អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ព្រមាន​ដាក់​វិន័យ​ដល់​អ្នក​សង្កេតការណ៍​ប្រឡង​បាក់ឌុប

ដោយ ទេព សុរ៉ាវី
2014.07.24
Share on WhatsApp
Share on WhatsApp
ប្រឡង​បាក់​ឌុប ២០១៣ ៦១០ សិស្ស​ប្រឡង​បាក់​ឌុប ចេញ​ពី​ប្រឡង​នៅ​ថ្ងៃ​ចុង​ក្រោយ នា​មណ្ឌល​ប្រឡង​នៃ​អនុវិទ្យាល័យ កំពត ក្រុង ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Morm Moniroth

ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន​នានា​ជាង ២​ពាន់​នាក់ គ្រោង​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ប្រឡង​បាក់ឌុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ សីហា ខាង​មុខ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (Anti-Corruption Unit = ACU) ក៏​បាន​ចេញ​សេចក្តី​ណែនាំ​កំណត់​ភារកិច្ច សិទ្ធិ កាតព្វកិច្ច​ដល់​អ្នក​សង្កេតការណ៍​ទាំង​នោះ ព្រម​ទាំង​បាន​កំណត់​កម្រិត​វិន័យ​ទោស ដល់​អ្នក​សង្កេតការណ៍​ថែម​ទៀត ក្នុង​ករណី​មាន​កំហុស​ឆ្គង​ពេល​បំពេញ​ភារកិច្ច។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ក្រើន​រំលឹក​ដល់​អ្នក​សង្កេតការណ៍​ប្រឡង​សញ្ញាបត្រ​បាក់ឌុប ទាំងអស់ ឲ្យ​គោរព និង​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ អាច​ប្រឈម​នឹង​ការ​ដាក់​វិន័យ ឬ​បើ​ករណី​ធ្ងន់ធ្ងរ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

ក្នុង​សេចក្តី​ណែនាំ​របស់ លោក ឱម យ៉ិនទៀង ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា គឺ​មុន​២​សប្ដាហ៍​ប៉ុណ្ណោះ​នៃ​កាល​បរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប។ លោក ឱម យ៉ិនទៀង បញ្ជាក់​ក្នុង​លិខិត​ណែនាំ​ថា ក្នុង​ករណី​ឃើញ​អ្នក​សង្កេតការណ៍​ប្រព្រឹត្ត​ខុស​បទប្បញ្ញត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​ធ្វើ​ផ្ទុយ​ពី​ច្បាប់ ត្រូវ​ផ្អាក​សកម្មភាព និង​អនុវត្ត​តាម​នីតិវិធី ព្រម​ទាំង​ត្រូវ​វិន័យ​ទៅ​តាម​កំហុស​ជាក់ស្តែង​ដែល​មាន ៣​កម្រិត។

កម្រិត​ទី​១ បើ​មិន​គោរព​ពេល​វេលា មិន​ពាក់​ប័ណ្ណ​សម្គាល់​ខ្លួន បង្ក​សំឡេង ឬ​ភាព​អ៊ូអរ​ចេញ​ក្រៅ​ដែន​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​អំឡុង​ពេល​បំពេញ​ការងារ និង​ឃើញ​មាន​សកម្មភាព​មិន​ប្រក្រតី ហើយ​មិន​រាយការណ៍​នោះ កំហុស​លើក​ទី​១ អ្នក​សង្កេតការណ៍​នឹង​ត្រូវ​ទទួល​ការ​ព្រមាន​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំ​មណ្ឌល។ កំហុស​លើក​ទី​២ ត្រូវ​ទទួល​ការ​ព្រមាន​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំ​ខេត្ត ហើយ​កំហុស​លើក​ទី​៣ ត្រូវ​បញ្ឈប់​ពី​តួនាទី​អ្នក​សង្កេតការណ៍។

កម្រិត​ទី​២ ក្នុង​ករណី​អ្នក​សង្កេតការណ៍​ទាមទារ ឬ​ទទូច​មើល​វិញ្ញាសា​ពី​អនុរក្ស ឬ​បេក្ខជន ឬ​ក៏​ថត​វិញ្ញាសា​ពី​លើ​ក្រដាស ឬ​ពី​លើ​ក្ដារ​ខៀន​ដែល​ខ្លួន​បាន​ឃើញ ឬ​ក៏​សម្លុត​គំរាម​បង្ក​ជម្លោះ​ជាមួយ​បេក្ខជន មន្ត្រី​អប់រំ ឬ​មន្ត្រី​ពាក់ព័ន្ធ​នានា​នោះ គឺ​អំពើ​ទាំង​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា ហើយ​កំហុស​នេះ​ត្រូវ​បញ្ឈប់​ភ្លាម​ពី​តួនាទី​ជា​អ្នក​សង្កេតការណ៍។

