មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែនថា ប្រទេសវៀតណាមមិនបានសាងសង់សំណង់រឹងមាំនៅក្នុងទឹកដីប្រទេសកម្ពុជាទេ ហើយការសាងសង់កន្លងមកគឺធ្វើឡើងក្នុងទឹកដីរបស់វៀតណាមប៉ុណ្ណោះ។ ការអះអាងពីអ្នកជំនាញកិច្ចការព្រំដែននេះ មានភាពផ្ទុយគ្នា ទៅនឹងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថា វៀតណាមបានសាងសង់សំណង់រឹងមាំរហូតទៅដល់ ១០កន្លែង ពីខ្សែបន្ទាត់ព្រំដែនដែលមិនទាន់មានការឯកភាពគ្នា។ លើសពីនេះ កម្ពុជាក៏ធ្លាប់ផ្ញើកំណត់ទូតតវ៉ាទៅវៀតណាមរឿងនេះដែរ។
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ប្រាប់អាស៊ីសេរីថា ការសាងសង់ប៉ុស្តិ៍ របស់អាជ្ញាធរវៀតណាមនៅតាមតំបន់ព្រំដែនកន្លងមក មិនបានឆ្លងចូលទឹកដីប្រទេសកម្ពុជាទេ គឺបានសាងសង់ក្នុងទឹកដីរបស់ប្រទេសវៀតណាម។
លោកថា សំណង់ទាំងនោះមិនមែនជាសំណង់រឹងមាំទេ គឺមានតែសំណង់ធ្វើពីបង្គោលឈើ ដើម្បីសង់ឱ្យផុតពីផ្ទៃទឹកតែប៉ុណ្ណោះ។ លោកលើកឡើងថា ប៉ុស្តិ៍ត្រួតពិនិត្យដែល វៀតណាមបានសាងសង់នោះ គឺនៅចន្លោះទន្លេមេគង្គ និងនៅទន្លេបាសាក់ ចំនួន ៣២តង់ គឺមិនមានចំនួនច្រើនរហូតទៅដល់រាប់រយដូចមានការចោទប្រកាន់កន្លងទៅទេ៖ «អូនឯងកុំសួរថា សំណង់រឹងមាំ គ្រាន់តែជាតង់ទេគរធ្វើឲ្យផុតពីទឹកកន្លែងតំបន់ទឹកលិច។កុំនិយាយថា ជាសំណង់រឹងមាំ ដូចជាសម្បើមណាស់ ដូចជា អាមេរិកចូលចិត្តនិយាយតែអ៊ីចឹង គឺថា រឹងមាំ នៅហ្នឹងកន្លែងហើយ។ តាមពិតខ្ញុំធ្លាប់មានបទពិសោធន៍ ហើយមិនមែនជាសំណង់រឹងមាំដូចនៅ ម៉ាន់ ហាសាន់ អីទេ។ គ្រាន់តែលើកឲ្យផុតពីទឹក។ ដូច្នេះ ត្រូវយកមានសសរ មានឈើអី ហើយបានលើកផុតពីទឹកបាន។ បើមិនអ៊ីចឹងទេ លើកពីទឹកម៉េចបាន»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ មានភាពផ្ទុយគ្នា ទៅនឹងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដែលថា វៀតណាមបានសាងសង់សំណង់រឹងមាំរហូតទៅដល់ ១០កន្លែង ពីខ្សែបន្ទាត់ព្រំដែនដែលមិនទាន់មានការឯកភាពគ្នា។
អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៣ ខែកញ្ញាថា តំបន់ដែលវៀតណាមបោះតង់ចំនួន ២៧ទីតាំង ដែលក្នុងនោះមានតង់ ១០កន្លែង ឥឡូវវៀតណាមបានកសាងជាសំណង់រឹងមាំធ្វើពីឥដ្ឋចាក់គ្រឹះ ក្រវាត់សសរថ្ម ដំបូលស័ង្កសីមានកម្ពស់ ៣ម៉ែត្រ និងទំហំ ៥ម៉ែត្រឆ្ងាយពីខ្សែបន្ទាត់ព្រំដែនមិនទាន់ឯកភាពគ្នា ១២០ម៉ែត្រ ឋិតក្នុងស្រុកលើកដែក និងស្រុកកោះធំ។
