មន្ត្រី​ជំនាញ​ចុះ​អប់រំ​ពលរដ្ឋ​​ក្រោយបុរស​ម្នាក់​ស្លាប់​ដោយ​ពុល​ត្រី​ក្រពត

ដោយ អ៊ុង សេរីវុទ្ធ
2017.08.18
ពុល​ត្រី​ក្រពត ក្រចេះ ៨៥៥ ត្រី​ក្រពត​ដែល​អ្នក​ពលរដ្ឋ​រស់​នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ពុល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo provided
Photo provided

មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​អប់រំ​ពលរដ្ឋ​ក្នុង​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ហូប​ត្រី​ក្រពត ក្រោយ​ពលរដ្ឋ​ម្នាក់​ក្នុង​ភូមិ​នេះ​ស្លាប់ និង​៦​នាក់​ទៀត​ពុល បន្ទាប់​ពី​​ពួកគេ​ទទួល​ទាន​ត្រី​ក្រពត ក្លែម​ជាមួយ​ស្រា។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័ត្រា ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី១៨ សីហា ថា កាល​ពី​យប់​ថ្ងៃ​ទី១៦ សីហា មាន​ពលរដ្ឋ​ចំនួន​៧នាក់​បាន​ពុល និង​ក្អួត​ចង្អោរ បន្ទាប់​ពី​ពួកគេ​ហូប​ត្រី​ក្រពត​បំពង ដែល​អ្នក​ភូមិ​រក​បាន​ពី​បឹង​ក្បែរ​ផ្ទះ។

លោក​ថា ក្នុង​ចំណោម​៧​នាក់ មាន​មនុស្ស​តែ​ម្នាក់​គត់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​បាន​បន្ត​ហូប​ត្រី​កំពត​ជាមួយ​បាយ​ថែម​ទៀត មុន​ចូល​សម្រាន្ត​នៅ​ពេល​យប់។ រហូត​ដល់​ជិត​ពាក់​កណ្ដាល​យប់​ បុរស​​​រូប​នោះ​មាន​អាការៈ​ក្អួត​ចង្អោរ ចុក​ស្រពន់​ដៃ​ជើង។ ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍ ដោយ​គិត​ថា ត្រឹម​ជា​អាការៈ​មិន​ស្រួល​ខ្លួន ឬ​ខ្យល់​ចាប់​ធម្មតា។ នៅពេល​ស្ថានភាព​កាន់​តែធ្ងន់ទៅៗ គ្រួសារ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ដើម្បី​សង្គ្រោះ​បន្ទាន់ តែបុរស​រូប​នោះ​បាន​ស្លាប់​នៅ​ពេល​​គ្រូពេទ្យរៀបចំ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត។

ប្រធាន​មន្ទីរ​សុខាភិបាល​​ដដែល​បន្ត​ថា ​មនុស្ស​៦​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​កុមារ​​២​នាក់​ផង ​បាន​ធូរស្រាលក្រោយ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ។

ក្រោយ​មាន​ករណី​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចុះ​ប្រមូល​សំណាក​ត្រី​ក្រពត​ដើម្បី​វិភាគ និង​អប់រំ​ពលរដ្ឋ​ឲ្យ​ជៀសវាង​ហូប​ត្រី​ក្រពត​ជា​បណ្ដោះអាសន្ន ក្រោយ​មាន​​លទ្ធផលនៃការវិភាគ​​​ត្រី​ក្រពត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។