យុវជន​រងគ្រោះ​ដោយ​ការ​បាញ់​បង្ក្រាប​នៅ​ស្ទឹងមានជ័យ​ប្រឹង​រស់​ទាំង​ពិការ​រង់ចាំ​យុត្តិធម៌

0:00 / 0:00

វីដេអូ​អំពី​អំពើ​ហិង្សា​រវាង​ប៉ូលិស​និង​កម្មករ​រោងចក្រ​អែស​អិល​នៅ​ខាង​ក្រោម Opens in new window ]

ជិត​មួយ​ឆ្នាំ​ហើយ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ដែល​បាញ់​សម្លាប់​ស្ត្រី​លក់​បាយ​ម្នាក់​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ នៅ​ឡើយ។ ក្រៅ​ពី​ស្ត្រី​អ្នក​លក់​បាយ នៅ​មាន​ពលរដ្ឋ ៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​នោះ​មាន​យុវជន​ម្នាក់​ឈ្មោះ ហឿន ចាន់ រង​របួស​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ចង្កេះ​ខាង​ឆ្វេង​បែក​ឆ្អឹង​កង​ខ្នង​ទី​៥ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ឆ្អឹង​ខ្នង។

ចាប់​ពី​ពេល​នោះ​មក យុវជន​រូប​នេះ​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​អស់​មួយ​ជីវិត។

អ្នកនាង ទេព សុរ៉ាវី រាយការណ៍​អំពី​ការ​ខិតខំ​ប្រឹង​រស់​ក្នុង​ស្ថានភាព​ពិការ​របស់​យុវជន ហឿន ចាន់ ដើម្បី​រង់ចាំ​យុត្តិធម៌៖

បី​លើក​ហើយ​ដែល​យុវជន ហឿន ចាន់ ព្យាយាម​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដើម្បី​បញ្ចប់​ជីវិត​ជា​មនុស្ស​ពិការ​មួយ​កំណាត់​ក្រោម។

ដោយ​មាន​ការ​ប្រឹក្សា​យោបល់​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) យុវជន ហឿន ចាន់ អាច​រំងាប់​អារម្មណ៍​បាន​ខ្លះ និង​ព្យាយាម​ប្រឹង​រស់​ក្នុង​ស្ថានភាព​ពិការ​ត​ទៅ​ទៀត។

យុវជន ហឿន ចាន់ គិត​ថា ការ​ប្រឹង​រស់នៅ​បន្ត​ទៅ​ទៀត​នេះ គឺ​ដើម្បី​រង់ចាំ​យុត្តិធម៌ និង​ចង់​ឃើញ​ជន​ដៃ​ដល់​ដែល​បាញ់​រូប​គេ​ឲ្យ​ធ្លាក់​ខ្លួន​ពិការ ទទួល​ទោស​កំហុស​តាម​ច្បាប់៖ «គិត​មិន​ចេញ​ថា​ហេតុ​អី​បាន​គេ​មិន​រក (ឃាតក) ឲ្យ។ យើង​ចង់​ឃើញ​មុខ​អ្នក​បាញ់ ហើយ​ចង់​ឲ្យ​គេ​ទទួល​ទោស​តាម​កម្មពៀរ​ដែល​គេ​បាន​ធ្វើ​ដាក់​ខ្ញុំ»