លោក គង់ សោភ័ណ មានប្រសាសន៍បញ្ជាក់ថា សំណង់រឹងទាំង ១០កន្លែងនោះ គឺវៀតណាមសង់នៅទីតាំងចាស់ដដែល ដើម្បីការពារទឹកភ្លៀង។ រីឯយោធាកម្ពុជាមិនអាចចូលទៅតំបន់នោះ ដោយថ្មើរជើងបាននោះទេ ព្រោះមានទឹកជំនន់នៅរដូវភ្លៀងនេះ។ លោកបានបញ្ជាក់ទៀតថា យោធា និងសមត្ថកិច្ចកម្ពុជា បានហាមវៀតណាមម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ការសង់សំណង់រឹងមាំទាំងនោះ តែភាគីវៀតណាមបានអង្វរឱ្យកម្ពុជាអនុញ្ញាតឱ្យពួកគេសង់ ដើម្បីការពារជំងឺកូវីដ១៩។
ទាក់ទិននឹងបញ្ហាព្រំដែននេះ ប្រធានក្រុមឃ្លាំមើលកម្ពុជាប្រចាំប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត បញ្ជាក់ថា ការលើកឡើងរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការដោះសារតែប៉ុណ្ណោះ។ លោកថា តាមច្បាប់អន្តរជាតិ រាល់ការសាងសង់អ្វីមួយ នៅតាមតំបន់ព្រំដែនដែលមិនទាន់មានឯកភាពគ្នា បើទោះបីជាសំណង់នោះធ្វើឡើងនៅក្នុងទឹកដីរបស់ខ្លួន ក៏ដោយ ក៏ត្រូវមានការជូនដំណឹងមកភាគីទាំងពីរបានដឹង មិនមែនធ្វើឡើងដោយឯកតោភាគីនោះទេ។
លោកបន្ថែមថា ការសាងសង់ប៉ុស្តិ៍ ត្រួតពិនិត្យរបស់វៀតណាមនៅក្នុងខេត្តកណ្ដាលកន្លងទៅ គឺស្ថិតនៅក្នុងតំបន់មិនទាន់មានការឯកភាពគ្នា ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ និងសន្ធិសញ្ញា ឆ្នាំ២០០៥៖ «យើងសរុបសេចក្ដីមកលោក វ៉ា គឹមហុង និយាយគ្រាន់តែជាលេសដោះសារទេៗ។ ដូច្នេះយើងមិនចង់ឲ្យមានការដោះសារច្រើន យើងអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានតំណាងក្រសួងការបរទេសហ្នឹង ត្រូវតែជំរុញរឿងហ្នឹងធ្វើលិខិតកំណត់ការទូតអ្វីបន្ថែមទៀតឱ្យច្បាស់លាស់ ហើយនឹងកសាងសំណុំឯកសារប្ដឹងប្រទេសវៀតណាមក្នុងការឈ្លានពានបូរណភាព ទឹកដីកម្ពុជា ទៅភាគី អន្តរជាតិតែម្ដងទៅ»។
មន្ត្រីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៩ កញ្ញា បានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពីការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងប្រទេសវៀតណាម។លោក វ៉ា គឹមហុង ប្រាប់ថា ការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដែលមានប្រវែង ១.២៧០គីឡូម៉ែត្រគឺនៅសេសសល់ប្រមាណ ១៤% ទៀតតែប៉ុណ្ណោះ។
