ក្រុមគ្រូបង្រៀន អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សម្ដែងការបារម្ភពីការបោះបង់ការសិក្សារបស់សិស្សកើនឡើង ដោយសារខ្វះសាលារៀន ខ្វះសម្ភារៈសិក្សា និងបន្ទប់រៀនមិនគ្រប់គ្រាន់ ដែលជាឧបសគ្គចម្បងរុញច្រានឲ្យពួកគេបោះបង់ការសិក្សា។ ក្រុមគ្រូបង្រៀនទទូចឲ្យក្រសួងអប់រំ និងអង្គការមិនមែនរដ្ឋាភិបាល ពន្លឿនការកសាងសាលារៀនបន្ថែម ដើម្បីឆ្លើយតបតម្រូវការសិក្សារបស់សិស្សនៅជនបទ។
ក្រុមគ្រូបង្រៀននៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី១៦ សីហា ថា សិស្សានុសិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី៦ តិចតួចណាស់ដែលមានលទ្ធភាពបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ។ បញ្ហានេះ ក្រុមគ្រូបង្រៀនអំពាវនាវជាថ្មីទៀតឲ្យក្រសួងអប់រំ ចុះពិនិត្យលទ្ធភាពតម្រូវការសិក្សារបស់សិស្សជាបន្ទាន់ ខណៈចំនួនសិស្សកាន់តែកើនឡើង។

គ្រូបង្រៀនសាលាបឋមសិក្សា ត្នោតថ្មី អ្នកស្រី សំអៀង វាសនា កត់សម្គាល់ថា កុមារក្នុងភូមិជាង ៤០នាក់មានតែ ៥នាក់ទៅ ៦នាក់ទេដែលបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ ដោយសារសាលារៀនឆ្ងាយពីផ្ទះចាប់ពី ១០គីឡូម៉ែត្រដល់ជាង ៤០គីឡូម៉ែត្រ។ អ្នកស្រីមើលឃើញថា អនុវិទ្យាល័យក្នុងស្រុកថាឡាបរិវ៉ាត់ មិនអាចបំពេញតម្រូវការសិស្សានុសិស្សរស់នៅជនបទបានទេ។ ចំណែកឃុំសំអាង ឃុំអន្លង់ភេ ឃុំអន្លង់ជ្រៃ និងឃុំចំការលើ ពុំទាន់មានអនុវិទ្យាល័យ បញ្ហានេះបង្កការលំបាកដល់សិស្សានុសិស្ស ដែលនឹងរុញច្រានឲ្យពួកគេបោះបង់ការសិក្សា៖ « សិស្សនៅជនបទអត់បានទៅបន្តរៀននៅអនុវិទ្យាល័យទេ ដោយសារតែខ្វះសាលារៀន។ ក្រសួងអប់រំ ដូចជាសម្ដេចនាយកដូចថាគាត់ចាប់អារម្មណ៍តែខាងទីជនបទផង កុំឲ្យចាប់អារម្មណ៍ទីប្រជុំជនពេក »។
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក ខៀវ ឯក ឲ្យដឹងថា កូនៗរបស់លោក ៣នាក់ហើយត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៦ ដោយសារសាលារៀនឆ្ងាយពីផ្ទះជិត ៤០គីឡូម៉ែត្រ។ លោកថា ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សរាប់រយនាក់ត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៦ ដោយសារខ្វះសាលារៀន កត្តាជីវភាព និងប្រពៃណី។ លើសពីនេះ សិស្សដែលអាចបន្តការសិក្សាថ្នាក់អនុវិទ្យាល័យមានតិចតួចបំផុត កម្រនឹងបន្តការសិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យបាន។ លោកថា ប្រសិនបើក្រសួងអប់រំ មិនចាត់វិធានការករណីនេះទេ អត្រាបោះបង់ការសិក្សារបស់សិស្សកើនឡើង បង្កការប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស៖ « ៥ឆ្នាំហើយថាបង្កើនអនុវិទ្យាល័យ អត់បានបង្កើតទេ។ ចឹងក្នុងការបាត់បង់របស់សិស្ស និងក្នុងការបង្ហាត់បង្រៀន ហើយម្យ៉ាងបញ្ហាគ្រូមិនដិតដល់សាលាផង។ ជួនកាលមួយអាទិត្យរៀនពីរដង »។
ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឋិតនៅទិសខាងជើងឆៀងខាងលិចនៃទីរួមខេត្តស្ទឹងត្រែង ឆ្ងាយពីទីរួមខេត្តប្រមាណជាង ៤០គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៩ ឆ្លងស្ពានមេគង្គឆ្ពោះទៅខេត្តព្រះវិហារ។ ពលរដ្ឋរស់នៅទីនោះ ភាគច្រើនជាពលរដ្ឋជនជាតិដើមភាគតិចកួយ និងអ្នកចំណូលថ្មីមានចំនួនសរុបប្រមាណជាង ៣ពាន់គ្រួសារ ស្មើនឹងពលរដ្ឋជាង ៤ពាន់នាក់ (៤.៤០០នាក់)។
មេឃុំសំអាង លោក ញៀន ផុន ទទួលស្គាល់ថា ឃុំសំអាង ខ្វះសាលារៀន តែអាជ្ញាធរបានរៀបចំរបាយការណ៍ករណីនេះក្នុងគម្រោងវិនិយោគរាល់ឆ្នាំ។ លោកថា អាជ្ញាធរបានរៀបចំទីតាំងសម្រាប់សាងសង់សាលារួចហើយ ដោយគ្រោងនឹងសាងសង់អនុវិទ្យាល័យប្រក់រោងបណ្ដោះអាសន្ន តែត្រូវបានអាក់ខានដោយសារអង្គការសង្គមស៊ីវិលមួយចំនួន បានធានាពីការផ្តល់ជំនួយ ទើបលោកផ្អាកការសាងសង់៖ « រៀបចំកាត់សសរកាត់អី ស្រាប់តែអង្គការមួយចំនួនមកធានាអះអាងថា ពួកខ្ញុំ នឹងសាងសង់ឲ្យ។ ចឹងពួកខ្ញុំក៏ផ្អាកអាហ្នឹងទៅ »។
ប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា គម្រោងរបស់ធនាគារ អេ.ឌី.ប៊ី (ADB) តាមរយៈក្រសួងអប់រំ គ្រោងនឹងសាងសង់អនុវិទ្យាល័យបន្ថែមនៅឃុំអន្លង់ជ្រៃ ឃុំអន្លង់ភេ និងឃុំចំការលើ នៅចុងឆ្នាំនេះ ហើយនឹងផ្ដើមបើកឲ្យដំណើរការនៅឆ្នាំក្រោយ។ ចំណែកឃុំសំអាង ពុំទាន់មានគម្រោងនេះទេ។ តែយ៉ាងណា លោកថាអាជ្ញាធរស្រុក នឹងស្នើករណីនេះទៅមន្ទីរអប់រំ ដើម្បីសាងសង់អនុវិទ្យាល័យនៅឃុំសំអាង ឲ្យបានព្រមគ្នា៖ « ជាគោលនយោបាយរបស់រដ្ឋាភិបាល យើងជំរុញឲ្យមានអនុវិទ្យាល័យគ្រប់ឃុំទាំងអស់។ ខ្ញុំបានជជែកគ្នាជាមួយអប់រំច្រើនដែរពាក់ព័ន្ធនឹងសាលា អនុវិទ្យាល័យតាមឃុំទាំង១១ ហើយឥឡូវនេះខាងអប់រំគេឲ្យយោបល់បច្ចេកទេសយើងវិញ ពាក់ព័ន្ធតំបន់មួយចំនួនបង្កើតសាលាអត់សូវមានសិស្ស វាធ្វើឲ្យសាលាអត់ដំណើរការ »។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ដើម្បីសុំបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី១៦ សីហា ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ភាពយឺតយ៉ាវនៃការសាងសង់សាលារៀន គឺជាសញ្ញាបង្ហាញថា ក្រសួងអប់រំ ហាក់កំពុងដើរបញ្ច្រាសពីគោលនយោបាយពង្រឹងវិស័យអប់រំ និងការអនុវត្តយុទ្ធសាស្ត្រលើកកម្ពស់វិស័យអប់រំជាអាទិភាព ដែលថា «ទាំងអស់គ្នាដើម្បីការអប់រំ ការអប់រំដើម្បីទាំងអស់គ្នា»។ លើសពីនេះ ការឆ្លើយឆ្លងព័ត៌មាន ឬការរៀបចំផែនការអភិវឌ្ឍន៍នៅមូលដ្ឋាន ទាក់ទងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ហាក់បីដូចជាយឺតយ៉ាវ។ ភាពយឺតយ៉ាវនេះ នឹងអាចបង្កជាសញ្ញាអវិជ្ជមានធ្ងន់ធ្ងរក្នុងការបំពេញតម្រូវការដល់សិស្សានុសិស្ស។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ថា