នាវា​កងទ័ពជើងទឹក​រុស្សី​៣​គ្រឿង​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2018.05.23
Share on WhatsApp
Share on WhatsApp
នាវា​កងទ័ពជើងទឹក​រុស្សី នាវា​កងទ័ពជើងទឹក​រុស្សី ចុះចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២​ ឧសភា ២០១៨។
Photo courtesy of AKP

នាវា​កងទ័ពជើងទឹក​រុស្សី មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​៥​ថ្ងៃ បាន​មក​ចុះចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅ​កាលពី​ថ្ងៃ​ទី​២២​ឧសភា ដើម្បី​រឹតចំណង​មិត្តភាព​រវាង​កម្ពុជា និង​រុស្សី។

ប្រភព​ពី​ឧបករណ៍​ឃោសនា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្រង់​សម្ដី​អាជ្ញាធរ​ខែត្រ​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ឧសភា ថា នាវាចម្បាំង ចំនួន​៣​គ្រឿង​នេះ បាន​ផ្ទុក​នាវិក​ទាំងអស់​ចំនួន​៨១៩​នាក់ ដឹកនាំ​ដោយ លោក​វរនាវីឯក Oleg Korolev ជា​មេបញ្ជាការ​កង​នាវា​ចម្បាំង​រុស្សី ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ប្រទេស​រុស្សី និង​ចិន កន្លង​មក​បាន​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា ទោះបី​គ្មាន​គណបក្សប្រឆាំង ខណៈ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ប្រកាស​មិន​គាំទ្រ ថែមទាំង​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ទៀត។

នាវាចម្បាំង​រុស្សី​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ ធ្វើឡើង​នៅ​ក្រោយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានសម្រេច​កាត់ផ្ដាច់​ជំនួយ​យោធា​ទាំងស្រុង​ជា​ផ្លូវការ ទៅ​ឲ្យ​របប​លោក ហ៊ុន សែន ដោយសារតែ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ការ​រំលាយ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន តទៅទៀត រួមមាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាមរយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពលខេមរភូមិន្ទ នៅ​ពេល​កន្លងមក។ ការ​ផ្ដាច់​ជំនួយ​ទៅដល់​ផ្នែក​សំខាន់ៗ​ទាំងអស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មកពី​ស្ថាប័ន​ទាំងអស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការសម្រេច​ផ្ដាច់​ជំនួយ​ដល់​របប​ក្រុងភ្នំពេញ ពី​សេត​វិមាន​ប្រធានាធិបតី​អាមេរិក កាល​ពី​ដើម​ឆ្នាំ​២០១៨​នេះ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​ទាំង៥៥ របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រម្លាយ និង​តំណាងរាស្ត្រ រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​នេះ ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល ៥​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។