ភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​កអណ្ដើក​២៦៣​តូប​និង​ផ្ទះ​២៤​ខ្នង

អគ្គីភ័យ​បាន​ឆាបឆេះ​បំផ្លាញ​តូប​របស់​អាជីវករ​អស់​ប្រមាណ ២៦៣​តូប និង​ផ្ទះ ២៤​ខ្នង​ទៀត នៅ​ផ្សារ​កអណ្ដើក ស្ថិត​នៅ​ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង នៅ​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៥ ឈាន​ចូល​ថ្ងៃ​ទី​២៦ វិច្ឆិកា។ ហេតុការណ៍​ដែល​កើត​ឡើង​ទាំង​កណ្ដាល​យប់​នេះ គឺ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ។

គំនរ​ធ្យូង និង​ផេះ ព្រម​ទាំង​ដំបូល​ស័ង្កសី បាន​ធ្លាក់​រាប​ដល់​ដី​ក្រោយ​ពេល​ដែល​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្សារ​កអណ្ដើក តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ នាំ​គ្នា​កកាយ​ធ្យូង​មាន​ផ្សែង​ហុយៗ ដើម្បី​រក​មើល​ឥវ៉ាន់ និង​សម្ភារៈ​ក្រែង​នៅ​សេសសល់​របស់​របរ​ខ្លះ​ក្រោយ​ពេល​ភ្លើង​ឆេះ​នោះ។

លោក កឹម ថា ម្ចាស់​តូប​លក់​ដូរ​នៅ​ក្នុង​ផ្សារ​កអណ្ដើក បាន​ថ្លែង​ទាំង​ក្ដុកក្ដួល​ថា អាជីវករ​ដែល​នៅ​ក្បែរៗ​ផ្សារ​នោះ មិន​អាច​ពន្លត់​ភ្លើង​ដែល​ឆេះ​ទាំង​កណ្ដាល​យប់​នោះ​បាន​ទាន់​ពេល​ទេ ដោយ​ពួក​គាត់​ស្រវា​បាន​តែ​ក្មេង​តូចៗ​ដើម្បី​កុំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយ​ម្ចាស់​តូប​នៅ​ក្នុង​ផ្សារ​នោះ​គឺ​សឹង​តែ​មិន​មាន​អ្នកណា​ម្នាក់​យក​ឥវ៉ាន់​បាន​ឡើយ៖ «ខ្ញុំ​នៅ​ជិត​ហ្នឹង​ដែរ នៅ​ពេល​ដែល​ឆេះ​តំបន់​ទី​១ ប្រុង​ទៅ​ជួយ​ពន្លត់​តែ​ទឹក​ក៏​មាន​តិច ដល់​ត្រឡប់​មក​វិញ​ភ្លើង​កាន់​តែ​ខ្លាំង គឺ​យក​បាន​តែ​កូន​ក្មេង​ទេ។ ការ​ឆេះ​នេះ​គឺ​អស់​ច្រើន​ណាស់ មិន​ស្មាន​បាន​ទេ នៅ​សល់​តែ​ផេះ​និង​ធ្យូង ព្រោះ​ការ​រកស៊ី​ជាតិ ៣០​ឆ្នាំ​មក​នេះ គឺ​ភ្លើង​បំផ្លាញ​តែ​មួយ​ភ្លែត​ទេ»

ក្រុម​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆាបឆេះ ព្រមទាំង​ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ខូចខាត​នៅ​ឡើយ។

ការ​ឆាប​ឆេះ​នេះ​បាន​កើត​ឡើង​តាំង​ពី​ម៉ោង​ជាង ១២ រហូត​ម៉ោង ​៤​ទៀប​ភ្លឺ ទើប​អាច​ពន្លត់​បាន។ ភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​ថ្លែង​ថា សមត្ថកិច្ច​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ ៤​គ្រឿង និង​ទឹក​អស់​ប្រហែល ២០​ស៊ីទែន​រថយន្ត​ទើប​អាច​ពន្លត់​បាន ម្យ៉ាង​ទៀត​ដោយសារតែ​ទីតាំង​ប្រចាំការ​របស់​ភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​នៅ​ឆ្ងាយ​​ពី​ទីតាំង​កើត​ហេតុ ទម្រាំ​តែ​មក​ដល់​គឺ​ភ្លើង​បាន​ឆេះ​ពេញ​បន្ទុក​ទៅ​ហើយ។

អភិបាល​ខេត្ត​ព្រៃវែង លោក ហាស់ សារ៉េត មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ចុះ​មើល​ស្ថានភាព​ខូច​ខាត​នៅ​ផ្សារ​កអណ្ដើក​នោះ​ហើយ ​លោក​និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ក្រុម​ការងារ ​នឹង​រៀប​ក្រុម​ការងារ​បន្ទាន់​មួយ​ដើម្បី​វាយ​តម្លៃ​ការ​ខូច​ខាត និង​សិក្សា​ពី​លទ្ធភាព​សាងសង់​ផ្សារ​ឡើង​វិញ៖ «ក្រុម​ការងារ​របស់​សាលា​ខេត្ត​នឹង​សិក្សា​ប្លង់ និង​ទីតាំង ហើយ​ទំនាក់​ទំនង​ជា​មួយ​ពលរដ្ឋ អាជីវករ ដើម្បី​ពិភាក្សា​គ្នា​ក្រោយ​ពេល​ឆេះ​ផ្សារ​ហើយ​នេះ តើ​យើង​ត្រូវ​រៀបចំ​ដោយ​របៀប​ណា ដូច​ជា​ត្រូវ​ធ្វើ​ផ្សារ​ឡើង​វិញ ឬ​ធ្វើ​ដោយ​របៀប​ណា»

លោក​បាន​បញ្ជាក់​ទៀត​ថា ជា​គោលការណ៍​សម្រាប់​ការ​សាងសង់​ផ្សារ​នៅ​លើក​ក្រោយ គឺ​នឹង​ទុក​ចន្លោះ​ផ្លូវ​ធំៗ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ចរាចរ​ក្នុង​ផ្សារ​ផង និង​ងាយ​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ផង។ ទោះជា​យ៉ាងណា​ក្រុម​ពន្លត់​អគ្គីភ័យ សុំ​ឲ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​កើត​មាន​អគ្គីភ័យ​ក្រែង​អាច​កើត​មាន​លើក​ក្រោយ​ជា​យថាហេតុ ព្រោះ​រដូវ​ខ្យល់​រាំង​ស្ងួត​ចូល​មក​ដល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។