ពលរដ្ឋខេត្តស្ទឹងត្រែងចង់បានអ្នកដឹកនាំមូលដ្ឋានដោះស្រាយរឿងអន្តោប្រវេសន៍ខុសច្បាប់
2017.02.07

ពលរដ្ឋរស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង មើលឃើញថា សន្ទុះនៃការយកចិត្តទុកដាក់បម្រើពលរដ្ឋរបស់ចៅសង្កាត់ស្ទឹងត្រែង ពីមួយអាណត្តិទៅមួយអាណត្តិ ហាក់ដូចជាចុះខ្សោយទៅ ជាពិសេសនៅអាណត្តិចុងក្រោយនេះមានចំណុចអវិជ្ជមានច្រើន ដែលចៅសង្កាត់ពុំសូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងរក្សាតាមបញ្ជារបស់ក្រសួងមហាផ្ទៃ គឺភូមិ-ឃុំមានសុវត្ថិភាពជូនពលរដ្ឋ។ ពួកគេចង់ឲ្យចៅសង្កាត់នៅអាណត្តិបោះឆ្នោតថ្មីខាងមុខនេះ ចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះឲ្យបាន។
ពលរដ្ឋចង់ឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានឆន្ទៈបម្រើពលរដ្ឋពិតប្រាកដ មិនប្រកាន់បក្ខពួកនិយម និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ។
ពួកគេកត់សម្គាល់ថា នៅគ្រាដែលមានការឃោសនាបោះឆ្នោតម្តងៗ មេឃុំ ឬចៅសង្កាត់ហាក់ដូចជាសកម្មក្នុងការយកចិត្តទុកដាក់បម្រើពលរដ្ឋ ក៏ប៉ុន្តែក្រោយពេលបោះឆ្នោតរួច ចំណុចអវិជ្ជមានជាច្រើនបានផុសឡើង ពោលគឺពលរដ្ឋបានជួបមេឃុំ ឬចៅសង្កាត់ នៅគ្រាដែលពួកគេទៅសាលាឃុំ ឬពេលខ្លះមិនជួបទៀតផង។
ពលរដ្ឋរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង លោក ឡឹប ពៅ មើលឃើញថា សន្ទុះនៃការអភិវឌ្ឍមូលដ្ឋានទាំងផ្លូវថ្នល់ អណ្ដូងទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានរីកចម្រើនគួរឲ្យកត់សម្គាល់ តែអ្វីដែលលោកព្រួយបារម្ភនោះ គឺការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃ និងបញ្ហាគ្រឿងញៀនជាដើម ចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ ហាក់ដូចជាធ្មេចភ្នែកពុំសូវយកចិត្តទុកដាក់ចេញមុខអន្តរាគមន៍ដោះស្រាយទេ។
លោកថា ជាក់ស្តែងជនអន្តោប្រវេសន៍ខុសច្បាប់នៅតែបន្តរស់នៅដោយសេរីនៅសង្កាត់ស្ទឹងត្រែង មានសិទ្ធិធ្វើអាជីវកម្មឈើខុសច្បាប់ នេសាទ និងរកស៊ីឈើខុសច្បាប់ ជាដើម។ លោកបន្ថែមថា កន្លងទៅ ការដោះស្រាយបញ្ហានានាជូនពលរដ្ឋរបស់អាជ្ញាធរមូលដ្ឋាន ក៏មានការរើសអើងប្រកាន់បក្ខពួកនិយម ហើយពលរដ្ឋដែលប្រឈមជាងគេ គឺពលរដ្ឋមានជីវភាពក្រីក្រ៖ «ឃើញថាជនជាតិវៀតណាម ហូរចូលដោយគ្មានអាជ្ញាធរ ឬក៏ឃុំ-សង្កាត់ទប់ស្កាត់បញ្ហាហ្នឹងទេ ហើយក្នុងនាមខ្ញុំជាពលរដ្ឋ គឺខ្ញុំមិនសប្បាយចិត្តទង្វើអាជ្ញាធរ ឬក៏មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបណ្តោយឲ្យជនបរទេស ដូចជាជនជាតិវៀតណាម ដែលមករស់នៅក្នុងទឹកដីខ្មែរដោយសេរី»។
