ទំនាស់ការងាររវាងថៅកែចិន និងបុគ្គលិកខ្មែរជាច្រើននាក់នៅសណ្ឋាគារអប្សរាហូលីដេ (Apsara Holiday Hotel) នាខេត្តសៀមរាប បានអូសបន្លាយជាច្រើនខែមកហើយ។ ទំនាស់នេះ កើតឡើងចាប់តាំងតែពីថៅកែខ្មែរ បានផ្ទេរសណ្ឋាគារទៅឱ្យថៅកែថ្មីជាជនជាតិចិន រកស៊ីបន្ត។
បុគ្គលិកកម្មករនៃសណ្ឋាគារអប្សរាហូលីដេ ក្នុងខេត្តសៀមរាប ប្រមាណ ៥០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ារយៈពេលខ្លី ប្រឆាំងនឹងថៅកែជនជាតិចិន កាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា។ ការតវ៉ាដែលធ្វើឡើងរយៈពេលតែជាងកន្លះម៉ោង ហើយរំសាយទៅវិញនោះ គឺដើម្បីទាមទារឱ្យថៅកែចិន ដែលចូលមកគ្រប់គ្រងថ្មី គោរពតាមកិច្ចសន្យាការងាររបស់ថៅកែចាស់ ដែលបានចុះកិច្ចព្រមព្រៀងជាមួយពួកគេរួចហើយ។
ក្រុមបុគ្គលិក និងកម្មករនៃសណ្ឋាគារអប្សរាហូលីដេ ចោទប្រកាន់ថា ថៅកែថ្មីដែលជាជនជាតិចិន កំពុងរំលោភច្បាប់ការងារនៃប្រទេសកម្ពុជា ព្រមទាំងរំលោភលើកិច្ចសន្យារបស់ពួកគេជាមួយថៅកែមុន ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ។
អនុប្រធានសហជីពកម្មករនៅសណ្ឋាគារអប្សរាហូលីដេ គឺលោក ចិន ថា។ លោកមានប្រសាសន៍ថា កាលពី៦ខែមុន ថៅកែសណ្ឋាគារដែលជាជនជាតិខ្មែរ បានសេងសណ្ឋាគារមួយនេះទៅឱ្យជនជាតិចិន ប្រកបរបររកស៊ីបន្ត។ មុនពេលដែលថៅកែខ្មែរសេងសណ្ឋាគារនោះ គឺបានធ្វើកិច្ចសន្យាការងារទៅឱ្យបុគ្គលិក និងកម្មករប្រមាណ ៦០នាក់រួចហើយ ដោយកំណត់រយៈពេល ២ឆ្នាំទៅមុខទៀត ក៏ប៉ុន្តែចាប់ពីថៅកែជនជាតិចិន ចូលមកគ្រប់គ្រងបន្ត គឺបានរំលាយចោលនូវកិច្ចសន្យាការងារទាំងអស់នោះ ព្រមទាំងដោះដូរតួនាទីបុគ្គលិកឱ្យធ្វើការខុសជំនាញពីមុនផង។
លោក ចិន ថា អះអាងថា ក្នុងចំណោមបុគ្គលិកចំនួន ៦០នាក់នៅក្នុងសណ្ឋាគារនេះ គឺមាន ១៥នាក់មិនសុខចិត្តចំពោះថៅកែចិន ដែលរំលាយចោលនូវកិច្ចសន្យាការងារ ហើយពួកគេក៏នាំគ្នាតវ៉ា៖ «រំលាយកិច្ចសន្យាហ្នឹងតាមច្បាប់ មានន័យថា ធ្វើការដោយអត់មានកិច្ចសន្យា គឺគេចង់បញ្ឈប់ពេលណាក៏បានដែរ។ ម្យ៉ាងទៀត បុគ្គលិកចំនួនខ្លះត្រូវបានប្ដូរតួនាទីដូចខ្ញុំបាទអ៊ីចឹង កាលមុន គឺជាអនុប្រធានការិយាល័យជួរមុខ ឥឡូវត្រូវបានគេដូរតួនាទីទៅខាងសម្អាតអាងហែលទឹក ហើយនិងសម្អាតកន្លែងម៉ាស្សា។ អ៊ីចឹងខ្ញុំមិនអាចទទួលយកបានទេ»។
ទំនាស់ដែលកើតឡើងរយៈពេលជិត ៦ខែមកនេះ ក្រុមបុគ្គលិក និងកម្មករសណ្ឋាគារអប្សរាហូលីដេ ធ្លាប់បានប្ដឹងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ឱ្យជួយដោះស្រាយ និងរហូតប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលឱ្យកាត់សេចក្តីដែរ។
កាលពីជាងពីរខែមុន ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្តីបង្គាប់ឱ្យថៅកែចិន ទូទាត់ប្រាក់សំណង និងប្រាក់អតីតភាពការងារទៅឱ្យបុគ្គលិកខ្លះ ដែលមិនពេញចិត្តធ្វើការនៅទីនោះជាបន្តទៀត ក៏ប៉ុន្តែថៅកែចិន មិនបានអនុវត្តតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះឡើយ។
