ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ព្រួយបារម្ភ​ថា ផ្លូវ​រថភ្លើង​គ្មាន​រនាំង​ការពារ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​កាន់តែ​ខ្លាំង


2018.09.24
រថភ្លើង​បុក​ឡាន​នៅ​ប៉ោយប៉ែត ៦២២ រថភ្លើង​បុក​រថយន្ត​នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២១ មេសា ឆ្នាំ២០១៨។
Provided photo

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​​ព្រួយបារម្ភ​ថា​ ការ​ធ្វើ​ដំណើរ​ឆ្លង​ការ​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​សព្វ​ថ្ងៃ​មិន​មាន​សុវត្ថិភាព​ទេ​ ហើយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​របស់​​មនុស្ស​កាន់​តែ​ខ្លាំង​ទៀត​ផង។ ពលរដ្ឋ​អះអាង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ ដោយសារ​អាជ្ញាធរ​មិន​ធ្វើ​រនាំង​ការពារ​នៅ​កន្លែង​ឆ្លង​កាត់​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លើក​ឡើង​ថា​ ចាប់តាំង​ពី​ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន​បើក​ដំណើរ​ផ្លូវ​ដែក​ពី​ទីរួមខេត្ត​បន្ទាយមានជ័យ​ទៅ​ក្រុង​ប៉ោយប៉ែត​មក គឺ​អ្នក​ធ្វើ​ដំណើរ​នៅ​ឆ្លង​កាត់​ផ្លូវ​ដែក​មួយ​នេះ​មិន​មាន​សេចក្ដី​សុខ​នោះ​ឡើយ ដោយ​ត្រូវ​ផ្សេង​ព្រេង​​នឹង​គ្រោះ​ថ្នាក់​ជា​រៀង​រាល់​ថ្ងៃ។

ពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កញ្ញា​ថា មួយ​រយៈ​ចុងក្រោយ​នេះ ពួក​គាត់​ខ្វល់​ខ្វាយ​អំពី​សុវត្ថិភាព​នៃ​ការ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ជា​ខ្លាំង ព្រោះ​អាជ្ញាធរ​មិន​បាន​ដាក់​រនាំង​ការពារ​សុវត្ថិភាព​នៅ​កន្លែង​ឆ្លងកាត់​រថភ្លើង​ឲ្យ​បាន​គ្រប់​ទីកន្លែង​នៅ​ឡើយ៖ «ចំពោះ​គ្រួសារ​ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​ជា​រៀងរាល់​ថ្ងៃ ព្រោះ​រថភ្លើង​គ្មាន​ស៊ីផ្លេ​ដំណឹង​ប្រាប់​មុន ធ្វើ​ខ្ញុំ​អើតមើល​ផ្លូវ​រថភ្លើង​ដូច​ចាំ មើល​ម៉ែ​មក​ពី​ផ្សារ​អីចឹង ហើយ​បញ្ហា​នេះ​ដោយសារ​តែ​អាជ្ញាធរ​មិន​គិត​គួរ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ ហើយ​ពួក​ខ្ញុំ​ត្រៀម​ខ្លួន​តែ​ថ្ងៃ​ណា​មួយ​ជួប​គ្រោះថ្នាក់​ទេ»

លោក​បន្ថែម​ទៀត​ថា​ កាល​ពី​ថ្ងៃ​ទី​២២​ និង​ទី​២៣​ កញ្ញា​ រថភ្លើង​បាន​បុក​ជា​មួយ​រថយន្ត​ចំនួន ២​លើក នៅ​ក្រុង​ប៉ោយប៉ែត​ ហើយ​​​បាន​បណ្ដាល​ឲ្យ​មនុស្ស​របួស​ធ្ងន់​ម្នាក់។