លោក ឡឹប ពៅ កត់សម្គាល់ថា ចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង ចំនួន ៣អាណត្តិមកហើយ កូតាពីគណបក្សប្រជាជនកម្ពុជា ហើយនៅអាណត្តិទី៤ នេះ ទំនងជាលោកត្រូវឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង លេខរៀងទី១ ដដែល។ លោកចង់ឲ្យគ្រប់គណបក្សនយោបាយមានគោលនយោបាយផ្លាស់ប្ដូរអ្នកដឹកនាំមូលដ្ឋាន ដើម្បីផ្តល់លទ្ធភាពដល់យុវជន និងពលរដ្ឋមានឱកាសរួមចំណែកបម្រើសេវាសាធារណៈនៅមូលដ្ឋាន៖ «ម៉េចបានខ្ញុំថារើសអើង? គឺរើសអើងនេះដោយសារតែអំពើពុករលួយនេះឯង ហើយខ្ញុំចង់ឲ្យមានដឹកនាំទាំងអស់ត្រូវរៀបចំសាជាថ្មីម្តងទៀត គឺមិនរើសអើងភាពក្រ និងអ្នកមាន»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ៣អាណត្តិកន្លងទៅ មានគណបក្សនយោបាយចំនួន៣ ចូលរួមឈរឈ្មោះបោះឆ្នោត រួមមានគណបក្ស សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជាប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង ទាំង ៣អាណត្តិដែលមានលោក ជា វណ្ណ ជាមេឃុំ។
ឆ្លើយតបការលើកឡើងនេះ ចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ បានច្រានចោលចំពោះការលើកឡើងរបស់ពលរដ្ឋ ដោយលើកហេតុផលថា នៅពេលពលរដ្ឋមានបញ្ហាប្រឈមផ្សេងៗ លោកតែងតែងតែចូលរួមដោះស្រាយតាមលទ្ធភាពរបស់អាជ្ញាធរឃុំ ហើយរឿងណាដែលឃុំដោះស្រាយមិនបាន លោកបានរុញទៅថ្នាក់លើបន្ត។ លោកជឿជាក់ថា លោកនឹងជាប់ឆ្នោតជាចៅសង្កាត់ស្ទឹងត្រែង ជាថ្មីទៀតនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ខាងមុខ ដើម្បីបម្រើពលរដ្ឋ ព្រោះការដឹកនាំសង្កាត់របស់លោក លោកតែងតែអភិវឌ្ឍមូលដ្ឋានតាមតម្រូវការរបស់ពលរដ្ឋដូចជាផ្លូវថ្នល់ ស្ពាន និងអណ្ដូងទឹក ជាដើម។ លោកប្ដេជ្ញាថា នៅអាណត្តិទី៤ នេះ លោកនឹងខំប្រឹងប្រែងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត៖ «ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែអភិវឌ្ឍអ្វីដែលជាតម្រូវការរបស់ពលរដ្ឋពេញចិត្តយើងអភិវឌ្ឍ។ យើងសង្ឃឹមថា យើងនឹងអភិវឌ្ឍបានច្រើនជាងហ្នឹងទៀត»។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ចៅសង្កាត់ ឬមេឃុំត្រូវយល់ឲ្យច្បាស់ពីតួនាទីរបស់ខ្លួនក្នុងនាមជាមេឃុំ ឬចៅសង្កាត់បម្រើប្រជាពលរដ្ឋ ហើយកុំភ្ជាប់ការងាររបស់ខ្លួនជាមួយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងគណបក្សនយោបាយ នៅគ្រាដែលពួកគេបានជាប់ឆ្នោតជាមេឃុំ ឬចៅសង្កាត់ ត្រូវបម្រើពលរដ្ឋឲ្យស្មើៗគ្នា ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។ ចំណែកគណបក្សនយោបាយ គួរតែផ្តល់ឱកាសឲ្យមេឃុំ ឬចៅសង្កាត់បម្រើពលរដ្ឋឲ្យបានច្រើន កុំឲ្យមានការពាក់ព័ន្ធនិន្នាការនយោបាយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា សមាគមអាដហុកបានទទួលព័ត៌មានពីពលរដ្ឋដែលរិះគន់ការដឹកនាំរបស់សង្កាត់ស្ទឹងត្រែង មានការរើសអើង បក្ខពួកនិយម