មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន (Ukraine) ចំនួន១៥នាក់នៅខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែមករា។
សិក្ខាកាមរបស់អ៊ុយក្រែនទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈនិងបទពិសោធន៍នៅទីលានចម្ការមីនជាក់ស្តែងក្រោមកិច្ចសហការរវាងគ្រូជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់និងការបង្ហាត់បង្ហាញពីការប្រើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីនទំនើបប្រភេទ (ALIS) របស់ជប៉ុនផងដែររយៈពេលពេញមួយសប្តាហ៍កាលពីសប្តហា៍មុន។ សិក្ខាកាមរបស់អ៊ុយក្រែនក៏បានទទួលការហ្វឹកហាត់ការបោសសម្អាតមីនដោយប្រើគ្រឿងចក្រនិងដោយការប្រើសុនខឬឆ្កែហិនក្លិនមីនជាដើម។
ទោះបីជាវគ្គបណ្តុះបណ្តាលមួយសប្តាហ៍នេះបានបញ្ចប់ក៏ដោយក៏ក្រុមជំនាញដោះមីនកម្ពុជាបន្តជួបពិភាក្សាតាមប្រព័ន្ធវីដេអូនិងបញ្ជូនក្រុមអ្នកដោះមីនជំនាញប្រមាណពី៣ទៅ៥នាក់ដើម្បីធ្វើដំណើរទៅប្រទេសប៉ូឡូញ (Poland) នៅខែមេសាខាងមុខ សំរាប់ការហ្វឹកហ្វឺនបន្ថែមទៀតដល់ក្រុមជំនាញដោះមីនអ៊ុយក្រែន។
យ៉ាងហោចណាស់ក៏មានក្រុមអ្នកដោះមីនអ៊ុយក្រែន ចំនួន ៦៤នាក់បានរងរបួសនិងស្លាប់ចំនួន១៣នាក់ ផ្សេងទៀត ក្នុងបេសកកម្មដោះមីននៅប្រទេសអ៊ុយក្រែនក្រោយពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសខ្លួន។
ក្រុមមន្ត្រីមន្ត្រីជំនាញដោះមីនអ៊ុយក្រែនទាំង១៥នាក់នេះបានទៅទស្សនាសារៈមន្ទីរមីននិងប្រាសាទអង្គរ ខេត្តសៀមរាប មុនវិលត្រឡប់ទៅប្រទេសខ្លួនវិញ៕