ពលរដ្ឋចោទនគរបាលម្នាក់ដែលជាម្ចាស់ហាងពន្លឺជាប់ចិត្តនៅតាខ្មៅថា ប្រើកាំភ្លើងភ្ជង់ក្បាលយុវជន
2023.01.23

ពលរដ្ឋចោទមេប៉ូលិសសក្តិបួនម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថា បានយកកាំភ្លើងខ្លី ភ្ជង់ក្បាលគំរាមបាញ់សម្លាប់ និងប្រើហិង្សាលើខ្លួន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកករណីនេះ ជាទង្វើល្មើសច្បាប់ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការលើបញ្ហានេះជាបន្ទាន់។
ហេតុការណ៍ មេប៉ូលិសស័ក្តិ៤ ពាក់ឯកសណ្ឋានស៊ីវិល យកកាំភ្លើងភ្ជង់ក្បាលគំរាមបាញ់សម្លាប់ និងប្រើហិង្សា លើយុវជនម្នាក់ ឈ្មោះ ឯម យឹមវិចិត្រ កាលពីយប់ថ្ងៃទី១៧ មករានោះ សមត្ថកិច្ចមិនទាន់ចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ មកទល់ពេលនេះ។
រីឯពលរដ្ឋឈ្មោះ ឯម យឹមវិចិត្រ វ័យ ៣១ឆ្នាំ មុខរបរ បុគ្គលិកធ្វើការឱ្យក្រុមហ៊ុនឯកជនមួយ រស់នៅក្រុងតាខ្មៅ នៅថ្ងៃទី២៣ មករា បន្តប្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្វែងរកយុត្តិធម៌លើរឿងនេះហើយ។
ដើមបណ្តឹង លោក ឯម យឹមវិចិត្រ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយពីកើតហេតុភ្លាមៗ លោកបានប្តឹងទៅអធិការដ្ឋានក្រុងតាខ្មៅដែរ តែនៅពុំទាន់មានចំណាត់ការនៅឡើយទេជិត ១ សប្តាហ៍មកហើយ។ លោករៀបរាប់ថា កាលពីថ្ងៃទី១៧ ខែមករា វេលាម៉ោង ៨ យប់ លោកបាន ជិះម៉ូតូទៅទិញម្ហូប ដល់ចំណុចទល់មុខ ហាងពន្លឺជាប់ចិត្ត ម៉ូតូរបស់លោកប៉ះនឹងរថយន្តមួយគ្រឿង ដែលចតបញ្ច្រាសផ្លូវទល់មុខហាង បណ្ដោយឱ្យឆ្កូតស្នាមរថយន្ត។ ភ្លាមនោះម្ចាស់ហាងពន្លឺជាប់ចិត្ត ជាមន្ត្រីនគរបាល លោក ឌឿន ចាន់ដារ៉ា បានស្ទុះមកសម្លុតគំរាមកំហែងដោយកំហឹង និងក្របួចកអាវ ក្រៀកលោកចូលក្នុងហាង។
លោកថា ម្ចាស់ហាងរូបនេះ បានដកកាំភ្លើងខ្លីមួយដើម អាម៉េកាំភ្លើងរួចភ្ជង់ក្បាលលោក ប៉ុនប៉ងបាញ់សម្លាប់។ លោកថា លោកបានលុតជង្គង់អង្វរ ឱ្យមេប៉ូលិសស័ក្តិ៤រូបនោះ ទុកជីវិត ព្រោះភ័យខ្លាច គេបាញ់សម្លាប់ក្នុងគ្រានោះ។
លោក ឯម យឹមវិចិត្រ៖ «គាត់ភ្ជង់ហើយ អាម៉េកាំភ្លើង ខ្ញុំភ័យពេក ខ្ញុំនឹកឃើញកូនខ្ញុំនៅផ្ទះ អង្វរគាត់ ធ្វើម៉េចឱ្យតែរស់ជីវិត»។
លោក ឯម យឹមវិចិត្រ ចាត់ទុកទង្វើនេះ ជាការប្រមាថមើលងាយអាយុជីវិតលោក ដែលជាពលរដ្ឋសាមញ្ញ ។ លោកថាមេប៉ូលិសសក្តិ៤ រូបនោះ អាងអំណាច ប្រើអាវុធ ក្រៅម៉ោងការងាររដ្ឋ បំពានបម្រាមរបស់ក្រសួងមហាផ្ទៃ និងខុសច្បាប់។ លោកទទូចឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រកយុត្តិធម៌ក្នុងសំណុំរឿងនេះ ដើម្បីព្រមានដល់មន្ត្រីផ្សេងទៀត កុំឱ្យយកកាំភ្លើងគំរាមពលរដ្ឋតាមអំពើចិត្តទៀត។
