សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចមួយរូបពីបទកិបកេងថវិការដ្ឋជាង ៣៨ម៉ឺនដុល្លារ
2023.01.12

អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច លោក ឡាយ សំណាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីកិបកេងថវិការដ្ឋជាង ៣៨ម៉ឺនដុល្លារ (៣៨៧.០០០) នៅថ្ងៃទី១០ មករា។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ឡាយ សំណាង បានកេងប្រវ័ញ្ចប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ ៣.៩១១នាក់ នៅឆ្នាំ២០១៩ និងថវិកា ៧គម្រោងទៀតក្នុងឆ្នាំ២០២២។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។ ប៉ុន្តែ កាសែតក្នុងស្រុកបានស្រង់សម្ដីលោកថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)បានបញ្ជូន ជនសង្ស័យ លោក ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១១ មករានេះ។ លោកបន្តថា ក្រៅពីជាប់សង្ស័យលើអំពើពុករលួយ លោក ឡាយ សំណាង នៅជាប់សង្ស័យពីបទល្មើសសម្អាតប្រាក់ទៀតផង។
ការចាប់ខ្លួន លោក ឡាយ សំណាង ធ្វើឡើងក្រោយអង្គភាពប្រឆាំងអំពើពុករលួយចេញសេចក្ដីជូនដំណឹងពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីរាជការនៅថ្ងៃទី១០ មករា កាលពីម្សិលមិញនេះ។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា លោកគាំទ្រក្រសួងយុត្តិធម៌មានការស៊ើបអង្កេតវែកមុខមន្ត្រីពុករលួយក្នុងស្ថាប័នរដ្ឋ ហើយនេះជាទម្រង់មួយដែលយើងអាចស្ដារសង្គមឱ្យមានការអភិវឌ្ឍមួយឆ្ពោះទៅរកតម្លាភាព និងគណនេយ្យភាព។ លោកបន្តថា យ៉ាងណាលោកមិនទាន់មានសង្ឃឹមច្រើននោះទេ ដោយសារកន្លងមក ក្រសួងយុត្តិធម៌មិនសូវអនុវត្តផ្ដោតលើការងារឱ្យមានប្រសិទ្ធិភាព។
លោក កើត សារ៉ាយ៖ «ខ្ញុំគិតថាក្រសួងយុត្តិធម៌គួរតែរឹតបន្តឹងច្បាប់ ហើយធ្វើការពិនិត្យឱ្យស៊ីជម្រៅជាងនេះថា តើកត្តាអ្វីធ្វើឱ្យ លោក សំណាង គាត់ហ៊ានប្រព្រឹត្តិអំពើពុករលួយហ៊ានកិបកេងលុយរដ្ឋថា តើវាមានភាពពាក់ព័ន្ធអីគ្នាខ្លះរកឱ្យឃើញរឿងទាំងអស់ហ្នឹង បើរកអត់ឃើញទេការដែលចាប់វិធានការរបស់ក្រសួងយុត្តិធម៌គ្រាន់តែធ្វើឱ្យពលរដ្ឋហ្នឹងមើលម្ដងម្កាលតែប៉ុណ្ណឹងទេ»។
របាយការណ៍អង្គការតម្លាភាពចុះផ្សាយកាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២២ បង្ហាញថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២១ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលត្រូវបានវាយតម្លៃ។ លើសពីនេះទៀត យោងតាមសូចនាករអភិបាលកិច្ចពិភពលោក ឆ្នាំ២០២០ របស់ធនាគារពិភពលោកដែលវាស់វែងទិដ្ឋភាពសំខាន់ៗ ចំនួន៦ នៃអភិបាលកិច្ច កម្ពុជានៅតែស្ថិតក្នុងស្ថានភាពមិនប្រសើរសម្រាប់គ្រប់សូចនាកររួមទាំងការគ្រប់គ្រងអំពើពុករលួយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។