគត្រឹមត្រូវ ពិសេសគាត់ក្លាហានហ៊ានរិះគន់ភាពអវិជ្ជមានក្នុងសង្គម ដើម្បីបំភ្លឺដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យយល់ច្បាស់ពីបញ្ហាសង្គម៖ «គាត់ហ៊ានប្រឈមមុខ ហ៊ានបញ្ចេញយោបល់ពិត អ៊ីចឹងគាត់តែងហ៊ានការពិតម្នាក់គត់ ដែលជួយឲ្យកូនខ្មែរជំនាន់ក្រោយហ៊ានតស៊ូទៅមុខ និងក្រោកឡើង»។
ទន្ទឹមគ្នានេះ ជាកម្មកររោងចក្រ និងជាអ្នករត់ម៉ូតូកង់បី លោក ខុន ស៊ីវន ស្មានមិនដល់ថាមានអ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដ៏ច្រើនលើសលប់បែបនេះនោះទេ។ លោកថា នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរសោកស្ដាយចំពោះការបាត់បង់លោក កែម ឡី ជាខ្លាំងអំពីវីរភាពរបស់លោក ព្រមទាំងស្ដាយអ្នកមានសមត្ថភាព និងមានចិត្តល្អដូចលោកបណ្ឌិត កែម ឡី៖ «មិននឹកស្មានដល់ថា មានអ្នកចូលរួមហែសពគាត់ច្រើនយ៉ាងហ្នឹង។ ចឹងថ្នាក់ដឹកនាំប្រទេសគួរតែយកគំរូតាមលោក កុំគិតតែពីអំណាចពេក»។
ទន្ទឹមនេះ កម្មការិនីរោងចក្រ ខ្វានទុង ក្នុងសង្កាត់ស្ទឹងមានជ័យ លោកស្រី គូន ស្រីមុំ ឲ្យដឹងដែរថា លោកស្រី និងកម្មករក្នុងរោងចក្រលោកស្រីប្រមាណជាង ២០០នាក់ទៀត ដែលមកចូលរួមដង្ហែសពលោក កែម ឡី គឺចង់បង្ហាញការដឹងគុណដល់រូបលោក ដែលបានបញ្ចេញមតិដើម្បីចង់ឲ្យសង្គមរីកចម្រើន និងការរួមចំណែកជួយជំរុញឲ្យប្រាក់ខែកម្មករកម្ពុជា ប្រសើរឡើងដែរ។
មិនខុសគ្នាពីកម្មករ និងកសិករប៉ុន្មានដែរ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ ដែលបានចូលរួមដង្ហែសពលោក កែម ឡី ដែរនោះ លោកសោកស្ដាយចំពោះការបាត់បង់លោក កែម ឡី ព្រោះលោក កែម ឡី គឺជានិមិត្តរូបនៃសេរីភាពបញ្ចេញមតិ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសង្គម។ សាស្ត្រាចារ្យរូបនេះ បានអំពាវនាវឲ្យស្ថាប័នអន្តរជាតិ ចូលរួមស៊ើបអង្កេត ព្រោះលោកយល់ថា តុលាការស្រុកខ្មែរធ្វើការយឺតយ៉ាវ ដូចជាករណីបាញ់សម្លាប់បញ្ញវន្តមួយចំនួនកន្លងមក៖ «សូមឲ្យមានការចូលរួមពីស្ថាប័នអន្តរជាតិផង មកស៊ើបអង្កេតរឿងគាត់ ព្រោះក្នុងករណីនេះ បាត់បង់លោកបណ្ឌិត កែម ឡី គឺជាការខាតបង់ដ៏ធំ ព្រោះថាប្រទេសខ្មែរកំពុងតែក្រផង មកត្រូវបាត់អ្នកចេះដឹងដូចជារូបលោកទៅវិញ»។
ចំណែកឯអ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី មួយរូបទៀត លោក ឃី សុខ បានអំពាវនាវស្វែងរកអ្នកនៅពីក្រោយខ្នងឃាតកម្ម និងសុំឲ្យអាជ្ញាធរ ឬតុលាការបញ្ចេញកាមេរ៉ាសុវត្ថិភាពដែលបំពាក់ក្នុងម៉ាតកាល់តិច ត្រូវតែបញ្ចេញជាសាធារណៈ ដើម្បីឲ្យសាធារណជនបានឃើញពីសកម្មភាពបាញ់ប្រហារលោកបណ្ឌិត កែម ឡី និងជាការឆ្លុះបញ្ចាំងពីតម្លាភាពក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច៖ «ដើម្បីបញ្ជាក់ថា មាសសុទ្ធមិនខ្លាចភ្លើង សមត្ថកិច្ចគួរតែហ៊ានបញ្ចេញកាមេរ៉ាសុវត្ថិភាព ព្រោះខ្ញុំគ្មានរំពឹងលើតុលាការស្រុកខ្មែរនោះ ខណៈនេះអ្វីដែលប្រជាពលរដ្ឋចង់ដឹង គឺយើងចឹងដឹងថា ឃាតកដែលចាប់បានពិត ឬមិនពិត វាចេញណា វាយ៉ាងម៉េច ចឹងគួរបង្ហាញពីសាធារណៈមក»។
លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្រុងភ្នំពេញ។ បន្ទាប់ពីឃាតកម្មលើបណ្ឌិត កែម ឡី ដែលជាអ្នករិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាលឥតសំចៃមាត់នោះ គេឃើញមានប្រជាពលរដ្ឋច្រើនកុះករនាំគ្នាចូលរួមមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកជាបន្តបន្ទាប់។ អ្នកចូលរួមទាំងនោះ មានតាំងពីពលរដ្ឋសាមញ្ញរហូតដល់អ្នកនយោបាយ និងអង្គទូតបរទេស។
ប៉ុន្តែយ៉ាងណា អ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដែលចាប់ផ្ដើមពីវត្តចាស់ រហូតដល់ស្រុកកំណើតលោក កែម ឡី នាខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា ទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត នៅតែទទូចឲ្យស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យ តម្លាភាពលើឃាតកម្មលោក កែម ឡី ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនរូបលោក៕