រដ្ឋបាលក្រុងព្រះសីហនុ ព្រមានម្ចាស់សត្វចិញ្ចឹមគោក្របី និងសត្វពពែ ជាដើម ថានឹងចាប់សត្វចិញ្ចឹមដែលម្ចាស់លែងឲ្យដើរពាសពេញក្រុងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ប្រគល់ជូនកងទ័ពប្រចាំការនៅតាមព្រំដែន ដើម្បីធ្វើម្ហូបក្នុងពេលឆាប់ៗនេះ។
អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានឲ្យអាស៊ីសេរីដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ថា រដ្ឋបាលក្រុងបានចេញសេចក្តីជូនដំណឹងចុងក្រោយដល់ម្ចាស់សត្វចិញ្ចឹមរួមមាន សត្វគោ ក្របី និងពពែ ជាដើម មិនត្រូវលែងឲ្យដើរតាមផ្លូវពាសពេញក្រុងទេសចរណ៍ នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតទេ។
លោកបន្តថា បើមិនស្តាប់តាមការណែនាំ ឬមិនសហការជាមួយរដ្ឋបាលក្រុងទេ អាជ្ញាធរមានគម្រោងចាប់សត្វទាំងនោះយកទៅប្រគល់ជូនកងទ័ពប្រចាំការនៅតាមព្រំដែន ព្រោះពេលនេះ រដ្ឋបាលក្រុងមិនផាកពិន័យទៀតទេ៖ « យើងគិតថា បើសិនជាក្រុងនៅបន្តឲ្យពួកគាត់លែងសត្វចិញ្ចឹមមានគោក្របី និងពពែ ជាដើម ឲ្យដើរអនាធិបតេយ្យតាមផ្លូវសាធារណៈអ៊ីចឹងទៀត វានឹងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់បង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ អ៊ីចឹងហើយបានជាក្រុងគិតថា បើសិនជាយើងចាប់សត្វចិញ្ចឹមទាំងនោះ ហើយហៅម្ចាស់មកអប់រំ និងពិន័យត្រឹមប្រាក់ប៉ុណ្ណឹង គឺពួកគាត់មិនខ្លាចទេ ដូច្នេះដំណាក់កាលនេះ យើងគិតថាការអប់រំយើងនៅតែធ្វើ ប៉ុន្តែការពិន័យជាប្រាក់ គឺយើងលែងពិន័យទៀតហើយ ដោយរដ្ឋបាលក្រុងចាប់សត្វចិញ្ចឹមទាំងនោះបានហើយ យើងនឹងប្រគល់សត្វគោក្របី និងពពែ ដែលចាប់បាននោះ ប្រគល់ជូនទៅកងទ័ពប្រចាំការនៅតាមព្រំដែនហើយ »។
កាលពីថ្ងៃទី២៨ ខែកក្កដា លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្ដីពីការចាត់វិធានការចំពោះករណីសត្វចិញ្ចឹមដើរ ឬដេកតាមផ្លូវសាធារណៈ នាំឲ្យមានមតិរិះគន់ពីប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិ ជាពិសេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
រដ្ឋបាលក្រុងព្រះសីហនុ ឲ្យដឹងថា ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ អាជ្ញាធរបានចាប់សត្វចិញ្ចឹមដែលដើរគ្មានសណ្ដាប់ធ្នាប់ក្នុងក្រុងបានជាង ២០០ក្បាល ដើម្បីផាកពិន័យប្រាក់ ប៉ុន្តែម្ចាស់សត្វចិញ្ចឹមទាំងនោះមិនរាងចាលទេ ឬមិនសហការជាមួយអាជ្ញាធរទេ។
អ្នករស់នៅខេត្តព្រះសីហនុ គាំទ្រចំពោះការព្រមានចាប់សត្វចិញ្ចឹមមានគោ ក្របី និងពពែ ជាដើម របស់រដ្ឋបាលក្រុងព្រះសីហនុ យកទៅប្រគល់ជូនកងទ័ពប្រចាំការនៅតាមព្រំដែននេះ៖ « ខ្ញុំជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ យើងមានការខ្មាសអៀនដល់ភ្ញៀវទេសចរជាតិអន្តរជាតិជាខ្លាំង ដោយសារតែមនុស្សមួយចំនួនតូចចិញ្ចឹមសត្វជាលក្ខណៈគ្រួសារហើយ តែបែរជាធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ ក៏ដូចជាប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា យើងទាំងមូលផងដែរ »។
រដ្ឋបាលក្រុងព្រះសីហនុ បានដាក់ចេញការណែនាំថ្មីចំនួន ២ចំណុច និងចាត់វិធានការ ១ចំណុច ជាលើកចុងក្រោយដល់ម្ចាស់សត្វចិញ្ចឹមទាំងនោះរួមមាន មិនត្រូវលែងគោ ក្របី និងពពែ របស់ខ្លួនឲ្យដើរដេកតាមចិញ្ចើមផ្លូវ ទ្រូងផ្លូវ សួនច្បារ និងទីសាធារណៈទៀតទេ តម្រូវឲ្យសត្វចិញ្ចឹមទាំងអស់ ត្រូវមានកន្លុះ មានចងខ្សែ និងត្រូវរៀបចំក្រោល មានមនុស្សឃ្វាល ឬមើលថែឲ្យបានត្រឹមត្រូវ និងវិធានការក្តៅចុងក្រោយក្នុងករណីម្ចាស់សត្វចិញ្ចឹមទាំងឡាយណាដែលមិនគោរពតាមការណែនាំនេះទេ សត្វចិញ្ចឹមទាំងនោះនឹងត្រូវចាប់ប្រគល់ជូនទាហានការពារព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។