មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភអំពីដំណើរការរថភ្លើងថ្មី ពីក្រុងប៉ោយប៉ែតទៅក្រុងសិរីសោភ័ណថា ពុំមានសុវត្ថិភាព ដោយបានបង្កគ្រោះថ្នាក់ចរាចរដល់ពលរដ្ឋ ដែលធ្វើដំណើរឆ្លងផ្លូវរថភ្លើងញឹកញាប់។ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋទទូចឲ្យមន្ត្រីរដ្ឋអំណាចពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើកើតមានករណីរថភ្លើងបុកអ្នកធ្វើដំណើរតាមដងផ្លូវបន្តទៀតនោះ។
ប្រជាពលរដ្ឋរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ឲ្យដឹងនៅថ្ងៃទី២៣ មេសាថា ក្រោយពីបើកដំណើរការផ្លូវរថភ្លើង ពីក្រុងប៉ោយប៉ែតទៅទីរួមខេត្តបន្ទាយមានជ័យមក ពួកគាត់ហាក់មើលឃើញថា គ្មានសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងតាមផ្លូវរថភ្លើងនោះទេ ជាពិសេសកុមារតូចៗ ដែលមានផ្ទះនៅកៀកផ្លូវរថភ្លើងនោះ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ ម្យ៉ាងទៀតរថភ្លើងក៏បានបុករថយន្តជាច្រើនលើកមកហើយដែរ ក្រោយពេលបើកឲ្យដំណើរការទើបបានមួយរយៈពេលខ្លីមកនេះ៖ «បាទបើនិយាយទៅរឿងនេះវាមានទំហំធំធេងណាស់ ព្រោះយើងធ្វើរទេះភ្លើងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឲ្យរីកចម្រើន ប៉ុន្តែវាបានធ្វើឲ្យប្រជាពលរដ្ឋបានទុក្ខលំបាកដដែល។ ដូច្នេះការអភិវឌ្ឍន៍នេះមានប្រយោជន៍អី ? បើការធ្វើដំណើរគ្មានសុវត្ថិភាពផងនោះ » ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម មានប្រសាសន៍ក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា រថភ្លើងពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតបង្កគ្រោះថ្នាក់ចរាចរដល់អ្នកបើកបររថយន្តឆ្លងកាត់ផ្លូវចំនួន ៣លើកហើយ គឺនៅព្រឹកថ្ងៃទី២៣ មេសា រថភ្លើងបានបើកបុករថយន្តដឹកដីមួយ ដែលបើកឆ្លងកាត់ផ្លូវដែកនៅភូមិនិមិត្ត១ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារកង់ឡើងលើ ហើយកាលពីថ្ងៃទី២១ មេសា រថភ្លើងបានបុករថយន្តមួយគ្រឿងដែរ នៅសង្កាត់ផ្សារកណ្ដាល និងនៅមួយកន្លែងទៀតបុករថយន្តម៉ាកកាម៉ារី(Camary) នៅឃុំគុត្តសត ស្រុកអូរជ្រៅ កាលពីថ្ងៃទី៧ មេសា។ ប៉ុន្តែគ្រោះថ្នាក់ចរាចរទាំង ៣លើកនេះ ពុំមានមនុស្សស្លាប់នៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា អ្នកកាសែតមានតួនាទីសំខាន់ក្នុងការជួយផ្សព្វផ្សាយដំណឹងដល់ពលរដ្ឋ ដើម្បីការពារកុំឲ្យពួកគាត់ជួបគ្រោះថ្នាក់ចរាចរដោយសាររថភ្លើងឆ្លងកាត់ផ្លូវ នៅតំបន់ដែលពួកគាត់រស់នៅនោះ។ បន្ថែមពីនេះលោកថា នឹងផ្សព្វផ្សាយឲ្យពលរដ្ឋបានយល់ដឹងអំពីការបង្ការការពារគ្រោះថ្នាក់នេះបន្ថែមទៀត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា មន្ត្រីរបស់រដ្ឋអំណាចដែលពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះបើកដំណើររថភ្លើង ដោយមិនបានការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៖ «ព្រោះមន្ត្រីទាំងអស់នោះបានដឹងថា រថភ្លើងហ្នឹងអាចរត់ហើយបើសិនជាព្យសនកម្មកើតឡើង វាអាចប៉ះពាល់ទៅលើទ្រព្យសម្បត្តិ និងជីវិតរបស់មនុស្ស ប៉ុន្តែគាត់អត់បានគិត គាត់បានយកចិត្តទុកដាក់។ គាត់ដឹងដែរ ប៉ុន្តែមិនធ្វើ។ អានេះវាជាបទល្មើសអកម្មកើតឡើងចេញពីមន្ត្រីរាជការ ភ្នាក់ងាររបស់រដ្ឋ តាំងពីថ្នាក់ក្រោម ដោយសារអ្នកទាំងអស់គ្នាដឹងរួចស្រេច ដឹងនូវអំពើ និងព្យសនកម្ម នឹងខូច ឬមានគ្រោះថ្នាក់ប៉ះពាល់ផលប្រយោជន៍របស់មនុស្ស » ។
រថភ្លើងពីក្រុងប៉ោយប៉ែតទៅទីរួមខេត្តបន្ទាយមានជ័យសាកល្បងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ចាប់ពីថ្ងៃពីទី៤ ខែមេសាដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០១៨។ រថភ្លើងមួយខ្សែនេះផ្ទុកអ្នកដំណើរបានប្រមាណ ១០០នាក់ ហើយក្នុងជំហានដំបូង ចេញដំណើរមួយថ្ងៃ ៣ជុំ គឺស្មើនឹង ៦ជើង។
លោក ស៊ុំ ច័ន្ទគា និងពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការព្រួយបារម្ភថា ប្រសិនបើរដ្ឋអំណាចមិនមានឧបករណ៍សម្រាប់ការពារសុវត្ថិភាពតាមដងផ្លូវទេ រថភ្លើងនឹងបុកអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវដែកមួយនេះ ដែលអាចបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសនៅថ្ងៃអនាគតជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។