ឋិត​ក្នុង​វ័យ ២៧​ឆ្នាំ យុវជន ហឿន ចាន់ រំឭក​ថា នៅ​ថ្ងៃ​កើត​ហេតុ ពោល​គឺ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ សមត្ថកិច្ច​រាជ​រដ្ឋាភិបាល បាន​ដាក់​កម្លាំង​ច្រើន​រយ​នាក់​ទៅ​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ នៅ​ពេល​ដែល​កម្មករ​ទាំង​នោះ​ទាមទារ​ដំឡើង​ប្រាក់​ខែ។ យុវជន ហឿន ចាន់ ដែល​មាន​ផ្ទះ​ជួល​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ បាន​ចេញ​មក​មើល​ការ​បង្ក្រាប​នោះ ហើយ​ចៃដន្យ​មាន​សមត្ថកិច្ច ៤ ទៅ ៥​នាក់ ត្រូវ​បាន​អ្នក​តវ៉ា និង​ពលរដ្ឋ​បង្ខាំង​ឲ្យ​នៅ​ក្នុង​កុដិ​មួយ​នៅ​វត្ត​ស្ទឹងមានជ័យ នោះ។ យុវជន ហឿន ចាន់ បន្ត​ថា មន្ត្រី​សមត្ថកិច្ច​ម្នាក់​ដែល​ទើប​រួច​ផុត​ពី​ការ​បង្ខាំង បាន​ចេញ​មក​ភ្លាម ក៏​បាញ់​បង្ហើរ​គ្រាប់​កាំភ្លើង​ពោរពាស​ទៅ​លើ​ពលរដ្ឋ និង​កម្មករ​ដែល​នៅ​ខាង​ក្រៅ។ ជើង​ទាំង​ពីរ​របស់ ហឿន ចាន់ បាន​ព្យាយាម​រត់​គេច​ពី​ការ​បាញ់​រះ​របស់​សមត្ថកិច្ច ហើយ​នោះ​ក៏​ជា​នាទី​ចុង​ក្រោយ​ដែរ ដែល​ជើង​របស់​គេ​អាច​ទ្រ​សរីរាង្គ​បាន។

យុវជន ហឿន ចាន់៖ «ជំងឺ​គ្រាន់​បើ​ជាង​មុន តែ​វា​នៅ​តែ​ពិបាក​ពេល​បត់​ជើង​ធំ​អ៊ីចឹង។ យើង​ត្រូវ​ការ​ដាក់​ស្រោម​ដៃ​ខ្វេះ​វា​អត់​ចេញ​ខ្លួន​ឯង​ទេ ព្រោះ​អី​ប្រព័ន្ធ​បញ្ជា​វា​ត្រូវ​ងាប់​អស់​ហើយ បទ​ជើង​តូច នោម​អត់​ចេញ ដាក់​សុង​ទឹក​នោម ហើយ​ឈឺ​ចុក​ចាប់​ដូច​យក​ភ្លើង​រោល​ទាំង​រស់»

យុវជន ហឿន ចាន់ និយាយ​បណ្ដើរ យក​ដៃ​ច្របាច់​ជើង​ទាំង​ពីរ​បណ្ដើរ​ថា មុខ​របួស​បាន​គ្រាន់​បើ​ជាង​មុខ បន្ទាប់​ពី​គ្រូពេទ្យ​នៅ​ប្រទេស​វៀតណាម បាន​វះ​កាត់ និង​លាង​សម្អាត​ជាតិ​រំសេវ​ដែល​នៅ​សេសសល់​ក្នុង​មុខ​របួស។ យ៉ាង​ណា ជើង​ទាំង​ពីរ​របស់ ហឿន ចាន់ មិន​អាច​កម្រើក​បាន និង​ចាប់​ផ្ដើម​ស្វិត​ជា​បណ្ដើរ៖ «ជើង​ហ្នឹង​បើ​យើង​ក្តិច​ពី​ខាង​ក្រៅ ហើយ​យក​កាំបិត​មក​អារ ឬ​កាប់ ក៏​មិន​ដឹង​ថា​ឈឺ​ដែរ ប៉ុន្តែ​ខាង​ក្នុង​វិញ​វា​ពោរពេញ​ទាំង​ការ​ឈឺ​ចាប់ ដូច​គេ​រោល​ភ្លើង​ចាក់​រុក​ពេញ​គ្រប់​កន្លែង​មួយ​កំណាត់​ក្រោម។ រាល់​យប់​ពេល​ខ្ញុំ​ឈឺ​មែន​ទែន​ដេក​យំ​មិន​ឲ្យ​គ្រួសារ​ដឹង​ទេ ពេល​ថ្ងៃ​ខ្ញុំ​ធ្វើ​រឹង​ពឹង​មិន​ឲ្យ​គាត់​ដឹង​ទេ ដល់​ពេល​យប់​ខ្ញុំ​លួច​យំ​ម្នាក់​ឯង​រហូត»