លោក ឯម យឹមវិចិត្រ៖ «គាត់ធ្វើអ៊ីចឹងដូចឃោរឃៅណាស់ គាត់យកកាំភ្លើងគំរាមកំហែងលើគេ ខ្ញុំនៅភ័យមិនទាន់បាត់ លើកទី១ អារម្មណ៍នៅភ័យដក់ក្នុងខួរក្បាល»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ ពីមន្ត្រីនគរបាល លោក ឌឿន ចាន់ដារ៉ា បាននៅឡើយទេ នៅថ្ងៃទី២៣ មករា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែក អធិការក្រុងតាខ្មៅ លោក យី វណ្ណដា មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងរឿងនេះរួចហើយ ហើយមន្ត្រីជំនាញកំពុងស៊ើបអង្កេត ដោយប្រមូលព័ត៌មាន និងភស្តុតាងនានា។ លោកបញ្ជាក់យ៉ាងខ្លីថា នគរបាលទទួលបាន ព័ត៌មានពីសាក្សីមួយចំនួនដែរ ហើយកំពុងដុតដៃជើងធ្វើការងារនេះ ដោយពុំបានផ្អឹបរឿងនេះចោលឡើយ។
លោក យី វណ្ណដា៖ «មកដល់ម៉ោងនេះ យើងទទួលបាន អត់ទាន់មានសាក្សីបញ្ជាក់ថា គាត់ពិតជាបានកាន់កាំភ្លើង នេះគ្រាន់ជាការបំភ្លឺរបស់ប្អូនជនរងគ្រោះ អ៊ីចឹងយើងត្រូវប្រមូល ទាក់ទងសេវាសុខភាព និងសាក្សីណា ឃើញថា គាត់កាន់កាំភ្លើង។ ខ្ញុំអត់ទាន់ហ៊ាននិយាយថា យ៉ាងម៉េចទេណា ? ប៉ុន្តែទោះបីជា ការប្រើប្រាស់អាវុធ បើទោះបីជាគាត់កងកម្លាំងក៏ដោយ បើប្រើកាំភ្លើងច្រងេងច្រងាងអាហ្នឹងខុសច្បាប់មួយបាត់ទៅហើយ»។
ខ្លឹមសារពាក្យបណ្តឹងដាក់ជូនក្រសួងមហាផ្ទៃ ដែលវិទ្យុអាស៊ីសេរីទទួលបានឱ្យដឹងថា ទង្វើរបស់នគរបាលរូបនេះ ផ្ទុយពីក្រមសីលធម៌កងកម្លាំងប្រដាប់អាវុធ របស់នគរបាលជាតិ ធ្វើឱ្យប៉ះពាល់គោលនយោបាយក្រសួងមហាផ្ទៃ ដែលណែនាំឱ្យ នគរបាលជាតិ ត្រូវបម្រើជាតិមាតុភូមិដោយស្មោះត្រង់ ពុំមែនយកតួនាទីកាងរបររកស៊ីរបស់ខ្លួននោះឡើយ។
ជុំវិញរឿងនេះ ប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា យល់ថា សំណុំរឿងនេះ គួរតែដោះស្រាយគ្នាដោយសន្តិវិធី តាមច្បាប់ចរាចរណ៍។ លោកចាត់ទុកការយកអាវុធគំរាមកំហែង ជាបទល្មើសព្រហ្មទណ្ឌ ដែលស្ថាប័នមានសមត្ថកិច្ចគួរតែចុះអន្តរាគមន៍ជាបន្ទាន់ ដោយមិនគួរពន្យារពេលនោះទេ។
លោក នី សុខា៖ «នេះវាហាក់បីដូច ស្ទើរក្លាយជាវប្បធម៌ហើយ សម្រាប់សង្គមយើងបច្ចុប្បន្ន បើសិនជាអ្នកមានអំណាច បុណ្យស័ក្ដិប្រព្រឹត្ត អ៊ីចឹងទៅទៀត គឺថា មិនងាយទេ សមត្ថកិច្ចអនុវត្តច្បាប់ យឺតដូចកៅស៊ូ។ រឿងអ៊ីចឹងសមត្ថកិច្ចត្រូវមានវិធានការ។ យើងកត់សម្គាល់ថា បើរឿងណាផុសពាសពេញបណ្ដាញសង្គម ឬមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំ បានរឿងហ្នឹងលឿនមែនទែន។
ច្បាប់ស្ដីពីលក្ខន្តិកៈក្របខណ្ឌមន្ត្រីនគរបាលជាតិ មាត្រា ៣១ ចែងថា ហាមឃាត់មន្ត្រីនគរបាលជាតិកម្ពុជា យកម៉ោងការងាររដ្ឋទៅប្រកបរបរផ្ទាល់ខ្លួន ដោយយកឥទ្ធិពល និងអំណាចក្នុងមុខងារ ដើម្បីទាញប្រយោជន៍អ្វីមួយ ឬសម្លុតគំរាមកំហែងលើពលរដ្ឋ។
រីឯមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌចែងថា ជនណាគំរាមកំហែងថា នឹងសម្លាប់ ស្តែងចេញតាមលិខិត រូបភាព ឬ វត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៦ ខែ(ប្រាំមួយខែ) ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។