សហជីព​ថា​ប្រាក់ឈ្នួល​១៩២​ដុល្លារ សម្រាប់​ឆ្នាំ២០២១ នៅ​ទាប​មិនអាច​ជួយ​ដោះស្រាយ​ជីវភាព​កម្មករ​បានទេ

ដោយ សុជីវី
2020.09.10
Meeting-minimum-wage2021-09-102020.jpg កិច្ចប្រជុំ​ស្ដីពី​ការកំណត់​ប្រាក់ឈ្នួល​អប្បរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជេីង​ សម្រាប់​ឆ្នាំ២០២១ ដោយ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
រូបពីសហជីព

ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រេច​បន្ថែម​ប្រាក់​ពីរដុល្លារ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០២០ សម្រាប់​ប្រាក់​ឈ្នួលគោល​ឆ្នាំ២០២១។ សហជីព និង​កម្មករ​អះអាងថា​ការដំឡើង​លុយ​ពីរដុល្លារ ​មិនអាច​ជួយ​ដោះស្រាយ​ជីវភាព​ពួកគេ​ឲ្យបាន​ធូរធារ និង​ល្អ​ប្រសើរ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង នៅ​ថ្ងៃទី១០ ខែកញ្ញា ដាក់​ចេញ​ជា​ផ្លូវការ​នូវ​ចំនួន​ប្រាក់​ឈ្នួលគោល​របស់​កម្មករ កម្មការិនី​សម្រាប់​ឆ្នាំ២០២១ គឺ​១៩២ដុល្លារ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករ​និយោជិត​ពេញ​សិទ្ធិ​នឹង​ទទួល​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៩២ដុល្លារ ហើយ​កម្មករ​និយោជិក​សាកល្បង​នឹង​ទទួល​បាន​១៨៧ដុល្លារ​ក្នុង​មួយខែ។

ក្រសួង​បញ្ជាក់​ថា កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​នៅ​តែ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដូចដើម ដោយ​កម្មករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​បៀរវត្ស​សរុប​យ៉ាងតិច​ពី២០៩ដុល្លារ​ដល់​២២០ដុល្លារ​ក្នុង​មួយខែ។

រដ្ឋមន្រ្តី​ក្រសួងការងារ​ លោក អ៊ិត សំហេង អរគុណ​ លោក ហ៊ុន សែន ដែល​ផ្តល់២ដុល្លារដំឡើងប្រាក់ឈ្នួលគោលកម្មករ​សម្រាប់ ឆ្នាំ២០២០ នៅលើហ្វេសប៊ុក កាលពីថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ​២២០។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា​ចំនួន​ប្រាក់ឈ្នួល​ក្នុង​វិស័យ​កាត់​ដេរ ១៩២ដុល្លារ​នេះ នៅ​តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប​នៅ​ឡើយ​សម្រាប់​កម្មករ កម្មការិនី​ដោយសារតែ​ ចំណូល​ប្រាក់ខែ​របស់​ពួកគាត់ ​មិន​សមាមាត្រ​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​ទីផ្សារ ដែល​បន្ត​ឡើង​ថ្លៃ​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

លោកបន្ត​ថា​ប្រាក់ខែគោល​ស្តង់ដារ ដែល​អាច​ឲ្យ​កម្មករ ​រស់នៅ​មាន​ជីវភាព​សមរម្យ និង​ថ្លៃថ្នូរ គឺ​ចន្លោះ​ពី​២៣០ដុល្លារ​ដល់​២៥០ដុល្លារ​ក្នុង​១ខែ។ លោក​ឲ្យ​ដឹង​ថា​កម្មករ​ត្រូវ​ធ្វើការ​ថែមម៉ោង​សឹង​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បាន​ប្រាក់​បន្ថែម​បូក​នឹង​ប្រាក់ខែគោល ទើប​បាន​ជាង២រយដុល្លារ​ក្នុង១ខែ។

