មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​មើល​ឃើញ​ក្រុមហ៊ុន​ចិន​ធ្វើ​​ផ្លូវ​ដែក​ល្អ​ជាង​ក្រុមហ៊ុន លោក គិត ម៉េង

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ព្រមាន​ដក​សិទ្ធិ​នៃ​ការ​អភិវឌ្ឍន៍​ផ្លូវ​ដែក​ពី​ក្រុមហ៊ុន​របស់​អ្នក​ឧកញ៉ា គិត ម៉េង ម្ដង​ទៀត​ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិន​ប្រញាប់​បញ្ចប់​កិច្ច​ចរចា និង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ឱ្យ​ចប់​សព្វ​គ្រប់ នៅ​ចុង​ឆ្នាំ​២០២៤​ទេ​នោះ។

ការ​ព្រមាន ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ចិន ​បាន​ជួប​ពិភាក្សា​គ្នា ហើយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) ជំរុញ​ឱ្យ​ពន្លឿន​ផែនការ​សហ​ប្រតិបត្តិការ​សម្រាប់​ អភិវឌ្ឍន៍​ឧស្សាហកម្ម​និង​ផ្លូវ​ដែក​កម្ពុជា ឱ្យ​បាន​ឆាប់​​រហ័ស។

អ្នកវិភាគ​យល់​ថា ក្រុមហ៊ុន​រ៉ូយ៉ាល់ រេល វ៉េ ខេមបូឌា (Royal Railway

Cambodia) របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ទទួល​បាន​សិទ្ធិ​បច្ចុប្បន្ន ទំនង​គ្មាន​​លទ្ធ​ភាព​គ្រប់គ្រាន់​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ​និង​បច្ចេកទេស​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍន៍​ផ្លូវដែក​កម្ពុជា​បាន​ល្អ​ប្រសើរ​ទេ​ ស្រប​ពេល​ ដែល​ក្រុមហ៊ុន​កម្ពុជា​ជា​ច្រើន ​កំពុង​តែ​ប្រឈម​និង​វិបត្តិ​សេដ្ឋកិច្ច។

អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ថា ស្រប​ពេល​ដែល​ក្រុមហ៊ុន រេល វ៉េមិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ រួម​ផ្សំ​នឹង​រដ្ឋាភិបាល​ក៏​មិន​មាន​ថវិកា​ ដើម្បី​អភិវឌ្ឍន៍​គម្រោង​កែ​លំអ​ផ្លូវ​ដែក​កម្ពុជា រដ្ឋាភិបាល​អាច​នឹង​បើក​ស្វែង​រក​ក្រុមហ៊ុន​ចិន​ចូល​មក​វិនិយោគ​ជំនួស​វិញ។​

លោក គឹម សុខ៖ «ទីមួយ​គឺ​បញ្ហា​បំណុល​ចិន​កើន​ឡើង ​ទីពីរ​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង។ ​កាលណា​ស៊ីលុយ​ច្រើន​ពី​គម្រោង​ផ្លូវ​ដែក ​គឺ​ធ្វើ​ឱ្យ​ថយ​ចុះ​ចំនួន​ថ្ម​និង​ដែក​ក្នុង​ការ​កសាង ​ហើយ​គុណភាព​ក៏​អន់​នឹង​នាំ​ឱ្យ​គ្រោះថ្នាក់ ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវដែក។ ចំណុច​ទី​៣ កាល​ណា​គុណភាព​ផ្លូវ​ដែក​អន់ ​គឺ​រំខាន​ទៅ​ដល់​ប្រតិបត្តិការ​វិនិយោគ​របស់​ក្រុមហ៊ុន​ផ្សេងៗ ​ពីព្រោះ​ងាក​ខូច​ៗ​ ក៏​ស្ទះ​ដល់ ដំណើរ​ការ​ដឹកជញ្ជូន​របស់​ក្រុម​អ្នក​ជំនួញ​ដែរ»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ដូច​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាល​ពី​ថ្ងៃទី១៤ ខែ​តុលា ដោយ​ព្រមាន​ថា នឹង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន Royal Railway Cambodia របស់​អ្នក​ឧកញ៉ា ​គិត ម៉េង ​ប្រសិន​បើ​មិន​ចរចា​និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​

ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ដើម្បី​ជំរុញ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក ​ឱ្យ​បាន​ចប់​នៅ​ចុង​ឆ្នាំ​២០២៤ ទេ​នោះ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​សូម​ឱ្យ​អ្នក​ឧកញ៉ា ​គិត ម៉េង ​និង​លោក ប៉េង ពោធិ៍នា ធ្វើ​យ៉ាងណា​ចរចា​ឱ្យ​ចប់​រឿង​(MOU)របស់​ផ្លូវ​ដែក។ ឱ្យ​ចប់​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤​នេះ ​ដើម្បី​ធ្វើការ​ពង្រឹង​វិស័យ​ផ្លូវ​ដែក។ បើសិនជា​មិន​ចរចា​និង​ធ្វើ​(MOU)​ឱ្យ​ចប់​នៅ​ចុង​ឆ្នាំ​នេះ​ទេ ​ខ្ញុំ​នឹង​ដក​សិទ្ធិ​អភិវឌ្ឍន៍​ហើយ។ បើ​មិន​បាន​បញ្ចប់​គម្រោង​ល្អ​ឥតខ្ចោះ​ក៏ដោយ​ ឱ្យ​តែ​គម្រោង​ជួសជុល​និង​កែ​លំអ​ផ្លូវ​ដែក​បាន​ដំណើរការ។ ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅ​រួច ហើយ​ចាំ​រៀបចំ​គោលការណ៍​ពង្រឹង​ជា​បន្ត​បន្ទាប់​ទៀត»។

នេះ​ជា​លើក​ទីពីរ​ហើយ ​ដែល​រដ្ឋាភិបាល ​ព្រមាន​ដក​ហូត​សិទ្ធិ​អភិវឌ្ឍន៍​ផ្លូវ​ដែក​ពី​ក្រុមហ៊ុន ​របស់​អ្នក​ឧកញ៉ា គិត ម៉េង។ ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០១៩ ​ដែល​កាល​ណោះ ​លោក ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​ប្រកាស​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​ម្ដង​ដែរ ដោយ​កាល​ណោះ ​បាន​លើក​ហេតុផល​ថា រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ ​វិស័យ​ដឹកជញ្ជូន ​តាម​ផ្លូវ​ដែក​ មិន​បាន​ជោគ​ជ័យ។

វិទ្យុ​អាស៊ី​សេរី ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ ជុំវិញ​ការ​ព្រមាន​​របស់​រដ្ឋាភិបាល ចំពោះ​​រឿង​​នេះ ​ពី​នាយក​ក្រុមហ៊ុន Royal Railway Cambodia អ្នក​ឧកញ៉ា គិត ម៉េង និង​ពី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ លោក ផន រឹម បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។ទោះជាយ៉ាងណា ការ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ជា​ថ្មី​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ជា​ទឹកប្រាក់​ចំនួន ៤២​លាន​​ដុល្លារ ​សម្រាប់​ឱ្យ​កម្ពុជា​យក​មក​ប្រើប្រាស់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រម​ទាំង​ជំរុញ ​ឱ្យ​កម្ពុជា​ពន្លឿន​ផែនការ​សហ​ប្រតិបត្តិការ​ ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ផ្លូវដែក​កម្ពុជា ឱ្យ​បាន​ឆាប់​រហ័ស។

