លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងក៏ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលមរណភាពនៅវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែធ្នូ នេះ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយសាររោគាពាធ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ដែលជាកូនប្រសារបស់លោកព្រឹទ្ធាចារ្យ ឆេង ផុន មានប្រសាសន៍ថា ពិធីបុណ្យរៀបចំនៅផ្ទះលេខ១៣៥ បេ (B) ផ្លូវ១១៥ ភូមិតាក្ដុល ឃុំតាក្ដុល ស្រុកតាខ្មៅ ខេត្តកណ្ដាល ដែលនឹងតម្កល់សពមួយសប្ដាហ៍ ទើបធ្វើពិធីបូជានៅព្រឹកថ្ងៃទី២៨ ធ្នូ។ អ្នកស្រីបញ្ជាក់ថា នេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់របស់គ្រួសារ និងប្រទេសជាតិ៖ «ក្នុងនាមកូនចៅជាការបាត់បង់ឪពុក ជីតា មួយដែលល្អ។ ក្នុងនាមវប្បធម៌ខ្មែរជាការបាត់បង់អ្នកចេះដឹងមួយ ដែលមានតម្លៃសម្រាប់ជាតិ។ ជាការសោកស្ដាយសម្រាប់យើងទាំងអស់គ្នា មិនចំពោះតែក្រុមគ្រួសារ មិនចំពោះតែប្រជាជនកម្ពុជាទេ ព្រោះតាគាត់មានសិស្សគាត់ច្រើនដែរ ហើយនិងប្រជាជនដែលស្រលាញ់រាប់អាន ជាការបាត់បង់មួយដ៏ធំធេង។ ប៉ុន្តែអ្វីដែលសំខាន់គឺទាំងអស់គ្នានឹងខិតខំបន្តនូវស្នាដៃគាត់នូវអ្វីដែលគាត់បន្សំទុកឲ្យនូវការការពារវប្បធម៌ខ្មែរនេះ»។
លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងព័ត៌មានក្នុងទសវត្សរ៍៨០ ហើយក្រោយមក លោកត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិទី២ ឆ្នាំ១៩៩៧។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើលិខិតរំលែកទុក្ខជុំវិញដំណឹងមរណភាពលោកព្រឹទ្ធាចារ្យ ឆេង ផុន នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។