ជីវភាពអ្នកនៅលើផ្លូវរថភ្លើងក្រោយពេលបណ្ដេញទៅទីតាំងថ្មី
2013.04.06

រដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) កាលពីឆ្នាំ២០១១ បានបញ្ជូនប្រជាពលរដ្ឋជាង ១៥០គ្រួសារ រស់នៅសំណង់អានាធិបតេយ្យលើផ្លូវរទេះភ្លើង ក្នុងទីក្រុងភ្នំពេញ ឲ្យទៅរស់នៅតំបន់ថ្មីមួយឈ្មោះថា "ភូមិត្រពាំងអញ្ចាញ" ចម្ងាយប្រមាណ ២០គីឡូម៉ែត្រខាងលិចក្រុងភ្នំពេញ។
នៅពេលរុះរើលំនៅឋាននោះ រដ្ឋាភិបាល និងអេ.ឌី.ប៊ី បានផ្ដល់ប្រាក់សំណងខ្លះៗ និងផ្ដល់ដីទទឹង ៧ម៉ែត្រ បណ្ដោយ ១៥ម៉ែត្រ សម្រាប់សង់ផ្ទះ ហើយបានសន្យាថា នឹងជួយជីវភាពពួកគាត់ឲ្យបានប្រសើរជាងពេលរស់នៅលើផ្លូវរទេះភ្លើង។
បើគិតមកដល់ពេលនេះ មានរយៈពេលជិតបីឆ្នាំហើយ។ តើជីវភាពពួកគាត់បានធូរធារដូចពាក្យសន្យាដែរឬយ៉ាងណា?
ភូមិត្រពាំងអញ្ចាញ ស្ថិតនៅលើវាលស្រែល្វឹងល្វើយ ផ្ទះភាគច្រើនបិទទ្វារចោលគ្មានមនុស្សនៅ។ ក្នុងរដូវប្រាំងដូច្នេះ អាកាសធាតុក្តៅហែង។ ផ្ទះភាគច្រើនសង់ផ្ទាល់ដីលើដីឡូត៍តូចៗ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ដែលខ្លះធ្វើរបងឫស្សី ហើយដីឡូត៍ខ្លះទុកទំនេរចោលមិនសង់ផ្ទះ។ នៅក្នុងភូមិមានសភាពស្ងាត់ជ្រងំ។ ទៅដល់កណ្ដាលភូមិ ទើបឃើញមានមនុស្សខ្លះ ចោលភ្នែកតាមចន្លោះរបងឫស្សីពីមុខផ្ទះទៅកាន់សំឡេងលាន់ឡើងនោះ គេឃើញស្រីវ័យចំណាស់ម្នាក់កំពុងធ្វើការញាប់ដៃជើង ក្រោមផ្ទះឈើរខេករខាកតូចមួយ។
នោះ គឺអ្នកស្រី ព្រំ សុខ ដែលបានរើផ្ទះពីផ្លូវរទេះភ្លើងមកនៅទីនេះកាលពីជាង ២ឆ្នាំមុន កំពុងអង្គុយចិញ្ច្រាំបន្លែធ្វើជាចំណីមាន់ស៊ី។ អ្នកស្រីពោលថា មិនដូចពាក្យសន្យារដ្ឋាភិបាល និងអេ.ឌី.ប៊ី ទេ មកតាំងលំនៅលើដីថ្មីនេះ គាត់ជំពាក់គេប្រហែល ៣ពាន់ដុល្លារ ហើយ មិនសង្ឃឹមថានឹងអាចរកប្រាក់សងគេបានទេ ព្រោះគ្មានប្រាក់ចំណូល៖ «ខ្ញុំជំពាក់គេ! មកនៅនេះជំពាក់គេច្រើនណាស់ ១ពាន់ប្រាំឡើងការពីរបីពាន់ហើយឥឡូវហ្នឹង។ ខ្ចីធ្វើផ្ទះ ចាក់ដី យើងមកនៅហ្នឹងកាលខែ៩ កំពុងភ្លៀងនោះ វារលាយស៊ីម៉ងត៍រលាយអីអស់ ខ្ញុំយកហ្នឹងការមិនសូវថ្លៃទេ ការតែបីរៀល (ដុល្លារ) មួយរយ (ដុល្លារ) ខានបង់ការគេយូរហើយដែរ វាអត់មានអីរកអីបានទេ…»។
