បញ្ហា​តែង​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជា​នេសាទ​ខ្មែរ​និង​វៀតណាម​នៅ​ដែន​សមុទ្រ​ខេត្ត​កំពត

0:00 / 0:00

ប្រជា​សហគមន៍​នេសាទ​ត្រើយ​កោះ ខេត្ត​កំពត ជា​ញឹកញាប់​តែង​ប្រឈម​មុខ​នឹង​អ្នក​នេសាទ​វៀតណាម ដែល​ចូល​មក​នេសាទ​ដោយ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​កម្ពុជា ដោយ​មិន​ញញើត​អាជ្ញាធរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​កំពត មើល​ឃើញ​ថា ការ​ចូល​មក​នេសាទ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម នេះ បាន​ក្លាយ​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ​ក្នុង​ខេត្ត​កំពត។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ អះអាង​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ថា ផលវិបាក​ផ្សេងៗ​ដូចជា អំពើ​ហិង្សា និង​ឃាតកម្ម​ជាដើម នឹង​នៅ​តែ​បន្ត​រវាង​ប្រជា​នេសាទ​ខ្មែរ និង​វៀតណាម ដែល​តែង​ប៉ះ​ទង្គិច​គ្នា​ជា​ញឹកញាប់​នៅ​ភូមិសាស្ត្រ​ដែន​សមុទ្រ​ខេត្ត​កំពត។

លោក ហេង ភារៈ៖ «ទី​១ គឺ​បញ្ហា​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​តែ​ម្តង។ បញ្ហា​ទី​២ វា​ធ្វើ​ឲ្យ​រឿង​ហ្នឹង​មិន​ចេះ​ចប់​ទេ​ការ​សម្លាប់​គ្នា ការ​ដេញ​បុក​គ្នា ធ្វើ​ឲ្យ​អ្នក​នេសាទ​ខ្មែរ​ស្លាប់​នេះ។ ថ្ងៃ​មុខ នឹង​កើត​មាន​ត​ទៅ​ទៀត បើ​សិន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​បណ្តែតបណ្តោយ​យ៉ាង​នេះ។ ប៉ូលិស​ព្រំដែន​ទឹក និង​ខាង​ជលផល មាន​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​ការងារ។ ប្រហែល​ជា​អស់​លោក​ទាំង​នោះ រង់ចាំ​ការ​បញ្ជា​ពី​សម្ដេច​ហើយ ទើប​គាត់​ធ្វើ​ការងារ ឬ​យ៉ាង​ណា?»

លោក ហេង ភារៈ លើក​ឡើង​ដូច​នេះ ក្រោយ​ពេល​ហេតុការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ថ្មី​មួយ​ទៀត​រវាង​អ្នក​នេសាទ​ខ្មែរ និង​អ្នក​នេសាទ​ខុស​ច្បាប់​ជនជាតិ​វៀតណាម ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២៨ ធ្នូ។

ប្រធាន​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ សេន បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៨ ធ្នូ ប្រជា​នេសាទ​នៃ​សហគមន៍​របស់​លោក បាន​ចេញ​ទៅ​នេសាទ​ដូច​ធម្មតា​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត។ ពេល​នោះ ប្រជា​សហគមន៍​បាន​ពើបប្រទះ​នឹង​អ្នក​នេសាទ​វៀតណាម កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ខាង​កើត​ភ្នំ​ដូង។

ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ មិន​បាន​បង្ក​ជា​អំពើ​ហិង្សា​ណា​មួយ​ឡើយ ដោយសារ​ភាគី​ប្រជា​នេសាទ​ខ្មែរ មិន​ហ៊ាន​តតាំង​ជាមួយ​ភាគី​ជនជាតិ​វៀតណាម ដែល​ប្រដាប់​ដោយ​កាំបិត និង​ដាវ ប៉ុន្តែ​ប្រជា​នេសាទ​ខ្មែរ បាន​ចាប់​ខ្លួន​អ្នក​នេសាទ​វៀតណាម ម្នាក់ រួច​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​ព្រំដែន​ទឹក។

កាសែត​ក្នុង​ស្រុក​ចេញ​ផ្សាយ​ថ្ងៃ​ទី​២៨ ធ្នូ បញ្ជាក់​ថា អ្នក​នេសាទ​វៀតណាម ម្នាក់​នោះ​មាន​ឈ្មោះ លីវ វ៉ាម៉ាន់ អាយុ ២០​ឆ្នាំ រស់នៅ​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សមត្ថកិច្ច​ខេត្ត​កំពត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ។ ការ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​នេះ ហាក់​ក្លាយ​ជា​ទម្លាប់​របស់​មន្ត្រី​សមត្ថកិច្ច​ខេត្ត​កំពត ទៅ​ហើយ ពិសេស​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​កំពត លោក សរ សារិន ដែល​តែង​តែ​ចុច​បិទ​ទូរស័ព្ទ​អ្នក​សារព័ត៌មាន។

កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៥ កន្លង​ទៅ បុរស​ម្នាក់​ជា​សមាជិក​សហគមន៍​នេសាទ​ត្រើយ​កោះ ឈ្មោះ ឌុល អៃយ៉ូប ត្រូវ​បាន​អ្នក​នេសាទ​ជនជាតិ​វៀតណាម សម្លាប់ រួច​បោះ​សព​ចោល​ទៅ​ក្នុង​ទឹក​សមុទ្រ។ មក​ទល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​កំពត មិន​ទាន់​វែក​មុខ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ឃាតក​បាន​នៅ​ឡើយ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​កំពុង​រស់នៅ​ដោយ​ភាព​អយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។