កម្មករ​ជិត​៧​ពាន់​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៣​ទាមទារ​ឡើង​ប្រាក់ខែ

ដោយ អ៊ុក សាវបូរី
2013.03.21
Share on WhatsApp
Share on WhatsApp

កម្មករ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង វីន ស្តា (Win Star) ស្ថិត​នៅ​ក្នុង​ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​បិទ​ផ្លូវ​ជាតិ​លេខ​៣ នៅ​ព្រឹក​ថ្ងៃ​២១ ខែ​មីនា ដើម្បី​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ១០០​ដុល្លារ។ បាតុកម្ម​​នេះ​​ធ្វើ​ឡើង​ចំពេល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ពី ៦១​ដុល្លារ រហូត​ដល់ ៨០​ដុល្លារ។

ក្រុម​កម្មករ​ជិត ៧​ពាន់​នាក់ នៅ​រោងចក្រ​ស្បែកជើង វីន ស្តា ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​បិទ​ផ្លូវ​ជាតិ​លេខ ៣ មួយ​ព្រឹក នៅ​ថ្ងៃ​២១ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ជំរុញ​ឲ្យ​ថៅកែ និង​អាជ្ញាធរ​មូលដ្ឋាន ឆាប់​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​ផល​ប្រយោជន៍​របស់​កម្មករ និង​ប្ដូរ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។

កម្មការិនី ប៊ិន ស្រីមុំ ថ្លែង​ថា កម្មករ​បាន​ធ្វើ​បាតុកម្ម ២​ថ្ងៃ​មក​ហើយ ដើម្បី​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច ក្នុង​នោះ​គឺ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី ៦១​ដុល្លារ ដល់ ១០០​ដុល្លារ៖ «បើ​បាន ៨០ នោះ​ក៏​បាន​ដែរ ប៉ុន្តែ​ខ្ញុំ​ឮ​គេ​ថា អ៊ីចេះ គេ​ថា​គេ​ដំឡើង​ហ្នឹង គឺ​គេ​កាត់​ពី​លុយ​សុខភាព​យើង ៥​ដុល្លារ យក​មក​បូក។ យើង​ធ្វើ​បន្ត​ទៀត ព្រោះ​យើង​ទាមទារ​មាន​ច្រើន​ចំណុច​ទៀត ដូច​ថា យើង​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​នោះ សុំ​ឲ្យ​បាន​ច្បាប់​ឈប់​រយៈពេល ៧​ថ្ងៃ សុំ​ឲ្យ​មាន​កន្លែង​ហូប​បាយ​ត្រឹមត្រូវ ហើយ​ក្នុង​បន្ទប់​ទឹក​អី​ហ្នឹង ត្រូវ​មាន​ទឹក មាន​សាប៊ូ​អី​គ្រប់គ្រាន់​ឲ្យ​កម្មករ​ទាំង​អស់​គ្នា​ប្រើ ហើយ​ថ្លៃ​ពេទ្យ ដូច​ថា ពេល​យើង​សន្លប់​អី កម្មករ​សន្លប់​ដាក់​ស៊ីរូម​គេ​ឲ្យ​បង់​លុយ ប៉ុន្តែ​យើង​សុំ​ឲ្យ​ថៅកែ​ជួយ​ចេញ​លុយ​វិញ»

កម្មការិនី នាង សុភី បន្ថែម​ថា ក្រៅ​ពី​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​ក៏​បាន​សុំ​ឲ្យ​ថៅកែ​ជួយ​កែ​លម្អ​បង្គន់​ឲ្យ​មាន​អនាម័យ មាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ បន្ថែម​ប្រាក់​កម្រៃ​លើក​ទឹក​ចិត្ត​ប្រចាំ​ខែ​ពី ១០​ដុល្លារ ទៅ ១៥​ដុល្លារ បន្ថែម​ប្រាក់​អាហារ​ពី ១​ពាន់​រៀល ទៅ ២​ពាន់​រៀល ក្នុង​១​ថ្ងៃ បន្ថែម​ថ្ងៃ​សុំ​ច្បាប់​ឈប់​ពី ៣​ថ្ងៃ​ទៅ​១​អាទិត្យ​ពេល​កម្មករ​រៀប​អាពាហ៍ពិពាហ៍​ជាដើម។

ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​របស់​កម្មករ​រោងចក្រ​ស្បែកជើង វីន ស្តា នៅ​ខេត្ត​កំពង់ស្ពឺ នោះ សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ បាន​ការពារ​ផ្លូវ​ជាតិ​លេខ ៣ ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​ដំណើរ​ការ​បាន​ងាយ​បន្តិច និង​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​កម្មករ​ទេ។

នៅ​ថ្ងៃ​២១ ខែ​មីនា នេះ​ដែរ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ប្រមុខ​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ឲ្យ​កម្មករ​ពី ៦១​ដុល្លារ ដល់​ប្រាក់​សរុប ៨០​ដុល្លារ​ក្នុង​១​ខែ។ ប្រាក់​ឈ្នួល​អប្បបរមា​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​១ ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​ថៅកែ​គ្រប់​រោងចក្រ​តម្រូវ​ឲ្យ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៣ ត​ទៅ។

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឃ្លាំមើល​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​ស្បែកជើង វីន ស្តា លោក សយ ចាន់ធូ ថ្លែង​ថា កម្មករ​បាន​បញ្ឈប់​ការ​តវ៉ា​នៅ​ថ្ងៃ​ត្រង់ ថ្ងៃ​២១ ខែ​មីនា ប៉ុន្តែ​សន្យា​បន្ត​បាតុកម្ម​ទៀត ប្រសិន​បើ​ថៅកែ​មិន​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់ ១០០​ដុល្លារ និង​ប្ដូរ​លក្ខខណ្ឌ​ការងារ ដូច​ការ​ទាមទារ​ទាំង ១០​ចំណុច​នេះ​ទេ៖ «ពួក​ខ្ញុំ​ទាមទារ ១០០​ដុល្លារ ហើយ​កម្មករ​ក៏​គាត់​ស្ម័គ្រ​ចិត្ត​ទាមទារ ១០០​ដុល្លារ​ដែរ។ ស្អែក​កូដកម្ម​បន្ត​ទៀត»

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ឲ្យ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ភាគី និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​សមស្រប​សម្រាប់​កម្មករ​ និយោជិត ក្នុង​រយៈពេល ១​ឆ្នាំ​ម្ដង ឬ​តាម​ពេល​វេលា​ចាំបាច់ ដើម្បី​ពិនិត្យ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សមស្រប​សម្រាប់​កម្មករ​និយោជិត។

រាជ​រដ្ឋាភិបាល​បាន​អំពាវនាវ​អង្គការ​សហជីព កម្មករ និយោជិត និយោជក អង្គការ​វិជ្ជាជីវៈ អង្គការ​ជាតិ អង្គការ​អន្តរជាតិ ចូល​រួម​សហការ និង​គាំទ្រ​ដល់​គោលការណ៍​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ៨០​ដុល្លារ​នេះ ដើម្បី​រក្សា​ស្ថិរភាព​ការងារ និង​ជីវភាព​របស់​កម្មករ និង​សូម​ចៀសវាង​ការ​ធ្វើ​កូដកម្ម បាតុកម្ម ដែល​នាំ​ឲ្យ​ខូច​ផល​ប្រយោជន៍​រួម​របស់​កម្មករ និយោជិត និយិជក និង​សង្គម​ជាតិ។

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ​សយ ​ចាន់ធូ​ ឲ្យ​ដឹង​ថា ទោះ​បី​រាជរដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ៨០​ដុល្លារ​ក៏ដោយ ក្រុម​កម្មករ​នៅ​តែ​បន្ត​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រហូត​បាន​ដល់ ១០០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។