ពលរដ្ឋរស់នៅក្រុងសៀមរាប ជំរុញប្រធានមន្ទីរសាធារណៈខេត្តសៀមរាប ដែលទើបតែត្រូវបានតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបនាផ្លូវក្នុងក្រុងសៀមរាបឱ្យមានគុណភាពខ្ពស់ ចៀសវាងការប្រព្រឹត្តអំពើពុករលួយ។ ពួកគេអះអាងថា អតីតប្រធានមន្ទីរសាធារណការខេត្តសៀមរាប លោក គឹម ប៉ុណ្ណា អសមត្ថភាព បម្រើសេវាសាធារណៈជូនពលរដ្ឋជាច្រើនអាណត្តិមកហើយ និងមិនអើពើការជួសជុលផ្លូវខូចខាតជាដើម។
ការលើកឡើងនេះ គឺក្រោយពីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី៩ សីហា បានប្រកាសផ្ទេរភារកិច្ច លោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការខេត្តសៀមរាប មកបម្រើការងារនៅទីស្ដីការក្រសួងវិញ ដោយដាក់ លោក គី វីវិន្ទ ប្រធានមន្ទីរសាធារណៈការណ៍ ខេត្តត្បូងឃ្មុំមកជំនួសវិញ។
ក្រុមពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបត្អូញថា លោក គឹម ប៊ុណ្ណា អតីតប្រធានមន្ទីរសាធារណការខេត្តសៀមរាប មិនបានយកចិត្តទុកដាក់ ជួសជុលផ្លូវលំ និងកសាងផ្លូវឱ្យមានរបៀបរៀបរយ ដើម្បីបំពេញតម្រូវការពលរដ្ឋ និងភ្ញៀវទេសចរនោះទេ។ ពួកគេអះអាងថា ផ្លូវលំក្នុងក្រុងជាច្រើនខ្សែ ដែលជាតំបន់ទីប្រជុំជន ខូចបែកភក់ល្បាប់ លំបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ។
ពលរដ្ឋរស់នៅក្រុងសៀមរាប លោក អាង ឆាល ឱ្យដឹងនៅថ្ងៃទី១៧ សីហាថា ក្តីកង្វល់ទាក់ទិនផ្លូវលំបាកធ្វើដំណើរក្នុងក្រុងសៀមរាប បានកើតមានជាច្រើនអាណត្តិមកហើយ។ លោកថា ពលរដ្ឋ បានទន្ទឹងរង់ចាំអាជ្ញាធរកសាងផ្លូវ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែគ្មានអ្វីប្រែប្រួលទេ។ លើសពីនេះ ទៀត ពីមួយអាណត្តិទៅមួយអាណត្តិ ពលរដ្ឋមិនទាន់ឃើញមានមន្ត្រីណាមួយ ចេញមុខកសាងផ្លូវក្នុងក្រុងឱ្យគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ទាល់តែសោះ សូម្បីផ្លូវកន្លែងខ្លះដាច់ដោយដុំៗ ខូចខាតច្រើន ក៏ពុំឃើញមានមន្ត្រីណាជួសជុលដែរ។ លោករំពឹងថាប្រធានមន្ទីរសាធារណការថ្មីនឹងអាចដោះស្រាយបញ្ហាទាំងនេះបានឆាប់ៗ ដោយមិនប្រព្រឹត្តអំពើពុករលួយ៖ «មានតំបន់ជាច្រើន ( ផ្លូវ ) ដែលអាជ្ញាធរលោកអត់មើលឃើញ។ ពីមួយអាណត្តិទៅមួយអាណត្តិ តំបន់ដែលលំបាកផ្លូវនៅដដែល ដូចអត់មានឃើញផ្លាស់ប្ដូរផង។ អត់ទាន់ឃើញ មានសកម្មភាពណាមួយគួរឱ្យចាប់អារម្មណ៍មើលទៅ គួរឱ្យពេញចិត្តសម្រាប់ពលរដ្ឋនៅខេត្តសៀមរាបទាល់តែសោះ»។