អ្នកវិភាគសង្គមលោកបណ្ឌិត សេង សារី សុំមិនបកស្រាយរឿងវៀតណាមធ្វើសំណង់នៅលើដីជម្លោះនោះទេ។ ប៉ុន្តែលោកថា យុទ្ធសាស្ត្រ និងទម្លាប់របស់វៀតណាម គឺថា បើចង់បានអ្វីមួយ គឺត្រូវតែមកយកសិន ហើយនៅពេលម្ចាស់គេចង់បានទៅវិញ គឺត្រូវប្រើប្រាស់ពេលមួយរយៈផងដែរ។ លោកបារម្ភថា វៀតណាមចង់ប្រើយុទ្ធសាស្ត្រនេះក្នុងការសាងសង់តូបនៅតាមតំបន់ព្រំដែន បើកម្ពុជាទាមទារអោយរុះរើវិញក៏ត្រូវការពេលវេលាច្រើន ដើម្បីដោះស្រាយផងដែរ។
លោកបន្ថែមថា បញ្ហាព្រំដែនដែលមានភាពចម្រូងចម្រាសមកដល់ពេលបច្ចុប្បន្ននេះ គឺប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ ដែលធ្វើអោយពលរដ្ឋមិនពេញចិត្តឡើយ ដោយសារតែពួកគេចង់ឲ្យប្រើប្រាស់ផែនទីដែលបានតម្កល់នៅក្នុងអង្គការសហប្រជាជាតិ ដើម្បីធានាថា ទឹកដីកម្ពុជា គ្មានការបាត់បង់៖ «រាល់ដំណោះស្រាយព្រំដែនកន្លងមក ដែលយើងឃើញហ្នឹង គឺអ្វីដែលយើងឃើញថា ខ្វះខាតហ្នឹង គឺការចូលរួមពីមហាជន រួមទាំងអ្នកជំនាញដែលមិនមែនមកពីខាងរដ្ឋាភិបាល ដល់ពេលអ៊ីចឹងទៅ យើងឃើញមានការចម្រូងចម្រាស់ នៅក្នុងការវាស់ព្រំដែនហ្នឹង។ អ៊ីចឹងហើយបញ្ហាវានៅចាក់ស្រេះ នៅឡើយ ហើយវានៅតែបន្ត វិវាទ រវាងខ្មែរ និងខ្មែរដោយសារបញ្ហាព្រំដែននេះ»។
គិតមកទល់ពេលនេះមានតង់យ៉ាងហោចណាស់ ១២កន្លែងហើយ ដែលយោធាវៀតណាមបានប្រែក្លាយជាជម្រករឹងមាំឋិតស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល។ តំបន់ថ្ម ៣ដុំ ក្នុងខេត្តតាកែវ និងស្រុកកំពង់ត្រាច ខេត្តកំពត។ អាជ្ញាធរកម្ពុជាអះអាងថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនក្នុងខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀងខេត្តកំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។
ក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ផ្ញើកំណត់ការទូតទៅរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី២ ខែមិថុនា ដើម្បីបង្ហាញការតវ៉ារឿងទាហានវៀតណាមសាងសង់ប៉ុស្តិ៍ ចំនួន ៣១កន្លែងនៅលើទឹកដីមិនទាន់ឯកភាពគ្នានៅក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង ប្រទេសវៀតណាម។
រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ទាមទារឱ្យវៀតណាមរុះរើប៉ុស្តិ៍ និងសំណង់រឹងមាំទាំងនោះផងដែរ ប៉ុន្តែវៀតណាមមិនព្រមរុះរើនោះទេ។ ហេតុដូចនេះ ការលើកឡើងរបស់ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹម ហុង មិនត្រឹមតែផ្ទុយគ្នាជាមួយការរកឃើញរបស់អភិបាលខេត្តកណ្ដាលប៉ុណ្ណោះទេ ប៉ុន្តែហាក់ផ្ទុយគ្នាជាមួយក្រសួងការបរទេសកម្ពុជាខ្លួនឯងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។