សិស្ស​ក្រីក្រ​ប្រឡង​ជាប់​និទ្ទេស​អេ​នៅ​តាកែវ​បារម្ភ​អំពី​បញ្ហា​ជីវភាព​ពេល​មក​រៀន​នៅ​ភ្នំពេញ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

សិស្ស​ជាប់​និទ្ទេស អេ (A) ម្នាក់ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ខេត្ត​តាកែវ ដែល​មាន​ជីវភាព​ក្រីក្រ កំពុង​ខ្វល់ខ្វាយ​ពី​កន្លែង​ស្នាក់​នៅ និង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ នៅ​ពេល​មក​ស្នាក់នៅ​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។

អាជ្ញាធរ​ឃុំ​សឹង្ហ និង​គ្រូៗ​នៅ​វិទ្យាល័យ សុខ អាន ក្តីទន្ទឹម ស្រុក​សំរោង ខេត្ត​តាកែវ ត្រេកអរ​ជា​ខ្លាំង​បន្ទាប់ពី​សិស្ស​ក្រីក្រ​ម្នាក់ ឈ្មោះ ទុំ ឆាយ រៀន​នៅ​វិទ្យាល័យ​នោះ បាន​ប្រឡង​ជាប់​និទ្ទេស អេ ក្រោយ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា បាក់ឌុប ឆ្នាំ​សិក្សា​២០១៤-​២០១៥។

​ក្រោយ​ពី​ប្រកាស​លទ្ធផល​ភ្លាមៗ យុវសិស្ស ទុំ ឆាយ បាន​ទទួល​អំណោយ​ប្រាក់​រង្វាន់ សម្ភារៈ​ប្រើប្រាស់ អាហារូបករណ៍​សិក្សា​ដោយ​មិន​បង់​ប្រាក់​នៅ​មហាវិទ្យាល័យ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​សិស្ស​ពូកែ​ដទៃ​ទៀត​ដែរ។

​ទោះ​យ៉ាង​ណា យុវជន ទុំ ឆាយ នៅ​តែ​មាន​ក្ដី​កង្វល់​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​ត្រូវ​ថា គួរ​ជ្រើសរើស​រៀន​ជំនាញ​បន្ត​នៅ​មហាវិទ្យាល័យ​មួយ​ណា ហើយ​គួរ​ចាប់​យក​នូវ​ជំនាញ​អ្វី និង​ខ្វល់​ពី​រឿង​កន្លែង​ស្នាក់នៅ និង​ប្រាក់​ចាយ​ប្រចាំថ្ងៃ ថ្វី​ដ្បិតតែ​រូបគេ​ត្រូវ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​អាហារូបករណ៍​ឲ្យ​សិក្សា​មហាវិទ្យាល័យ​មិន​បង់​ប្រាក់​ក្ដី។

យុវជន​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ជម្រើស​ទី​មួយ​គិត​ថា គាត់​នឹង​ស្នាក់នៅ​វត្ត​លោក ប៉ុន្តែ​មិន​ដឹង​ថា វត្ត​អារាម​នៅ​ទីក្រុង អាច​ឲ្យ​គាត់​ស្នាក់នៅ​ដល់​រៀន​ចប់​មហាវិទ្យាល័យ ៤​ឆ្នាំ​ដែរ ឬ​អត់​នោះ​ទេ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​អំពាវនាវ​ថា បើសិនជា​អាច​មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ខ្ញុំ​ផង ព្រោះ​អី​ជាក់ស្ដែង​លទ្ធភាព​នៃ​ស្ថានភាព​គ្រួសារ​ខ្ញុំ គឺ​ពិត​ជា​លំបាក​ណាស់​ហើយ ពិតជា​ត្រូវការ​ជា​ខ្លាំង​នូវ​ការ​ជួយ​ពី​សំណាក់​សប្បុរសជន​នានា»

​យុវសិស្ស ទុំ ឆាយ កើត​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​១៩៩៧ ក្នុង​ភូមិ​ក្រាំងស្តៅ ឃុំ​សឹង្ហ ស្រុក​សំរោង ខេត្ត​តាកែវ។ បច្ចុប្បន្ន យុវជន​រូប​នេះ​មាន​អាយុ ១៨​ឆ្នាំ រស់​នៅ​ជាមួយ​ម្ដាយ​មេម៉ាយ ហើយ​មាន​ជំងឺ​ប្រកាច់ មិន​ដឹង​ខ្លួន និង​ប្អូន​ប្រុស​ម្នាក់​ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ក៏​ឈប់​រៀន​ដោយសារ​គ្មាន​អ្នកមើល​ថែទាំ​ម្ដាយ។​

លំនៅឋាន​របស់​យុវសិស្ស ទុំ ឆាយ ប្រឡង​ជាប់​និទ្ទេស​អេ (A) នៅ​ខេត្ត​តាកែវ។
លំនៅឋាន​របស់​យុវសិស្ស ទុំ ឆាយ ប្រឡង​ជាប់​និទ្ទេស​អេ (A) នៅ​ខេត្ត​តាកែវ។ (Photo provided)

ពាក់ព័ន្ធ​ជម្រើស​ជំនាញ​សិក្សា​នេះ យុវសិស្ស ទុំ ឆាយ សង្ឃឹម​ថា នឹង​រៀន​ជំនាញ​គ្រប់គ្រង៖ «ខ្ញុំ​បាន​ចាប់​យក​ជំនាញ រៀន​ការ​គ្រប់គ្រង​ព័ត៌មានវិទ្យា។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ការ​សម្រេច​ចិត្ត​ជំហាន​ដំបូង ព្រោះ​ខ្ញុំ​អត់​សូវ​ច្បាស់​ដែរ ហើយ​ចំពោះ​ខ្ញុំ គឺ​ចង់​រៀន​នៅ​ភ្នំពេញ ច្រើន​ជាង ព្រោះ​ថា ភ្នំពេញ វា​គឺ​ជា​បណ្ដុំ​កន្លែង​មាន​ការងារ​ធ្វើ ក៏​ដូចជា​ការ​រៀន​សូត្រ កន្លែង​រៀន​គឺ​មាន​ច្រើន ហើយ​វា​ចម្រុះ​ទៅ​ដោយ​វប្បធម៌ ឬ​ក៏​ការងារ​ច្រើន អ៊ីចឹង​ខ្ញុំ​ស្រួល​ជាង​នៅ​ខេត្ត ព្រោះ​ថា ខេត្ត​អត់​សូវ​មាន​ព័ត៌មាន​អី​ផ្សេងៗ​ទូលំទូលាយ​ដូច​នៅ​ភ្នំពេញ​ទេ»

​ទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​យុវសិស្ស ទុំ ឆាយ ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ក្រាំងស្តៅ លោក កែវ កួន និង​អាជ្ញាធរ​ឃុំ​សឹង្ហ លោក ផែ ហាក់ ជា​មេ​ឃុំ អះអាង​ដូចគ្នា​ថា គ្រួសារ ទុំ ឆាយ មាន​ប័ណ្ណ​ក្រីក្រ​ថ្នាក់​លេខ​១។ ម្តាយ ទុំ ឆាយ ជា​ស្ត្រី​មេម៉ាយ និង​មាន​ជំងឺ​ប្រចាំ​កាយ ដូចជា​ដើរ​ភ្លឹកៗ ប្រកាច់​ដួល​មិន​ដឹង​ខ្លួន ឬ​ហៅ​ថា ឆ្កួត​ជ្រូក។ លោក​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ឲ្យ​យុវជន ​ទុំ ឆាយ បាន​រៀន​ដល់​ចប់​មហាវិទ្យាល័យ​ផង ដើម្បី​កុំ​ឲ្យ​យុវជន​នោះ ងាក​មក​ជួយ​គ្រួសារ​ក្រីក្រ ហើយ​បោះបង់​ការ​សិក្សា​កណ្ដាល​ទី​នោះ។

លោក កែវ កួន៖ «ម្ដាយ​គាត់​ហ្នឹង​វា​មាន​ជំងឺ​ឆ្កួត​ជ្រូក ដើរ​ត្រូវ​មើល​ទាល់តែ​យាម​ជាប់។ មិន​ស្រួល​ដើរៗ ប្រកាច់​តាម​ផ្លូវ ប្រកាច់​ក្នុង​ទឹក ក្នុង​ស្រែ​អ៊ីចឹង ដល់​ហើយ​កូនចៅ​ហ្នឹង​ទៅ​សិក្សា​ទាល់តែ​មាន​យាយ មាន​បង មាន​ប្អូន​ការពារ ជួយ​មើល​ម្ដាយ។ ដល់​អ៊ីចឹង​រក​ស៊ី​អី​អត់​កើត ហើយ​គ្រួសារ​ហ្នឹង គាត់​អត់​មាន​អី​ទេ គាត់​ក្រីក្រ។ បើសិនជា​អាច​ជួយ ទុំ ឆាយ នេះ​បាន ត្រូវ​តែ​ជួយ​ទៅ ព្រោះ​អី​គាត់​ហ្នឹង​មាន​ប័ណ្ណ​ជន​ក្រីក្រ ក្រ​១ ក្រ​២»