ប្រធាន​សហជីព​រូបនេះ​យល់​ថា នៅពេលដែល​ចំនួន​ប្រាក់ឈ្នួល​កម្មករ​នៅ​មាន​កម្រិត​យ៉ាងនេះ រដ្ឋាភិបាល​គួរដាក់​ចេញ​វិធានការ​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​តម្លៃ​ទំនិញ​នៅ​ទីផ្សារ​កុំ​ឲ្យ​ឡើងថ្លៃ៖ « យើង​ចង់​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្រិត​ដែល​រស់នៅ​សមរម្យ​ ហើយ​មិនមែន​តែ​កាត់​ដេរ គឺ​គ្រប់​វិស័យ។ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ នៅ​ពេល​រដ្ឋាភិបាល​មិន​អាច​ដំឡើង​សមរម្យ ដូច​១៩២ដុល្លារ​នៅ​ទាប​ហ្នឹង។ អ៊ីញ្ចឹង! ខ្ញុំ​គិត​ថា​ជា​ដំណាក់កាល រដ្ឋាភិបាល​គួរ​ធ្វើ​ឲ្យ​ច្បាស់​ដើម្បី​ឲ្យ​កម្មករ​ឡើង​ដល់​បន្ទាត់​ដែល​រស់​នៅ​សមរម្យ​សិន។ ហើយ​ផុត​ពី​ហ្នឹង​ទៅ គឺ​កម្មករ​អាច​ឡើង​តាម​អតិផរណា​បាន។ ជាមួយគ្នា​ប្រាក់ឈ្នួល​ទាប​ទេ រដ្ឋាភិបាល​គួរធានា​ដល់​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​លើ​ទីផ្សារ​ឲ្យ​វា​ចុះ ​​ក្នុង​កម្រិត​សមរម្យ ដែល​គាត់​ចាយ​បាន។ ហ្នឹង​ខ្ញុំ​គិត​ថា​វា​ជារឿង​ល្អ តែ​បើ​មិន​ចុះ​ទេ គឺ​អត់អាច​រស់​បាន​ទេ។»

ចំពោះ​ការដំឡើង​ប្រាក់​ពីរដុល្លារ​នេះ​ដែរ កម្មការិនី​នៅ​រោងចក្រ ដាប់​ប៊ែលយូអ៊ែនឌី (W&D) ក្នុង​រាជធានី​ភ្នំពេញ លោកស្រី មំ សុខ​ស្រីមុំ ឲ្យ​ដឹង​ថា រាល់ខែ​លោកស្រី​ត្រូវ​ចំណាយ​ប្រាក់​លើ​ម្ហូបអាហារ​អស់​ជាង​២រយ​ដុល្លារ ដោយ​មិន​គិត​ដល់​ការចំណាយ​ផ្សេង​ទៀត និង​ផ្ញើ​ប្រាក់​ឲ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​ទេ។ លោកស្រី​យល់​ថា​ចំនួន​ប្រាក់​ឈ្នួល១៩២ដុល្លារ មិន​ទាន់​ដល់​ចំនួន​មួយ​ដែល​អាច​ជួយ​ឲ្យ​ជីវភាព​កម្មករ​បានល្អប្រសើរ​នៅ​ឡើយទេ ព្រោះ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ៖ «ខ្ញុំ​ចង់​ឲ្យ​ខាង​ទីផ្សារ​តម្លៃ​នៅ​ដដែល​កុំ​ឲ្យ​ឡើង។ បើ​ថា​ឡើង​អ៊ីចឹង ប្រាក់​ខែ​ក៏​ឡើង ក៏​ទិញ​មិន​គ្រប់​ដដែល​ហ្នឹង។ ទោះ​ប្រាក់​ខែ​២០០​ឡើង​ទៅ​២១០ ២២០ នៅ​ទិញ​មិន​គ្រប់ នៅ​ចាយ​មិន​គ្រប់​ដែរ បើ​ទី​ផ្សារ​នៅ​តែ​ឡើង​រហូត។ នៅ​កន្លែង​នេះ​ឡើង​កន្លែង​នេះ កន្លែង​នោះ​ឡើង​កន្លែង​នោះ។ ដល់​អ៊ីចឹង​ទៅ​ វា​មិន​គ្រប់គ្រាន់​លុះ​ត្រាតែ​ខាង​ទីផ្សារ​ គេ​អត់​ឡើង។ អាហ្នឹង​បាន​គ្រប់គ្រាន់។»ក្រុមកម្មករចោមទិញម្ហូបអាហារនៅខាងមុខរោងចក្រមួយក្នុងរាជធានីភ្នំពេញ។

អាស៊ីសេរី​ មិន​អាច​សុំ​ការឆ្លើយ​តបរឿង​នេះ ពីអគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ លោក ខេន លូ នៅ​ល្ងាច​ថ្ងៃទី១០ កញ្ញា ​បាន​ទេ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ជាប់​រវល់។

ក្រុម​សហជីព និង​កម្មករ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ជួយ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​ឲ្យ​ច្រើន​ជាង​នេះ និង​ជួយ​ទប់​តម្លៃ​ទំនិញ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ពេក ព្រោះ​ប្រាក់​ចំណូល​កម្មករ​ មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​លើ​របស់​របរ​ថ្លៃ​នៅ​ទៅ​ផ្សារ​បានទេ។

វិស័យ​ឧស្សាហកម្ម​កាត់ដេរ សំលៀក​បំពាក់ និង​ស្បែក​ជើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ជាង​១ពាន់​១រយ​រោងចក្រ (១,១០០) ដែល​មាន​កម្មករ កម្មការិនី​ធ្វើការ​ចំនួន៧៥​ម៉ឺន​នាក់ (៧៥០,០០០)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។