បុរសដដែលបន្ថែមថា ភ្ញៀវទេសចររអ៊ូរទាំ ពីផលប៉ះពាល់អវិជ្ជមានជាច្រើន ទាក់ទិនផ្លូវលំជាច្រើនខ្សែ តភ្ជាប់ពីផ្លូវជាតិ ក្នុងក្រុងសៀមរាបខូចខាតធ្ងន់ធ្ងរ បែកភក់ជ្រាំនៅរដូវវស្សា និងហុយធូលីដីនៅរដូវប្រាំង។ លោកថា ផ្លូវលំជាច្រើនខ្សែក្នុងក្រុងដែលជាតំបន់ទីប្រជុំជន រងការខូចខាតធ្ងន់ធ្ងរ៖ «យើងសង្ឃឹមថា អ្នកថ្មីហ្នឹងលោកធ្វើក្រុងសៀមរាបដែលមានសក្ដានុពល ទាក់ទិនវិស័យទេសចរណ៍ ឱ្យមានលក្ខណៈទំនើបរីកចម្រើនផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។ ការធ្វើដំណើររបស់ពលរដ្ឋ មើលទៅឱ្យមានភាពល្អប្រសើរឡើងវិញ។ ក្មេងខ្លះបើកម៉ូតូខ្ចាយទឹក ជាតំបន់ទេសចរណ៍ទៅទៀត លោកគួរតែគិត និងចាត់វិធានការឱ្យបានល្អប្រសើរ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទរាតា ដើម្បីសុំការអធិប្បាយជុំវិញការលើកឡើងរបស់ពលរដ្ឋ តែទូរស័ព្ទហៅចូល គ្មានអ្នកទទួលនៅថ្ងៃសៅរ៍ ទី១៧ សីហា។
តែទោះជាយ៉ាងណាក្ដី លោកធ្លាប់ប្រាប់អាស៊ីសេរីថា គោលការណ៍របស់ក្រសួង ត្រូវលុបជង្ហុក និងជួសជុលផ្លូវ គ្រប់កន្លែងទាំងអស់ ហើយការជួសជុលផ្លូវធំៗ មន្ទីរសាធារណការចាំបាច់ត្រូវរាយការណ៍ទៅក្រសួង៖ «ក្រសួងមិនព្រងើយកន្តើយទេ បើមានគ្រលុកមាន់ច្រើន ក្នុងក្រុង ខ្ញុំគិតថា នេះជាគោលការណ៍ក្រសួងក្តៅគគុក ទាក់ទងធ្វើការកែ ធ្វើម៉េច លុបគ្រលុកឱ្យស្អាត រហូតឱ្យពលរដ្ឋបង្ហោះ កន្លែងណាមានបញ្ហាបង្ហោះចូល Page ក្រសួងទៀត។ ខ្ញុំគិតថា មិនធ្ងន់ធ្ងរដូចការលើកឡើងទេ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ក្រសួងត្រូវពិនិត្យពីចំណុចសំខាន់មួយចំនួនថា តើអតីតប្រធានមន្ទីរសាធារណការខេត្តសៀមរាប បានរៀបចំផែនការអភិវឌ្ឍន៍ស្របតាមតម្រូវការពលរដ្ឋនៅមូលដ្ឋានឬទេ? តែប្រសិនពុំបានលើកផែនការឱ្យស្របតាមតម្រូវការចាំបាច់របស់ពលរដ្ឋទេ រដ្ឋាភិបាលត្រូវតែដកប្រធានមន្ទីរចាស់ជាបន្ទាន់។ លោកផ្ដល់មតិថា ក្រសួងគួរតែរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈប្រជាធិបតេយ្យ ដែលជំរុញប្រធានមន្ទីរសាមីថា ត្រូវធ្វើផែនការ ឆ្លុះបញ្ចាំងតម្រូវការចាំបាច់របស់ពលរដ្ឋ ជាពិសេស ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងសុខុមាលភាពពលរដ្ឋនៅមូលដ្ឋាន៖ «គួរតែមានការសាកល្បងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ មានន័យថា ឱ្យថ្នាក់ក្រោម ថ្នាក់មន្ទីរក្រោមធ្វើផែនការ ដោយឆ្លុះបញ្ចាំងតម្រូវការផ្សេងៗរបស់ពលរដ្ឋជាពិសេសភាពចាំបាច់នៃទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរ ដើម្បីចាត់ទុក ជាអត្ថិភាពមួយទាក់ទាញភ្ញៀវទេសចរផង និងសម្រាប់សុខុមាលភាពពលរដ្ឋនៅមូលដ្ឋាន»។
ទោះជាយ៉ាងណាក្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល ចាត់ទុកការ ការផ្លាស់ប្ដូរប្រធានមន្ទីរពេលនេះ ជាការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ហើយលោកក៏ជំរុញឱ្យប្រធានមន្ទីរសាធារណការថ្មី អនុវត្តសកម្មភាព ១០០ថ្ងៃ ដើម្បីបង្ហាញស្នាដៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។