ក្នុង​កិច្ច​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ចិន នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើក​ទី​៤៤-​៤៥​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ (VIENTIANE) ប្រទេស​ឡាវ (Lao) ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ​នាយករដ្ឋមន្ត្រី​ចិន ​លោក លី ឈាង បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ពន្លឿន​ការ​បង្កើត​ផែនការ​សហ​ប្រតិបត្តិការ​សម្រាប់​ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម ​និង​ការងារ​ផ្លូវ​ដែក​បឋម​ រវាង​កម្ពុជា-ចិន​ឱ្យ​​បាន​ឆាប់​រហ័ស ដើម្បី​អាច​ឈាន​ទៅ​ដល់​ផលប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត។

កម្ពុជា និង​ចិន​ ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​យន្តការ​សហ​ប្រតិបត្តិការ​ផ្លូវ​ដែក​កម្ពុជា-ចិន​ ដើម្បី​ការ​ជំរុញ​អភិវឌ្ឍ​ផ្លូវ​ដែក​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​តុលា​ ឆ្នាំ២០២៣។

ជុំវិញ​រឿង​នេះ ​អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ ​លោក ប៉ោ មករា ថា ការ​អភិវឌ្ឍន៍​ផ្លូវ​ដែក​កម្ពុជា ​បើ​ទោះបីជា​រដ្ឋាភិបាល ប្រគល់​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើ​ក្តី ឬ​ក៏​បង្វែរ​ទៅ​ឱ្យ​ក្រុមហ៊ុន​បរទេស​ក្តី ​ក៏​ពលរដ្ឋ​កម្ពុជា​មិន​សូវ​ទទួល​បាន​កម្រៃ​ច្រើន​ដូច​គ្នា​ ពីព្រោះ​តែ​ធនធាន​មនុស្ស​ខ្មែរ​មិន​មាន​ជំនាញ​គ្រប់​គ្រាន់ ​ហើយ​ត្រូវការ​ជួល​កម្មករ​ជំនាញ​ពី​បរទេស​ដដែល។

លោក ប៉ោ មករា៖ «មិន​ថា​ក្រុមហ៊ុន​នោះ​មក​ពី​ក្រៅ​ប្រទេស​ក្តី​ ឬ​ក៏​ក្រុមហ៊ុន​នោះ​មាន​ម្ចាស់​ជា​ខ្មែរ​គ្រប់គ្រង​ក្តី​ ក៏​យើង​ឃើញ​ថា​មាន​បញ្ហា​ពាក់ព័ន្ធ​និង​កម្មករ​ជំនាញ​ដែរ។ វា​មិន​សូវ​ជា​ចំណេញ​ប៉ុន្មាន​ទេ ពាក់ព័ន្ធ​និង​គម្រោង​ធំៗ​បែប​នេះ​ ដោយសារ​តែ​យើង​ត្រូវការ​ជួល​អ្នក​ជំនាញ​និង​កម្មករ​បរទេស​មក​ធ្វើ​ក្នុង​តម្លៃ​ថ្លៃ»។

ប្រទេស​កម្ពុជា​មាន​ផ្លូវដែក​ចំនួន ២​ខ្សែ​ គឺ​ផ្លូវ​ដែក​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ ​មាន​ប្រវែង ​២៦៦​គីឡូ​ម៉ែត្រ​និង​មួយ​ខ្សែ​ទៀត ​ចេញ​ពី​ភ្នំពេញ ​ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​ជាង ៣៨៥​គីឡូ​ម៉ែត្រ។ ផ្លូវ​ដែក​ទាំង​ពីរ​ខ្សែ​នេះ​បាន​សាងសង់​តាំង​ពី​សម័យ​អាណានិគម​បារាំង ​និង​សម័យ​សង្គម​រាស្រ្ត​និយម​ ក្រោម​ការ​ដឹកនាំ​របស់​​ព្រះ​មហាវីរៈក្សត្រ ​សម្តេច ​ព្រះនរោត្តម ​សីហុន។ បច្ចុប្បន្ន ​ក្រុមហ៊ុន​ Royal Railyway Cambodia ​មាន​សេវាកម្ម​ពី​ភ្នំពេញ​ទៅ កំពត តាកែវ និង​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។