​ស្រដៀង​គ្នា​នេះ​ដែរ នាយក​វិទ្យាល័យ សុខ អាន ក្តី ទន្ទឹម លោក ឡុង អិត ថ្លែង​ថា យុវសិស្ស ទុំ ឆាយ ធ្លាប់​បាន​ប្រឡង​ជាប់​ជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ម្ដង​ហើយ កាល​ពី​ថ្ងៃ​២៤ ខែ​មេសា ឆ្នាំ​២០១៥។ លោក​ថា ការ​សិក្សា​របស់​យុវជន ទុំ ឆាយ គឺ​ពូកែ ទាស់​តែ​បញ្ហា​ជីវភាព​ក្រុម​គ្រួសារ​ក្រីក្រ​ខ្លាំង ដោយសារ​ម្ដាយ​មេម៉ាយ ហើយ​មាន​ជំងឺ​ទៀត​ផង៖ «រហូត​ដល់​លទ្ធផល​ដែល​យើង​ទទួល​បាន​ពេល​នេះ គឺ​ជា​មោទនភាព​របស់​វិទ្យាល័យ​យើង​ដែរ ​ដែល​បាន​សិស្ស​ជាប់​ច្រើន គឺ ៦៥,១៩%។ និទ្ទេស A ម្នាក់ B ៥​នាក់ C ១៣​នាក់ D ១៥​នាក់ E ៩៩​នាក់។ សិស្ស​ជាប់​និទ្ទេស​បាន ១៣៣​នាក់ ក្នុង​ចំណោម​សិស្ស​ដាក់​ពាក្យ​ប្រឡង ២០៤​នាក់»

​បន្ថែម​លើ​នោះ លោកគ្រូ មាស ម៉ុង ថ្លែង​ថា យុវសិស្ស ទុំ ឆាយ មាន​តែ ២​នាក់​បងប្អូន និង​ម្ដាយ​មាន​ជំងឺ ក្រោយ​ពី​ឪពុក​ចាកចេញ​ពី​ពួកគេ។ លោក​ថា ពួកគេ​ក្រីក្រ ព្រោះ​មេ​គ្រួសារ​មាន​ជំងឺ​ប្រកាច់ ឆ្កួតជ្រូក។ មូលហេតុ នេះ​ទើប​ប្អូនប្រុស​ពៅ​របស់ ទុំ ឆាយ រៀន​ត្រឹម​ថ្នាក់​ទី​៩ ក៏​ឈប់​នៅ​ផ្ទះ មើល​ថែទាំ​ម្ដាយ ហើយ​ទុក​ឱកាស​ឲ្យ​យុវសិស្ស ទុំ ឆាយ បាន​បន្ត​រៀន រហូត​ទទួល​បាន​ការ​កោត​សរសើរ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពី​មនុស្ស​ក្នុង​មូលដ្ឋាន ភូមិ​ឃុំ ដែល ទុំ ឆាយ កំពុង​រស់​នៅ៖ «ខ្ញុំ​បារម្ភ​ថា អាហារូបករណ៍​អត់​បង់ថ្លៃ​សាលា​ហើយ​ហ្នឹង គាត់​អត់​មាន​លទ្ធភាព​ចាយវាយ​នៅ​ភ្នំពេញ នោះ​ទៀត​ហ្នឹង»

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៤-​២០១៥ មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស អេ ទូទាំង​ប្រទេស ១០៨​នាក់។ យុវសិស្ស​ទាំង ១០៨​នាក់​នោះ ត្រូវ​បាន​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​មក​ជួប​ផ្ទាល់ ដោយ​មាន​ផ្ដល់​ថវិកា​ម្នាក់ៗ ២​លាន​រៀល និង ថេបឡេត (Taplet Samsung) ១​គ្រឿង​ម្នាក់​ជាដើម។

ការ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ពូកែ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ត្រូវ​បាន​យុវសិស្ស ទុំ ឆាយ អះអាង​ថា ជា​អាវុធ​ជំនួយ​ដល់​សិស្ស​ដែល​កំពុង​រៀន​ឲ្យ​ប្រឹង​ប្រកួតប្រជែង​គ្នា ដើម្បី​កិត្តិយស​ក្នុង​មូលដ្ឋាន​ផង និង​ដើម្បី​បង្កើន​អ្នក​ចេះ​កាន់​តែ​ច្រើន​សម្រាប់​ជួយ​កសាង​ប្រទេស​ជាតិ​ផង។

សិស្ស​ប្រឡង​ជាប់​និទ្ទេស អេ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៤-​២០១៥ នៅ​ក្នុង​ខេត្ត​តាកែវ មាន​ចំនួន ៦​នាក់ ក្នុង​នោះ​មាន​ស្រី ២​នាក់ និង​ប្រុស ៤​នាក់។ ក្នុង​ចំណោម ៦​នាក់​នោះ មាន​នៅ​ស្រុក​សំរោង ម្នាក់ គឺ​យុវសិស្ស ទុំ ឆាយ។ ក្រៅ​ពី​នោះ សិស្ស​នៅ​ស្រុក​ត្រាំកក់ ៤​នាក់ មាន​ស្រី​ម្នាក់ និង​ស្រុក​ព្រៃកប្បាស គឺ​ជាប់​សិស្ស​ស្រី​ម្នាក់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។