កម្រិត​វិន័យ​ទី​៣ ក្នុង​ករណី​អ្នក​សង្កេតការណ៍​ធ្វើ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា​ដែល​ខ្លួន​បាន​ដឹង ឬ​នាំ​យក​សំណៅ​វិញ្ញាសា​ឲ្យ​បេក្ខជន ឬ​ស្វែងរក​ផល​ប្រយោជន៍ ឬ​បង្កើត​បណ្ដាញ​ដើម្បី​ស្វែងរក​ផល​ប្រយោជន៍​ពី​ការងារ​សង្កេតការណ៍។ អំពើ​នោះ ត្រូវ​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា ហើយ​ត្រូវ​បញ្ឈប់​តួនាទី​អ្នក​សង្កេតការណ៍​ភ្លាមៗ និង​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់​ជា​ធរមាន។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​គាំទ្រ​ចំពោះ​ការ​កែ​ទម្រង់​លើ​ការ​ប្រឡង​គ្រប់​ប្រភេទ​របស់​ក្រសួង​អប់រំ ដែល​រដ្ឋមន្ត្រី​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ហង់ ជួនណារ៉ុន កំណត់​ទិស​ស្លោក​ថា "អ្នក​ចេះ​គឺ​ជាប់"។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បញ្ជាក់​ថា ការ​ប្រឡង​បាក់ឌុប នៅ​ឆ្នាំ​២០១៣-២០១៤ នេះ​មាន​តួអង្គ ៣​សំខាន់ គឺ​ទី​១ បេក្ខជន​ប្រឡង ទី​២ ខាង​ក្រសួង​អប់រំ មេ​ប្រយោគ និង​គណៈកម្មការ​ផ្សេងៗ និង​ទី​៣ មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អ្នក​សង្កេតការណ៍។ លោក​បន្ត​ថា ក្រសួង​អប់រំ ក៏​សង្ឃឹម​ថា​ការ​ចូលរួម​សហការ​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ នឹង​ជំរុញ​ឲ្យ​ការ​ប្រឡង​ប្រព្រឹត្ត​បាន​យ៉ាង​រលូន៖ «ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ការ​ប្រឡង​នេះ​ពិត​ជា​រហូត និង​ដំណើរ​ការ​ទៅ​បាន​លទ្ធផល​ដូច​អ្វី​ដែល​ក្រសួង​សង្ឃឹម គឺ​ថា​ការ​ប្រឡង​ប្រកប​ទៅ​ដោយ​ការ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន»

កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ សីហា ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ទូទាំង​ប្រទេស​ចំនួន ៩៣.៤៥៦​នាក់។ ក្រៅ​ពី​ដាក់​វិន័យ​ទៅ​ដល់​អ្នក​សង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​ព្រមាន​ដាក់​វិន័យ​ចំពោះ​បេក្ខជន​ប្រឡង ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​នៅ​ពេល​ប្រឡង​ដែរ។ វិន័យ​ទាំង​នោះ មាន​ទាំង​ការ​កំណត់​ឱ្យ​ធ្លាក់ ការ​បណ្ដេញ​ពី​បន្ទប់​ប្រឡង ការ​ផ្អាក​មិន​ឱ្យ​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់។ ករណី​ខ្លះ ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​គ្រឹះស្ថាន​សិក្សា រួច​ត្រូវ​បញ្ជូន​ទៅ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង។

ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នេះ ត្រូវ​បាន​អនុប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី គិត​ថា ការ​រឹត​ត្បិត​នៅ​ពេល​ប្រឡង មិន​ប្រាកដ​ថា​អាច​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា ការ​ពុក​រលួយ​នៅ​តែ​ពុក​រលួយ ព្រោះ​អី​យើង​ឃើញ​ថា ការ​ប្រឡង​ឌីប្លូម​កន្លង​ទៅ ការ​សូកប៉ាន់ គឺ​នៅ​តែ​មាន ចុះ​ទម្រាំ​ប្រឡង​បាក់ឌុប។ ខ្ញុំ​នៅ​តែ​គិត​ថា មិន​អាច​កែ​ទម្រង់​អំពើ​ពុក​រលួយ​ទេ ព្រោះ​អំពើ​ពុក​រលួយ​នេះ​ក្លាយ​ជា​ប្រព័ន្ធ​រួច​ទៅ​ហើយ»

តាម​គំនិត​លោកស្រី ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​តក់​ក្រហល់​ពេក គឺ​មិន​អាច​ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា ល្អ​ប្រសើរ​បាន​ទេ។ លោកស្រី​បន្ត​ថា ប្រសិន​បើ​ក្រសួង​អប់រំ មាន​ឆន្ទៈ​ស្ដារ​វិស័យ​អប់រំ​មែន​នោះ លុះត្រា​ណា​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូបង្រៀន​ឲ្យ​បាន​គ្រប់គ្រាន់​ជា​មុន​សិន ទើប​គ្រូបង្រៀន​មាន​ទឹក​ចិត្ត និង​យក​ចិត្ត​ទុក​ដាក់​បង្រៀន ហើយ​សិស្ស​ទើប​ចេះ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។