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត​ អះអាង​ថា​ គ្រោះថ្នាក់​ដោយ​ការ​​ឆ្លង​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​កន្លង​មក​ ​ដោយសារ​គ្មាន​រនាំង​ការពារ​សុវត្ថិភាព ហើយ​អ្នក​ដំណើរ​ក៏​មិន​ដឹង​ថា​ ​រថភ្លើង​ត្រូវ​ឆ្លង​កាត់​តំបន់​ ដែល​ពួកគាត់​ធ្វើ​ដំណើរ​នៅ​ពេល​ណា​នោះ​ឡើយ ហើយ​ម្យ៉ាង​ទៀត​​បណ្ដាល​មក​ពី​គ្មាន​សមត្ថកិច្ច​​ប្រចាំ​ការ​ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​រថភ្លើង ទើប​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរ​​ញឹកញាប់​នោះ៖ «រដ្ឋអំណាច​ដំណើរ​ការ​ផ្លូវ​រថភ្លើង​នេះ​ដូច​ជា​យក​ជីវិត​ពលរដ្ឋ​ទៅ​លេង​សើច ព្រោះ​តាំង​ពី​ដំណើរ​ការ​មក​ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច​ ហើយ​នៅ​ពេល​រថភ្លើង​មក​ដល់​ម្ដងៗ ​គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ណាស់។ ខ្ញុំ​ទទូច​សុំ​រដ្ឋអំណាច​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង​ទៅ​ថ្ងៃ​ក្រោយ​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធានមន្ទីរ​សាធារណៈ​ការ​នឹង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​លោក គឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះ​ថ្នាក់​លើក​ផ្លូវ​រថភ្លើង​កន្លង​មក​ ដោយសារ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ខ្វះ​ការ​ប្រុងប្រយ័ត្ន និង​មិន​យល់​ពី​របៀប​​ឆ្លង​កាត់​ផ្លូវ​រថភ្លើង។ លោក​បន្ថែម​ទៀត​ថា​ ចាប់​ពី​បើ​ដំណើរ​ផ្លូវ​រថភ្លើង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មក គឺ​មិន​ទាន់​មាន​ពលរដ្ឋ​ណា​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នៅ​ឡើយ​ទេ៖ «បាន​ដាក់​រនាំង​ការពារ​សុវត្ថិភាព​បាន​ច្រើន​ហើយ ប្រជាពលរដ្ឋ​គាត់​ធ្លាប់​តែ​អត់​មាន​រថភ្លើង ហើយ​គាត់​ភ្លេចខ្លួន​ អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ជូន​ដំណឹង​តាម​វិទ្យុ ហើយ​ថែម​ទាំង​ឲ្យ​ប្រជា​ការពារ​ភូមិ​ទៅ​ជួយ​ផ្សព្វផ្សាយ​តាម​ភូមិ​ទៀត​ផង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​ លើក​ឡើង​ថា ​កំហុស​ទាំង​អស់​នេះ​មិន​មែន​ដោយសារ​ពលរដ្ឋ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ តែ​​ដោយសារ​ខ្វះ​ការ​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បាន​ដាក់​របាំង​ការពារ​សុវត្ថិភាព​នៅ​ចំណុច​​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​កត់សំគាល់​ថា​ ប្រជាពលរដ្ឋ​មាន​មនុស្ស​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​ច្រើន​ជាង​តំបន់​ផ្សេងៗ នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ហើយ​ពួក​គាត់​នៅ​តែ​ប្រឈម​គ្រោះថ្នាក់​ ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ៖ «ព្រោះ​ដោយសារ​តែ​យើង​ធ្វើ​រថភ្លើង​ហ្នឹង​សម្រាប់​បម្រើ​ផលប្រយោជន៍​មនុស្ស ដូច្នេះ​យើង​ត្រូវ​ជួយ​សម្រួល​យ៉ាង​ណា ​ដើម្បី​ឲ្យ​មនុស្ស​ហ្នឹង​រួច​ផុត​ពី​គ្រោះ​ ហើយ​អ្នក​ធ្វើ​ការងារ​នេះ​វា​ជា​ភារកិច្ច​របស់​ភ្នាក់ងារ​រដ្ឋ គឺ​មិន​មែន​ធ្វើ​ចោល​អីចឹង​ហើយ​អ្នក​ណា​ដើរៗ ទៅ​អ្នក​ណា​បុកៗ ទៅ​ អញ​មិន​ខ្វល់​ ហើយ​ចោទ​មក​ពី​មនុស្ស​ដើរ​អត់​មើល​ដើរ​មិន​ប្រយ័ត្ន​អី​វា​មិន​ត្រូវ»

ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន​បាន​បើក​ដំណើរ​ការ​​​​​​​​ផ្លូវ​រថភ្លើង​ពី​ទីរួមខេត្ត​បន្ទាយមានជ័យ​ទៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ​២០១៨។ ចាប់​តាំង​ពី​បើក​ដំណើរ​ការ​មក ​នៅ​ក្រុង​ប៉ោយប៉ែត​រថភ្លើង​បាន​បុក​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ចំនួន ៥លើក​ហើយ និង​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​ចំនួន ៤នាក់។

ផ្លូវ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ចំណាយ​អស់​ថវិកា​សាងសង់​ជាង ៩៦​លាន​ដុល្លារ​អាមេរិក (៩៦.៦០០.០០០)។ ផ្លូវ​ដែក​មួយ​ខ្សែ​នេះ ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ឡើង​វិញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន​លោក ស៊ុន ចាន់​ថុល ធ្លាប់​អះអាង​ថា​ គម្រោង​អភិវឌ្ឍន៍​​នេះ ​ជា​​​​ថវិកា​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ.ឌី.ប៊ី (ADB) ប្រមាណ ១៣​លាន​ដុល្លារ​ និង​ថវិកា​បដិភាគ​របស់​របប​លោក ហ៊ុន សែន​ ជាង​ ៨៣លាន​ដុល្លារ (៨៣.០០០.០០០) អាមេរិក។ ប្រធាន​មន្ទីរ​សាធារណការ​នឹង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ផ្លូវ​ដែក​មួយ​ខ្សែ​នេះ អាជ្ញាធរ​កម្ពុជា និង​ថៃ គ្រោង​បើក​ឲ្យ​ដំណើរ​ដឹក​អ្នក​ដំណើរ ​និង​ដឹក​ទំនិញ​ឆ្លង​កាត់​ប្រទេស​ទាំង ​២​នៅ​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៨​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។