អត្រាបោះបង់ការសិក្សារបស់សិស្សកើនឡើង បង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានរបស់ជាតិ និងនាំឲ្យប្រទេសជាតិដើរថយក្រោយ។ អ្នកស្រីថា ក្រសួងអប់រំ ត្រូវដោះស្រាយជាបន្ទាន់ករណីនេះ ដើម្បីទប់ស្កាត់អត្រាការបោះបង់ការសិក្សារបស់សិស្ស និងដើម្បីពង្រឹងគុណភាពអប់រំ៖ « ខ្ញុំសុំទទូចឲ្យក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់យ៉ាងណា សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលគាត់មានសាលារៀនល្អ គ្រូល្អ ដើម្បីអនាគត »។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ឃើញថា ប្រសិនបើក្រសួងអប់រំ នៅតែអនុវត្តផែនការអនុលោមតាមថ្នាក់លើកំណត់។ លោកមិនសង្ឃឹមថា ឱកាសទទួលបានការអប់រំរបស់សិស្សនៅជនបទ មានសមាមាត្រគ្នានឹងសិស្សនៅទីប្រជុំជននោះទេ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ ត្រូវមានយុទ្ធសាស្ត្រគាំពារសាលានៅជនបទ ដែលធានាថាផ្តល់ឱកាសឲ្យសិស្សទទួលបានសេវាអប់រំប្រសើរ តាមរយៈបង្កើតតម្រូវការអាទិភាពដល់សាលាជួបការលំបាក និងខ្វះខាត។ លើសពីនេះ ក្រសួងអប់រំ គួរចាប់យកទិសដៅវិមជ្ឈការវិស័យអប់រំ ទើបអាចស្រោចស្រង់ស្ថានភាពដែលកំពុងប៉ះពាល់ និងស្រោចស្រង់គម្លាតនៃការអភិវឌ្ឍនៅទីប្រជុំជន និងជនបទបាន។ លោកមើលឃើញថា ក្រសួងបានទម្លាក់កញ្ចប់ថវិកាអភិវឌ្ឍន៍ គឺផ្អែកតាមផែនការកំណត់ មានចំណុចខ្លះ កញ្ចប់ថវិកានោះមិនអាចបំពេញតម្រូវការជាក់ស្តែងទេ ដោយសារការលើកផែនការ គឺសម្រេចតាមអ្វីដែលថ្នាក់លើកំណត់៖ « ខ្ញុំនៅតែទទូចថា ត្រូវធ្វើវិមជ្ឈការវិស័យអប់រំដើម្បីធ្វើម៉េចឲ្យសាលារៀននីមួយៗ អាចមានលទ្ធភាពលើកផែនការនៅតាមតម្រូវការរបស់ខ្លួនហ្នឹង ហើយក្រសួងត្រូវបែងចែកថវិកាទៅតាមហ្នឹងដែរ។ មិនអាចធ្វើតាមគំរូចាស់ និងតាមចំនួនសិស្សដែលមានទេ។ បើចឹង សាលាដែលខ្វះខាតនៅតែខ្វះខាតដដែលហ្នឹង »។
លោកគ្រូអ្នកគ្រូព្យាករថា សិស្ស និងយុវជនរស់នៅស្រុកថាឡាបរិវ៉ាត់ បច្ចុប្បន្នអាចបន្តការសិក្សាដល់កម្រិតអនុវិទ្យាល័យ និងមធ្យមសិក្សាមានតិចតួចបំផុត។ ដោយឡែកការបោះបង់ការសិក្សារបស់យុវជនមានរហូតដល់ទៅ ៧០ភាគរយ ក្នុងចំណោមសិស្សសរុបក្នុងស្រុកនេះ។ ចំណែកឃុំដែលយុវជន និងកុមារប្រឈមការបោះបង់ការសិក្សានោះ គឺឃុំចំការលើ ឃុំអន្លង់ជ្រៃ ឃុំអន្លង់ភេ និងឃុំសំអាង ព្រោះតែឃុំទាំងនោះនៅឆ្ងាយពីសាលាចាប់ពីជាង ១០គីឡូម៉ែត្រ រហូតដល់ជាង ៥០គីឡូម៉ែត្រ។
ស្ថិតិ និងសូចនាករអប់រំខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០១៤-២០១៥ ក្នុងស្រុកថាឡាបរិវ៉ាត់ បង្ហាញថា ស្រុកនេះមានវិទ្យាល័យចំនួន១ អនុវិទ្យាល័យចំនួន៧ និងសាលាបឋមសិក្សាចំនួន៤៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។