មិនខុសគ្នាទេ រំលងផ្ទះអ្នកស្រី ព្រំ សុខ ពីរឡូត៍ អ្នកស្រី ហូ សារុន ដែលមានប្ដីអាយុ ៧០ឆ្នាំ ពិការដោយលើសឈាម ក៏ជំពាក់បំណុលគេដែរ។ អង្គុយក្បែរប្ដីឈឺកំពុងសម្រាកលើគ្រែក្រោមដើមក្រខុបមុខផ្ទះ អ្នកស្រី ហូ សារុន ព្រួយខ្លាចម្ចាស់បំណុលរឹបអូសយកដី និងផ្ទះដែលសង់មិនទាន់ហើយនេះ។ អ្នកស្រីដែលមើលទៅសាច់ឈាមស្លេកស្លាំង ពោលថា ជីវភាពសព្វថ្ងៃរំពឹងលើរបរចិញ្ចឹមមាន់ទាក្នុងផ្ទះបួនដប់ក្បាលប៉ុណ្ណោះ។
អ្នកស្រីគ្មានសង្ឃឹមថានឹងអាចរកប្រាក់សងបំណុលគេរាប់ពាន់ដុល្លារបានទេ។ ណាមួយប្ដីចាស់ឈឺលើសឈាមត្រូវការប្រាក់ព្យាបាលទៀត រំពឹងប្រាក់សំណងថ្លៃរុះរើផ្ទះកន្លងមក ក៏សង់ផ្ទះថ្មីអស់៖ «អានេះក៏អស់ ហើយនៅជំពាក់គេបីពាន់ដុល្លារទៀត ហើយឥឡូវហ្នឹងតានេះក៏គាត់ឈឺខ្វិនអ៊ីចឹងទៅទៀត រកអីបាន...»។
កាលពីឆ្នាំ២០១១ រដ្ឋាភិបាលរើផ្ទះអ្នករស់នៅលើផ្លូវរទេះភ្លើងក្នុងភ្នំពេញ ចំនួន ១៦១គ្រួសារ មកតាំងលំនៅថ្មីនៅភូមិត្រពាំងអញ្ចាញ នេះ។ ក៏ប៉ុន្តែ មានតែ ៩៨គ្រួសារទេដែលស៊ូទ្រាំរស់នៅទីនេះ សល់ពីនេះ ពួកគាត់ត្រឡប់ទៅជួលផ្ទះគេនៅ នៅភ្នំពេញវិញ ព្រោះទីនេះមិនមានសាលារៀន មណ្ឌលសុខភាព និងមិនមានទីផ្សារការងារ។
ទាក់ទងនឹងបំណុលនេះ តំណាងសហគមន៍ត្រពាំងអញ្ចាញ អ្នកស្រី រស់ បុប្ផា បញ្ជាក់ថា ជាការពិត ដោយសារប្រជាពលរដ្ឋទទួលបានប្រាក់សំណងតិច មិនអាចសាងជីវិតថ្មីបាន។
ទាក់ទងរឿងបំណុលប្រជាពលរដ្ឋត្រពាំងអញ្ចាញនេះ ត្រូវបានរដ្ឋាភិបាល និងម្ចាស់ជំនួយ បានចុះស៊ើបអង្កេត ហើយចាត់វិធានការការពារមិនឲ្យឈ្មួញរឹបអូសយកដី និងកាត់បន្ថយប្រជាពលរដ្ឋកុំឲ្យចងការប្រាក់គេបន្តទៅទៀត។
លោក អេរិក ស៊ិដវិក (Eric Sidgwick) នាយកធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី ប្រចាំប្រទេសកម្ពុជា បានឆ្លើយប្រាប់វិទ្យុអាស៊ីសេរី តាមរយៈសារអេឡិចត្រូនិកថា ម្ចាស់ជំនួយ ដូចជា អេ.ឌី.ប៊ី និងមូលនិធិអូស្ត្រាលី អូសអេដ (AusAid) បានសហការជាមួយរដ្ឋាភិបាលយ៉ាងប្រុងប្រយ័ត្ន ចុះទៅអប់រំអាជ្ញាធរមូលដ្ឋាន មិនឲ្យចុះហត្ថលេខាធ្វើសាក្សីលក់ទិញដីទាំងនោះរវាងម្ចាស់បំណុល និងប្រជាពលរដ្ឋទេ ព្រោះថា ដីនោះស្ថិតក្នុងកម្មសិទ្ធិរបស់ម្ចាស់ជំនួយនៅឡើយទេ។ ប្រជាពលរដ្ឋក៏មិនក្លាយជាម្ចាស់កម្មសិទ្ធិដីនោះបានដែរ មកទល់ពេលនេះ លុះត្រាតែពួកគាត់រស់នៅលើដីនោះជាប់បាន ៥ឆ្នាំសិន ទើបអាចមានសិទ្ធិលក់ ឬបញ្ចាំបាន។ លោកបានបញ្ជាក់ក្នុងសារអេឡិចត្រូនិក ហើយត្រូវបានបកប្រែជាភាសាខ្មែរដូច្នេះថា៖ «ការតាំងទីលំនៅជាថ្មី ត្រូវបានគេកំណត់រួចហើយ ដើម្បីឱ្យគ្រួសារតាំងទីលំនៅថ្មីទាំងនោះបានទទួលប័ណ្ណកម្មសិទ្ធិលើដីថ្មី