ក្រុមអាជីវករលក់ដូរតាមដងផ្លូវ ស្នើសុំឲ្យអាជ្ញាធររបបក្រុងភ្នំពេញ បញ្ឈប់ការបៀតបៀន និងប្រើហិង្សាប្រឆាំងលើក្រុមពួកគេ។ សំណើសុំនេះ ធ្វើឡើងក្នុងខួបលើកទី៦ នៃទិវាអន្ដរជាតិ អ្នកលក់ដូរតាមដងផ្លូវ នៅទីស្នាក់ការសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។
ក្រុមអ្នកលក់ដូរតាមផ្លូវ កាលពីថ្ងៃទី១៤ វិច្ឆិកា បានជួបជុំគ្នា នៅសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក ដើម្បីរំលឹកខួបអន្ដរជាតិ លើកទី៦ នៃទិវាអ្នកលក់ដូរតាមផ្លូវ។ តំណាងក្រុមអាជីវករលក់ដូរតាមដងផ្លូវជាង ១០០នាក់ នៅក្នុងរាជធានីភ្នំពេញ បានចូលរួម ជាមួយក្រុមសង្គមស៊ីវិល។ អាជីវករលក់ដូរតាមដងផ្លូវ អះអាងថា ពួកគេមកពីម្ដុំផ្សារដើមគរ ម្ដុំខណ្ឌសែនសុខ ផ្លូវ២០០៤ មុខរបងមន្ទីរពេទ្យរុស្ស៊ី និងអ្នករុញរទេះលក់តាមផ្លូវជាដើម។
ប្រធានអ្នកលក់ដូរតាមផ្លូវ នៃសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កញ្ញា ហួត គីមស័ង ឲ្យដឹងថា ទិវាអន្ដរជាតិនៃអ្នកលក់ដូរតាមផ្លូវ ត្រូវបានប្រារព្វឡើងដំបូងនៅឆ្នាំ២០១២ នៅទ្វីបអាហ្វ្រីក។ នៅឆ្នាំ២០១៤ ក្រុមអ្នកលក់ដូរតាមផ្លូវ បាននាំគ្នាចាប់ផ្ដើមប្រារព្វនៅកម្ពុជា ដើម្បីទាមទារចង់ឲ្យមានកន្លែងលក់ដូរត្រឹមត្រូវតាមដងផ្លូវ ដោយមិនមានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ៖ «»
អាជីវករលក់ដូរសំលៀកបំពាក់ និងស្បែកជើង នៅផ្សារដើមគម្នាក់ អ្នកស្រី ម៉ៅ លក្ខិណា ប្រាប់ថា ក្រុមអាជីវករលក់ដូរក្នុងផ្សារ និងតាមដងផ្លូវនៅផ្សារដើមគ បានចងក្រង ដើម្បីរួមគ្នាតស៊ូមតិឲ្យបញ្ឈប់ការបៀតបៀន ការប្រើហិង្សា វាយ ជាន់កម្ទេចបន្លែ តាមកញ្ច្រែង ល្អី របស់អ្នកលក់តាមដងផ្លូវ។ អាជីវកររូបនេះ សង្គេតឃើញថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមសន្ដិសុខផ្សារដើមគរ បានដេញចាប់ គ្រវែងកញ្ច្រែង កញ្ជើ របស់អ្នកលក់បន្លែ តាមផ្លូវនៅម្ដុំផ្សារដើមគជាច្រើន បើទោះបីជាពួកគេបានខិត កញ្ច្រែង មកលក់ឆ្ងាយពីផ្លូវហើយក្ដី។ អ្នកស្រី ម៉ៅ លក្ខិណា បន្ដថា អ្នកដឹកបន្លែពីផ្សារនាគមាស មកដាក់តាមតូបឲ្យអាជីវករនៅផ្សារដើមគ និងក្រុមម៉ូតូឌុប ដែលចូលទិញបន្លែ និងរត់ម៉ូតូម្ដុំផ្សារដើមគ ក៏រងការរឹបអូសម៉ូតូ យកទៅខណ្ឌទួលគោកដែរ៖ «»
អ្នកលក់ចេកចៀន តាមផ្លូវម្ដុំផ្សារដើមគម្នាក់ គឺអ្នកស្រី ណឹប សឿន រៀបរាប់ថា នៅពេលមន្ត្រីកងកម្លាំងចុះចាប់ម្ដងៗ តែងលើកបោះសម្ភារៈ ខ្ទះចៀនចេក ចង្កឹះ ចង្ក្រាន្ដ ជាដើម ដាក់ឡានយកទៅខណ្ឌ ដោយមិនស្ដាប់ពីពាក្យអង្វរទេ។ អាជីវករវ័យចំណាស់រូបនេះ អះអាងថា តែងបានលើកពីទុក្ខកង្វល់រៀបរាប់ប្រាប់មន្ត្រីសាលារាជធានីភ្នំពេញ ពេលចុះមកប្រជុំជាមួយអាជីវករតាមផ្លូវ ប៉ុន្ដែមិនសូវមានការយកចិត្តទុក្ខដាក់ច្រើនទេ៖ «»
សេចក្តីថ្លែងការណ៍របស់សមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញថា អ្នកលក់ដូរតាមផ្លូវ នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហា ដូចជា គ្មានកន្លែងលក់ដូរសមរម្យ បញ្ហាអនាម័យ សុខភាព បញ្ហាសុវត្ថិភាពអ្នកលក់ដូរតាមផ្លូវរងការបៀតបៀនពីម្ចាស់ផ្ទះ និងអាជ្ញាធរមួយចំនួន បញ្ហាប្រឈមនឹងសិទ្ធិ បញ្ហាប្រឈមការបណ្ដេញចេញពីកន្លែងលក់ដូរ ប្រឈមការវិនិយោគ ដើម្បីអភិវឌ្ឍន៍ ហើយបណ្ដេញអ្នកលក់ដូរតាមដងផ្លូវចេញ មិនទទួលបានកិច្ចគាំពារសង្គម គ្មានប័ណ្ណមូលនិធិសមធម៌ និងរបបសន្ដិសុខសង្គម ចំណូលមិនទៀងទាត់ ថ្លៃភាស៊ីមិនច្បាស់លាស់ រងអំពើហិង្សាពេលកងកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ ចាប់ឥវ៉ាន់អ្នកលក់ដូរ ធ្វើឲ្យខូចខាតសម្ភារៈ បង្ខាំងឥវ៉ាន់លក់ដូរក្នុងការិយាល័យសណ្ដាប់ធ្នាប់យូរ និងបាត់បង់សម្ភារៈ ក្រោយពេលចាប់យកទៅផ្សារជាច្រើន មិនគោរពតាមការណែនាំ ហើយនៅតែយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងទីសាធារណៈមួយចំនួន សុខចិត្តបិទចោល មិនព្រមបើកឲ្យអ្នកលក់ដូរតាមផ្លូវមានឱកាសលក់ដូរជាដើម។
មន្ត្រីកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា ដែលបានចូលរួមជាវាគ្មិន ក្នុងទិវាអ្នកលក់ដូរតាមផ្លូវ លើកឡើងថា ការបៀតបៀន និងអំពើហិង្សានេះ កើតមានដូចគ្នាសម្រាប់អ្នកលក់ដូរតាមដងផ្លូវ នៅប្រទេសថៃ ក្បែរខាងកម្ពុជា ប៉ុន្ដែ ក្រោយពេលអ្នកលក់ដូរតាមដងផ្លូវចងក្រង ជួយតវ៉ាគ្នា នៅពេលមានការគាបសង្កត់ សកម្មភាពទាំងនោះ បានកាត់ខ្លះហើយ នៅសព្វថ្ងៃ៖ «»
ក្រោយបានរៀបរាប់ពីទុក្ខលំបាក និងការចែករំលែកបទពិសោធន៍នានា ក្រុមអាជីវករតាមដងផ្លូវ និងសង្គមស៊ីវិល បានយកញ្ញត្តិ បង្ហាញទុក្ខកង្វល់របស់ពួកគេ ទៅដាក់ជូនខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ នៅក្រោមដើមពោធិ៍មុខវត្តបុទុមវត្តី រដ្ឋសភា និងសាលារាជធានីភ្នំពេញ។
ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ ឲ្យដឹងថា មន្ត្រីប្រចាំការនៅខុទ្ទកាល័យ លោក គង់ ចំរើន បានទទួលយកញត្តិ និងសន្យាប្រគល់ជូនថ្នាក់លើ។ ចំណែកនៅរដ្ឋសភាវិញ គណៈកម្មការទទួលពាក្យបណ្ដឹងបានចេញមកទទួលញត្តិ និងសន្យាប្រគល់ញត្តិជូនថ្នាក់លើដូចគ្នា។ នៅសាលារាជធានីភ្នំពេញវិញ ក្រុមអ្នកដាក់ញត្តិ បានចូលទៅដាក់ដល់ក្នុងការិយាល័យរដ្ឋបាល។
លោក វ៉ន់ ពៅ សង្គេតឃើញថា កន្លងមកអាជ្ញាធរ និងកងសន្ដិសុខផ្សារ បានអនុវត្តសារាចរណ៍បញ្ឈប់ការយកភាស៊ីលើអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី បានត្រឹមត្រូវតែ ២ ឬ ៣ខែដំបូងប៉ុណ្ណោះ។ បច្ចុប្បន្ន នៅតាមផ្សារជាច្រើន នៅរាជធានីភ្នំពេញ កងសន្ដិសុខផ្សារ និងអ្នកដើរទារភាស៊ី នៅតែបង្ខំទារយកភាស៊ីពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ដដែល។ សង្គមស៊ីវិលរូបនេះ ទាមទារឲ្យមានវិធានការ លើអ្នកល្មើសនឹងសារាចរណ៍ណែនាំនេះ៖ «»
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃទី១៤ វិច្ឆិកា ដោយសារទូរស័ព្ទជាច្រើនដង មិនមានអ្នកទទួល។
សមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្ដល់យោបល់ថា ដើម្បីដោះស្រាយ បញ្ហារបស់អ្នកលក់ដូរតាមដងផ្លូវ អាជ្ញាធរត្រូវរៀបចំសណ្ដាប់ធ្នាប់ ដោយភាពទទួលខុសត្រូវ ចំពោះអ្នកលក់ដូរតាមដងផ្លូវ គឺត្រូវបញ្ឈប់ការប្រើអំពើហិង្សា ត្រូវរៀបចំកន្លែងឲ្យអ្នកលក់ដូរតាមផ្លូវសមរម្យ និងមានអនាម័យ ដាក់គំនូសខណ្ឌចែកចំណែកចិញ្ចើមផ្លូវ ឬដាក់របងសម្រាប់បែងចែកចំណែកផ្លូវសម្រាប់អ្នកលក់ដូរតាមផ្លូវ។ ការធ្វើបែបនេះ អង្គការសង្គមស៊ីវិល ចាត់ទុកថា ជាសោភ័ណភាពទីក្រុង ងាយស្រួលក្នុងការទិញលក់ និងមានសុវត្ថិភាព និងសុំបន្ដឡើងវិញ នូវប័ណ្ណមូលនិធិសមធម៌ សម្រាប់អ្នកលក់ដូរតាមផ្លូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។