មេជាងធ្វើរូបសំណាកបណ្ឌិត កែម ឡី នៅតែប្រឈមការរើសអើង
2017.07.10
ស្របពេលខួប ១ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ជាងធ្វើរូបសំណាកបណ្ឌិត កែម ឡី គឺលោក សៀន កាម៉ង់ដង់ ក៏ត្រូវទំនេរពីការងារជិតមួយឆ្នាំដែរ ព្រោះគ្មានអ្នកណាឲ្យធ្វើរូបចម្លាក់ ឬហៅលោកឲ្យទៅសូនរូបនៅតាមវត្តអារាមដូចកាលពីមុន។
ធ្មេចបើកធ្មេចបើករយៈពេល ១ឆ្នាំនៃការលាចាកលោកនេះទៅរបស់បណ្ឌិត កែម ឡី បានមកដល់ហើយ។ ក្នុងរយៈពេលប្រហាក់ប្រហែលគ្នានេះ មេជាងចម្លាក់រូបសំណាកបណ្ឌិត កែម ឡី គឺលោក សៀន កាម៉ង់ដង់ សម្ងំរស់នៅដោយស្ងប់ស្ងាត់នៅទីដាច់ស្រយាលក្នុងខេត្តកណ្តាល ព្រោះលោកពិបាករកការងារធ្វើ ហើយអ្នកបញ្ជាទិញ ឬកុម្ម៉ង់ឲ្យលោកធ្វើរូបសំណាក ក៏មិនហ៊ានឲ្យលោកធ្វើរូបសំណាកឲ្យដែរ ព្រោះខ្លាចប៉ះពាល់រឿងនយោបាយ។
ជាងចម្លាក់រូបនេះឲ្យដឹងថា ចាប់តាំងពីលោកសាងរូបសំណាកលោកបណ្ឌិត កែម ឡី បានធ្វើចប់រួចរាល់កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ លោកត្រូវសម្រាកនៅផ្ទះអស់ជាង ៦ខែ។ លោករំឭកថា នៅពេលមានការចុះផ្សាយថា លោកជាអ្នកធ្វើរូបបណ្ឌិត កែម ឡី សូម្បីព្រះសង្ឃដែលព្រមព្រៀងឲ្យទៅធ្វើរូបសំណាកនៅវត្ត ក៏ព្រះសង្ឃមិនឲ្យលោកធ្វើរូបសំណាកបន្តទៀតដែរ៖ «គេរំសាយវិញខ្ញុំអស់អីទាំងអស់ គ្រាន់តែខ្ញុំទៅសុំសម្ភារៈវិញគេមិនឲ្យផង ហីដល់ពេលចុងក្រោយនេះមានការចោទប្រកាន់ខ្ញុំ»។
លោកថា លោកស្ទើរតែបោះបង់អាជីពនេះចោល ប៉ុន្តែកាលពីប៉ុន្មានខែមុន មានបុរសម្នាក់ឲ្យលោកធ្វើរូបតូចៗ លោកក៏ចាប់ផ្តើមមានការងារឡើងវិញ និងចាប់ផ្តើមប្រើបណ្ដាញទំនាក់ទំនងសង្គមតាមហ្វេសប៊ុក (facebook)។ លោកថា តាមរយៈបណ្ដាញសង្គមនេះ អតិថិជនក៏បានកុម្ម៉ង់លោកឲ្យធ្វើរូបតាមបណ្ដាញសង្គមនេះ។ នៅពេលមានអ្នកមកជាវរូបឡើងវិញដូចនេះ លោក កាម៉ង់ដង់ សម្រេចខ្ចីលុយពីគេចំនួន ៣.៥០០ដុល្លារ ដើម្បីទិញក្រមួន និងសម្ភារៈគ្រឿងចម្លាក់។
លោក សៀន កាម៉ង់ដង់ ជាមេជាងសំណង់ និងចម្លាក់ ដែលប្រជាជនស្គាល់តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដំបូង ព្រោះធ្វើរូបសំណាកលោកបណ្ឌិត កែម ឡី កាលពីអំឡុងខែសីហា ឆ្នាំ២០១៦ គឺក្រោយឃាតកបាញ់សម្លាប់លោក កែម ឡី។ រូបចំណាកដែលធ្វើជារូបស្ពាន់ឈរមួយជំហរ មានកម្ពស់ដូចរូបលោកពិត។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ជាអ្នកជួលក្នុងតម្លៃជាង ៥.០០០ដុល្លារ៖ «មិនតូចចិត្តទេ ព្រោះអីអ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺខ្ញុំធ្វើកើត ហើយអ្វីដែលមាចូលមកជ្រែកខ្ញុំទាំងអម្បាលម៉ាន ចូលមិនដល់ សឹងថាវិនាសវិញអស់ហើយ»។
នៅពេលមុខរបរនេះមានសកម្មភាពឡើងវិញ លោក កាម៉ង់ដង់ មានប្អូន និងក្មួយទាំងអស់ប្រាំនាក់ មកជួយធ្វើដើម្បីបានចំណេះ មិនយកប្រាក់ឈ្នួល។ នៅលើដីភូមិធំល្វឹងល្វើយពោរពេញដោយដំណាំហូបផ្លែ ជាកេរដំណែលពីឪពុកលោក មានរូបពុទ្ធបដិមា និងរូបវីរបុរសខ្មែរនៅក្រោមដើមឈើ និងចម្លាក់តូចៗជាច្រើនទៀតដាក់នៅក្នុងរោង។
ក្មួយប្រុសរបស់លោក កាម៉ង់ដង់ ជានិស្សិតផ្នែកធនាគារ បានស្ម័គ្រចិត្តមកជួយធ្វើការងារពេលទំនេរពីការសិក្សា ដោយសារចង់ចេះផ្នែកសូនរូប និងជួយធ្វើការងារពូរបស់លោក។ លោកថា ទោះមិនបានប្រាក់ឈ្នួល ក៏លោកពេញចិត្តនឹងជួយការងារនេះដែរ៖ «គិតថាកន្លែងគាត់ (លោក កាម៉ង់ដង់) ខ្វះជាងចឹងទៅ ដូចខ្ញុំអ៊ីចឹង ក៏អាចធ្វើកូនជាងហុចនេះហុចនោះឲ្យគាត់ ហើយអ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំធ្វើ»។
លោក សៀន កាម៉ង់ដង់ ត្រូវរងការរើសអើង ព្រោះលោកហ៊ានចេញមុខធ្វើរូបសំណាកលោក កែម ឡី ប៉ុន្តែលោកថា លោកសប្បាយចិត្តដែលបានធ្វើរូបសំណាកនេះឡើង ព្រោះលោក កែម ឡី ជាអ្នករូតវាំងននខ្មៅឲ្យពលរដ្ឋមើលឃើញពីបញ្ហាសង្គម។ ជាងនេះទៅទៀត លោក កាម៉ង់ដង់ នៅតែប្រកាន់គោលជំហរថា លោកមានសេរីភាពរបស់លោកជាជាងចម្លាក់ នរណាឲ្យខ្ញុំធ្វើរូបអ្វីមួយ លោកអាចធ្វើបាន លោកត្រូវតែធ្វើ៕