ប្រសិនបើពួកគេបានរស់នៅជាប់លាប់រយៈពេល ៥ឆ្នាំ។ ភាពជាម្ចាស់កម្មសិទ្ធិដី គឺជាសាច់រឿងតែមួយគត់សម្រាប់គម្រោងនេះ ហើយការប្រុងប្រយ័ត្នជាមុននៅក្នុងគម្រោងតាំងទីលំនៅថ្មីនេះ គឺដើម្បីធ្វើជាមធ្យោបាយការពារដល់ក្រុមគ្រួសារដែលត្រូវតាំងទីលំនៅថ្មីទាំងនោះ ឱ្យចាកផុតពីការដោះស្រាយទាំងឡាយ ដែលធ្វើឡើងមិនបានហ្មត់ចត់។ ធនាគារអភិវឌ្ឍន៍អាស៊ី រដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថាអូសអេដ បានឈានជើងចូលនៅពេលដែលដឹងថា ពលរដ្ឋត្រូវបានម្ចាស់បំណុលគំរាមកំហែងយកដីរបស់គេ។ តាមយើងដឹង មិនទាន់មានគ្រួសារណាមួយបាត់ដីដោយសារម្ចាស់បំណុលរឹបអូសនៅឡើយទេ»។
លោកបន្តថា ស្ថាប័នស្រាវជ្រាវ២ គឺបរទេស និងខ្មែរ ក៏បានពិភាក្សាគ្នារកវិធីកាត់បន្ថយអត្រាការប្រាក់របស់ប្រជាពលរដ្ឋនៅត្រពាំងអញ្ចាញ នេះដែរ។
ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅភូមិត្រពាំងអញ្ចាញ នេះ ឲ្យបានប្រសើរជាងមុនដូចពាក្យសន្យានោះ រដ្ឋាភិបាល និងស្ថាប័នម្ចាស់ជំនួយ បានបង្កើតកម្មវិធីមួយឈ្មោះថា "កម្មវិធីស្ដារប្រាក់ចំណូល" ដោយបានបើកវគ្គបង្រៀនមុខជំនាញដល់អ្នកភូមិត្រពាំងអញ្ចាញ ដូចជាចិញ្ចឹមមាន់ បណ្ដុះផ្សិត កាត់សក់ និងកែសម្ផស្ស។
តែ វិទ្យុអាស៊ីសេរី ចុះដល់ភូមិ ឃើញមានតែគ្រួសារមួយប៉ុណ្ណោះ ដែលយកជំនាញនេះមកប្រើ គឺចិញ្ចឹមមាន់ ហើយមិនបានដិតដល់ទៀត ដោយសារគាត់ខ្វះដើមទុន។
ស្លៀកកន្សែងលែងខ្លួនទទេ លោក ម៉ម មារិន អាយុ ៧៣ឆ្នាំ កំពុងឲ្យចំណីមាន់ក្នុងទ្រុងតូចមួយ រអ៊ូថា គាត់ចិញ្ចឹមមាន់តិចណាស់ ព្រោះគ្មានដើមទុនទិញមាន់ចិញ្ចឹមច្រើន។
ប្រជាពលរដ្ឋនៅទីនេះ បានអះអាងថា កម្មវិធីស្ដារប្រាក់ចំណូលមិនមានប្រសិទ្ធភាពទេ អ្នករៀនជំនាញ ហើយនាំគ្នាទៅធ្វើកម្មករទៅវិញ ព្រោះនៅទីនេះគ្មានដីដាំដំណាំ គ្មានទឹកស្រោចស្រព គ្មានដើមទុន គ្មានទីផ្សារ។ នៅទីនេះ មិនមានសាលារៀន មិនមានមណ្ឌលសុខភាព មិនមានទីផ្សារ ដូច្នេះហើយទើបនៅភូមិនេះមានតែមនុស្សចាស់ និងកុមារ ព្រោះមនុស្សពេញកម្លាំងពលកម្មនាំគ្នាចំណាកស្រុកទៅរកការងារនៅខាងក្រៅអស់។
ជាចុងក្រោយ អ្នកភូមិត្រពាំងអញ្ចាញ បានរំលឹករដ្ឋាភិបាល និងម្ចាស់ជំនួយឲ្យនឹកឃើញពាក្យសន្យារបស់ខ្លួនឡើងវិញ នូវពាក្យសន្យានៅពេលបង្ខំឲ្យពួកគាត់រុះរើផ្ទះមកនៅតំបន់ដាច់ស្រយាលនេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។