និងមិនមានការយកចិត្តទុកដាក់ដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់។ លោកសង្កត់ធ្ងន់ថា ចៅសង្កាត់ដែលជាប់ឆ្នោតច្រើនអាណត្តិ ហាក់មានភាពស្ពឹកស្រពន់ និងពុំសូវមានឥទ្ធិពលជាវិជ្ជមានបម្រើសេវាសាធារណៈជូនពលរដ្ឋ។ បញ្ហានេះ លោកចង់ឲ្យគណបក្សនយោបាយណាជាប់ឆ្នោតច្រើនអាណត្តិមកហើយនោះ គួរតែដាក់បេក្ខជនថ្មីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី ដើម្បីផ្លាស់ប្ដូរមេដឹកនាំមូលដ្ឋាន៖ «បើគាត់ចេះយកតួនាទីបម្រើពលរដ្ឋពិតប្រាកដ គឺគាត់គ្មានបញ្ហាអីទេ។ គាត់អាចបម្រើបក្សច្រើនជាង។ ចឹងទៅ យើងធ្លាប់ឮហើយ មានពលរដ្ឋខ្លះទៅរកគាត់មិនឃើញ ដោយសារគាត់ជាប់ពង្រឹងបក្សអ៊ីចឹងទៅ»។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា មេឃុំ ឬចៅសង្កាត់ ត្រូវមានគោលការណ៍គ្រឹះចំនួន៣ ក្នុងការដឹកនាំមូលដ្ឋាន។ ទី១ ថាតើមេឃុំ ឬចៅសង្កាត់មានតម្លាភាពដែលឬទេក្នុងការចំណាយផែនការអភិវឌ្ឍន៍ឃុំ? ទី២ ថាតើមានប្រព័ន្ធគណនេយ្យភាពអនុវត្តបទដ្ឋានច្បាប់បានកម្រិតណា និងមានការឆ្លើយតបសំណូមពររបស់ពលរដ្ឋដែរឬទេ? និងទី៣ ការចូលរួមរបស់មេឃុំ ឬចៅសង្កាត់ ផ្តល់លទ្ធភាពឲ្យពលរដ្ឋចូលរួមអភិវឌ្ឍអភិបាលកិច្ចល្អដែរឬទេ?
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ផ្តល់ទស្សនៈថា ប្រជាពលរដ្ឋខ្លួនឯងត្រូវតែពិនិត្យមើលទៅលើឥរិយាបថលើចៅសង្កាត់ ឬមេឃុំណាដែលអាចជួយដោះស្រាយបញ្ហានៅមូលដ្ឋានបាន មុននឹងសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយការរីកចម្រើនរបស់ពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានក៏អាស្រ័យលើសន្លឹកឆ្នោតរបស់ពលរដ្ឋដែរ។ លោករំពឹងថា ប្រជាពលរដ្ឋនឹងមានការសម្រេចចិត្តត្រឹមត្រូវដើម្បីរើសមេឃុំល្អ មានឆន្ទៈ និងសមត្ថភាពគ្រប់គ្រាន់ដឹកនាំមូលដ្ឋាន។ លោកថា គម្រោងអភិវឌ្ឍន៍ទាំងឡាយ គឺធ្វើឡើងតាមរយៈឃុំ តែបើមេឃុំអសកម្មហើយ លោកមិនសង្ឃឹមថា ពលរដ្ឋនឹងបានទទួលផលអភិវឌ្ឍន៍មូលដ្ឋានទេ។
លោកបញ្ជាក់ថា មេឃុំ ឬចៅសង្កាត់ ត្រូវតែសកម្មក្នុងការធ្វើផែនការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងផ្តល់ដំណឹងទៅពលរដ្ឋពីចំនួនថវិកាជាតិក្នុងមួយឆ្នាំៗ៖ «បើចឹងទាល់តែមេឃុំគាត់សកម្ម គាត់មានលទ្ធភាពក្នុងការធ្វើផែនការ គាត់ពិគ្រោះជាមួយពលរដ្ឋ ហើយគាត់ប្រាប់ពលរដ្ឋពីចំនួនថវិកា និងត្រូវពិគ្រោះយោបល់ពីពលរដ្ឋ បើមិនពិគ្រោះយោបល់មួយឆ្នាំៗ ឃើញតែខូចចឹង វាអត់ប្រយោជន៍ លុយចេះតែអស់ទៅ ហើយផ្លូវធ្វើហើយខូចៗ»។
សង្កាត់ស្ទឹងត្រែង មាន ៥ភូមិ រួមមានភូមិកណ្ដាល ភូមិរាជានុកូល ភូមិព្រែក ភូមិស្ពានថ្ម និងភូមិត្រពាំងព្រីង។ ភូមិទាំងនោះមានពលរដ្ឋរស់នៅ ៣.១៩៦គ្រួសារ ស្មើនឹងពលរដ្ឋចំនួនជាង ១ម៉ឺន ៤ពាន់នាក់ (១៤.៩៨៧នាក់)៕