ការបើកប្រាក់ខែទៅឲ្យមន្ត្រីរាជការនៅតាមស្ថាប័នរបស់រដ្ឋនានា គេសង្កេតឃើញថា ភាគច្រើនតែងតែជួបប្រទះនូវភាពយឺតយ៉ាវ ហើយស្ថាប័នខ្លះខកខានអស់រយៈពេលជាច្រើនខែជាប់គ្នាថែមទៀត។ ការទទួលបានប្រាក់ខែតិច និងការបើកប្រាក់ខែមិនទៀងទាត់ កំពុងបង្កផលលំបាកយ៉ាងខ្លាំងចំពោះមន្ត្រីទាំងនោះ។ ជាក់ស្ដែង បញ្ហានេះកំពុងកើតមានទៅលើបុគ្គលិកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ បុគ្គលិកទាំងនោះបានត្អូញត្អែរថា ចាប់តាំងពីខែវិច្ឆិកា រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០១៣ នេះ ពួកគាត់នៅពុំទាន់ទទួលបានទទួលប្រាក់ខែនោះឡើយ ហើយភាពយឺតយ៉ាវនេះតែងតែកើតមានស្ទើរគ្រប់ខែ៖ «ប្រាក់ខែវាអត់ទៀងទាត់ចូលឆ្នាំ២០១៣ ហ្នឹង កាលពីឆ្នាំ២០១២ គឺគេអត់បើកមកពីរខែរហូតជាប់គ្នាបីដង ហើយដល់ឆ្នាំ២០១៣ នេះ មានបញ្ហាមួយទៀតមានខែខ្លះលើសកន្លះខែ វាអត់ទៀងទាត់ ហើយដល់ពេលវិច្ឆិកា នេះអត់បានបើក។ ឥឡូវដល់ខែធ្នូ ជិតដាច់ខែហើយគេមិនទាន់បើកឲ្យទៀត»។
ក្រុមមន្ត្រីបម្រើការនៅមន្ទីរការងារនោះពុំបានដឹងថា ការយឺតយ៉ាវនេះបណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់លាស់នោះទេ។ បុគ្គលិកបម្រើការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ មានចំនួនប្រមាណជាង ៥០នាក់។ ពួកគាត់លើកឡើងថា ភាពយឺតយ៉ាវនេះបានធ្វើឲ្យពួកគាត់ជួបបញ្ហាលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ស្មារតីធ្ងន់ធ្ងរនៅពេលបំពេញការងារថែមទៀត។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទង លោក លឹម សុថេត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ ប៉ុន្តែ លោក យ៉ាន យ៉ុង ជាបុគ្គលិកគណនេយ្យនៃមន្ទីរការងារនោះបញ្ជាក់ថា មូលហេតុនៃការយឺតយ៉ាវក្នុងការបើកប្រាក់ខែឲ្យបុគ្គលិក គឺបណ្ដាលមកពីកញ្ចប់ថវិកាដែលបញ្ជូនមកពីក្រសួង មានភាពយឺតយ៉ាវ ហើយបុគ្គលិកជំនាញដែលត្រូវរៀបចំបើកថវិកាបើកឲ្យបុគ្គលិក ក៏ជាប់បំពេញបេសកកម្មទៅរៀននៅទីក្រុងភ្នំពេញ។ ម្យ៉ាងវិញទៀត លោកថា ការរៀបចំឯកសារបើកប្រាក់ខែនោះក៏មានភាពយឺតយ៉ាវដូចគ្នា៖ «ឯកសារហ្នឹងបានរៀបចំរួចរាល់អស់ហើយ ទាំងខែ១១ ខែ១២ ហ្នឹង ដាក់ចូលទៅសាលាខេត្ត ប៉ុន្តែអត់ទាន់ចេញ។ លោកអភិបាលខេត្តជាប់ប្រជុំច្រើន ដោយសារគាត់អញ្ជើញមកថ្មីៗ។ អ៊ីចឹងវាយឺតបន្តិច ខ្ញុំនៅក្នុងការិយាល័យគណនេយ្យដែរ ប៉ុន្តែខ្ញុំអត់បានកាន់ផ្នែកបៀវត្សទេ ប៉ុន្តែខ្ញុំដឹងថា រឿងហ្នឹងវាអ៊ីចឹង»។
ទោះយ៉ាងនេះក្តី ក្រុមបុគ្គលិកបម្រើការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ទាំងនោះបានជំរុញឲ្យមានការបើកប្រាក់ខែឲ្យពួកគាត់ឲ្យបានឆាប់ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ និងដោះស្រាយបញ្ហាផ្សេងៗនៅក្នុងក្រុមគ្រួសារ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា មន្ត្រីបម្រើការនៅស្ទើរគ្រប់ស្ថាប័នមន្ទីររបស់រដ្ឋទទួលបានប្រាក់ខែមិនទៀងទាត់ ហើយបញ្ហានេះកើតមានយូរឆ្នាំមកហើយ។ លោកថា បុគ្គលិកនៅស្ថាប័នរដ្ឋទាំងនោះទទួលប្រាក់តិច និងបើកមិនទៀងទាត់ដូច្នេះ បានបង្កឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំង៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់គួរតែខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបញ្ជូនលុយឲ្យបានឆាប់ ព្រោះថា វាប៉ះពាល់យ៉ាងខ្លាំង។ ទី១ យើងឃើញប៉ះពាល់ទៅលើស្មារតីរបស់គាត់។ ទី២ យើងឃើញប៉ះពាល់ទៅលើសេដ្ឋកិច្ចរបស់គាត់។ កន្លងមក យើងបានទទួលនូវព័ត៌មានជាច្រើនដែលថា លុយមួយចំនួនដែលមន្ត្រីរបស់ខ្លួនបានចុះទៅ ហើយធ្វើការមុន ហើយបើកលុយតាមក្រោយ ប៉ុន្តែលុយហ្នឹងយឺតយ៉ាវអត់បានទម្លាក់ជូនគាត់ ហើយគាត់បែរទៅជាជំពាក់ចិន ជំពាក់អីអ៊ីចឹង»។
មន្ត្រីសិទ្ធិមនុស្សដដែលបន្តថា រដ្ឋាភិបាល និងក្រសួងដែលជាប់ពាក់ព័ន្ធទាំងអស់ គួរកែសម្រួលរៀបចំកញ្ចប់ថវិកា ដើម្បីបើកជូនដល់មន្ត្រីរាជការនៅតាមស្ថាប័ននានាទាំងអស់ឲ្យឆាប់ទាន់ខែ និងកែប្រែយន្តការនេះឲ្យបានប្រសើរជាងសព្វថ្ងៃ។ បើពុំដូច្នេះទេ បញ្ហានេះមិនគ្រាន់តែបង្កផលប៉ះពាល់លើសេដ្ឋកិច្ចរបស់មន្ត្រីរាជការទាំងនោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។