ឆ្អឹង​ខ្នង​របស់ ហឿន ចាន់ ចាប់​ផ្តើម​កោង មិន​អាច​អង្គុយ​ឲ្យ​ត្រង់​បាន។ យុវជន ហឿន ចាន់ ព្យាយាម​រក​ជំនួយ​ព្យាបាល​ផ្សេងៗ​ពី​គ្រូពេទ្យ ដោយ​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កៀនឃ្លាំង អស់​មួយ​រយៈពេល ដើម្បី​រៀន​ធ្វើ​ចលនា​សាច់​ដុំ ដែល​គ្រូពេទ្យ​ប្រាប់​ថា​អាច​បង្អាក់​ការ​វិវឌ្ឍ​នៃ​ការ​ស្វិត​នៃ​សាច់​ដុំ​ជើង​បាន​ខ្លះ។

ម្តាយ​របស់ ហឿន ចាន់ គឺ​លោកស្រី ហ៊ុន ឃន មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​បណ្ដើរ​ថា ទណ្ឌកម្ម​ដែល​កូនប្រុស​ទី​២​របស់​គាត់​ពិការ​អស់​មួយ​ជីវិត​នេះ គឺ​ជា​ទណ្ឌកម្ម​ដែល​ពិបាក​ជាង​ស្លាប់។ លោកស្រី​បាន​ប្រដូច​ស្ថានភាព​រស់នៅ​របស់​កូនប្រុស​គាត់​នៅ​ពេល​នេះ ប្រៀប​ដូចជា​ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប៖ «កូន​ខ្ញុំ​អស់​អនាគត​រលីង​ហើយ សូម្បី​តែ​ប្រដាប់​បន្ត​ពូជ​ក៏​ងាប់​ដែរ។ អ៊ីចឹង​បាន​ខ្ញុំ​អាណិត​កូន​សព្វថ្ងៃ គេ​ធ្វើ​បាប​កូន​ខ្ញុំ ខ្ញុំ​ចង់​បាន​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ ព្រោះ​កូន​ខ្ញុំ​អ្នក​ស្លូត​ត្រង់​ដែរ គេ​ធ្វើ​បាប​រហូត​ធ្លាក់​ខ្លួន​ពិការ គ្នា​វេទនា​ស្ទើរ​រស់​ស្ទើរ​ស្លាប់​រស់​មួយ​កំណាត់ ស្លាប់​មួយ​កំណាត់ ខ្ញុំ​ទឹក​ភ្នែក​រាល់​ថ្ងៃ អាណិត​កូន​ខ្លោច​ចិត្ត»

រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ មិន​ទាន់​បង្ហាញ​ពី​តម្រុយ​ណា​មួយ​នៃ​ការ​វែក​មុខ​ជន​ដៃ​ដល់ ដែល​បាន​បាញ់​សម្លាប់​មនុស្ស និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​របួស ក្នុង​ព្រឹត្តិការណ៍​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​សកម្មភាព​ស៊ើប​អង្កេត​ពី​ករណី​នេះ​នៅ​ឡើយ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ ប្រហែល​គេ​កំពុង​តែ​ធ្វើ»

ភ្លាមៗ​ក្រោយ​ថ្ងៃ​កើត​ហេតុ សមត្ថកិច្ច​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ស្លាប់​ស្ត្រី​អ្នក​លក់​បាយ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​របួស។ សមត្ថកិច្ច​បាន​ទម្លាក់​កំហុស​ទាំងអស់​នោះ​ទៅ​លើ​ជន​ទី​៣។ ប៉ុន្តែ​សម្រាប់ ហឿន ចាន់ ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ឯ​ទៀត ឃើញ​ផ្ទាល់​ភ្នែក​ថា គ្មាន​ជន​ទី​៣​ឯណា​បាញ់​គេ​ឲ្យ​របួស​នោះ​ទេ គឺ​មាន​តែ​សមត្ថកិច្ច​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​ជាប់​ក្នុង​កុដិ​នៅ​វត្ត​ស្ទឹងមានជ័យ ប៉ុណ្ណោះ។

យុវជន ហឿន ចាន់ បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ ក៏ដូចជា​រាជ​រដ្ឋាភិបាល ពិត​ជា​មាន​ឆន្ទៈ​ស្វែងរក​ជន​ដៃ​ដល់​មែន​នោះ គឺ​អាច​រក​ឃើញ​តាម​តម្រុយ​ដែល​លោក​គូស​បង្ហាញ​នេះ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ គិត​ថា អាជ្ញាធរ​ហាក់​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​អ្នក​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ ពិសេស​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​ឃាតក​យក​មក​ផ្ដន្ទាទោស៖ «អ្នក​ដែល​ស្លាប់​ក៏​ស្លាប់​ទៅ គ្រាន់​តែ​ថា​ចាត់​វិធានការ​អ៊ីចឹង​ទៅ ពេល​យើង​សួរ​គេ (សមត្ថកិច្ច) ឆ្លើយ​ថា កំពុង​ចាត់​វិធានការ ប៉ុន្តែ​អ្នក​ដែល​រងគ្រោះ​នៅ​តែ​រងគ្រោះ​ដដែល ហើយ​អយុត្តិធម៌​ក៏​នៅ​តែ​ដដែល។ សរុប​សេចក្តី​ទៅ គេ​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋ​មើល​ទៅ​មាន​ការ​យឺតយ៉ាវ ហើយ​មិន​ត្រឹម​តែ​យឺតយ៉ាវ​ទេ គឺ​ហាក់​ដូចជា​មិន​ចាត់​វិធានការ​អី​សោះ​អ៊ីចឹង»

កុំ​ថា​ឡើយ​ករណី​បាញ់​ស្លាប់​មនុស្ស និង​របួស​នៅ​ស្ពាន​ស្ទឹងមានជ័យ សូម្បី​តែ​ករណី​នៅ​ផ្លូវ​វ៉េងស្រេង បាញ់​មនុស្ស ៥​នាក់​ស្លាប់ និង​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ដែល​កម្លាំង​សន្តិសុខ​បាញ់​សម្លាប់​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ ក៏​នៅ​មិន​ទាន់​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ដែរ។ សមត្ថកិច្ច​តែង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ជន​ទី​៣ បើ​ទោះ​បី​ជា​មាន​សាក្សី​ជាច្រើន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ជន​ឯណា​ប្រើ​កាំភ្លើង​ក្រៅ​តែ​ពី​សមត្ថកិច្ច​នៅ​ពេល​ដែល​កើត​ហេតុ។

វិល​ទៅ​រក ហឿន ចាន់ វិញ សព្វថ្ងៃ ហឿន ចាន់ មាន​ក្តី​ប្រាថ្នា​មួយ គឺ​ចង់​បន្ត​ការ​សិក្សា​ឆ្នាំ​ទី​៤​បន្ត​ទៀត ដើម្បី​បញ្ចប់​ជំនាញ​ទីផ្សារ ហើយ​អាច​រក​ការងារ​ធ្វើ​អាច​ចិញ្ចឹម​ជីវិត​បាន៖ «និយាយ​រួម​រឿង​អនាគត ឥឡូវ​រាង​ស្មុគស្មាញ​បន្តិច ព្រោះ​អី​យើ​ង​អត់​មាន​លទ្ធភាព​រៀន​បន្ត។ គម្រោង​ចង់​រៀន​បន្ត និង​រក​រៀន​ជំនាញ​អ្វី​មួយ ដើម្បី​យើង​អាច​រស់​បាន​ដោយ​មិន​ពឹង​អ្នក​ដទៃ»

វីដេអូ

អំពើ​ហិង្សា​រវាង​ប៉ូលិស​ជាមួយ​កម្មករ​រោងចក្រ អែស​អិល

យុទ្ធនាការ​សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ​អែស​អិល

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។