អ្នកមើលការខុសត្រូវថ្មីរបស់សណ្ឋាគារអប្សរាហូលីដេ ជំនួសឱ្យជនជាតិចិន លោក ប្រាក់ សុហេង បានហៅការតវ៉ារបស់ក្រុមបុគ្គលិកទាំងនោះថា គឺជារឿងមិនត្រឹមត្រូវ។ លោក សុហេង មានប្រសាសន៍ថា ថៅកែចិន មិនបានបញ្ឈប់បុគ្គលិក និងកម្មករទាំងនោះពីការងារទេ។ ដូច្នេះ តើមានមូលហេតុអ្វីដែលឱ្យថៅកែត្រូវសងប្រាក់បំណាច់ និងអតីតភាពការងារទៅឱ្យក្រុមបុគ្គលិកនោះ?៖ «ខ្ញុំគិតថាការទាមទារហ្នឹងវាអត់ត្រូវ ពីព្រោះថៅកែគាត់មកជំនួសក្រោយហ្នឹង គឺគាត់អត់បានចេញទេ គឺគាត់ឈប់ដោយខ្លួនឯង។ ដូច្នេះ រឿងអីត្រូវមកទាមទារ បើគេអត់បានដេញបញ្ឈប់គាត់ផង គាត់ឈប់ដោយខ្លួនឯង ហើយពេលខ្លះពួកគាត់ឈប់អត់មកធ្វើការ ធ្វើឱ្យរាំងស្ទះនៅក្នុងសណ្ឋាគារអត់មានប្រីកហ្វឺស (អាហារពេលព្រឹក = Breakfast) ភ្ញៀវអត់មានអីទាំងអស់ ថៅកែរត់តុរត់អីពេញហ្នឹងទាំងអស់ហ្នឹង»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្តា មានប្រសាសន៍ថា ទំនាស់រវាងបុគ្គលិក និងថៅកែជនជាតិចិន នៅសណ្ឋាគារអប្សរាហូលីដេ គឺមន្ទីរបានប្រឹងប្រែងដោះស្រាយអស់លទ្ធភាពតាមផ្លូវច្បាប់ហើយ រហូតបន្តទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត។ លោក ច័ន្ទ សុខុមចិត្តា បញ្ជាក់ថា មន្ទីរការងារមិនមានវិធានការដោះស្រាយតាមផ្លូវច្បាប់ទៀតទេ មានតែការសម្របសម្រួលក្រៅប្រព័ន្ធច្បាប់ប៉ុណ្ណោះ៖ «ប៉ុន្តែល្ងាចនេះចាំមើលសម្របសម្រួលក្រៅមួយសាទៀតរវាងថៅកែជាមួយនិយោជិតថៅកែចិន ថ្មី»។
ទោះយ៉ាងណា ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ចាត់ទុកសកម្មភាពរបស់ថៅកែចិន ដែលរំលាយចោលកិច្ចសន្យាការងាររបស់បុគ្គលិក ព្រមទាំងផ្លាស់ប្ដូរតំណែងមិនត្រឹមត្រូវនោះ គឺជាការរំលោភលើច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា៖ «ការប្រកាសរំលាយកិច្ចសន្យាការងារហ្នឹង ខ្ញុំឃើញថាខុសច្បាប់ ដោយសារថាពួកគាត់មានកិច្ចសន្យាការងារ២ឆ្នាំ អ៊ីចឹងកិច្ចសន្យាការងារហ្នឹងនៅតពីចំណែកចាស់មក។ ដល់ពេលថៅកែចាស់ជួលមកឱ្យថៅកែថ្មីជនជាតិចិន ហ្នឹង ពេលចូលមក គឺគាត់កែលក្ខខណ្ឌការងារមួយចំនួន ហើយនិងប្រកាសកិច្ចសន្យាការងារជាមួយថៅកែចាស់ហ្នឹងចោល។ មានន័យថា គាត់ដូរនាយកសណ្ឋាគារមកធ្វើផ្នែក រេសស្តូរ៉ង់ (Restuarant) អ៊ីចឹងហើយបញ្ចុះប្រាក់ខែពីរាប់ពាន់ដុល្លារមកដល់ ៤០០ដុល្លារជាដើម»។
ក្រុមបុគ្គលិកកម្មករនៃសណ្ឋាគារអប្សរាហូលីដេ បានសុខចិត្តផ្អាកការតវ៉ាជាបណ្ដោះអាសន្នសិន កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ដោយសារអាជ្ញាធរក្រុងសៀមរាប បានហៅពួកគេទៅជួបចរចានៅពេលល្ងាចថ្ងៃដដែល ដើម្បីស្វែងរកដំណោះស្រាយរឿងនោះ។
ក្រុមបុគ្គលិកសណ្ឋាគារទាំងនោះឱ្យដឹងថា ពួកគេនឹងទាមទារឱ្យថៅកែចិន សងប្រាក់បំណាច់ការងារ និងអតីតភាពដល់បុគ្គលិកណាដែលមិនពេញចិត្តធ្វើការងារតទៅទៀត។ ប៉ុន្តែ បើថៅកែចិន មិនចង់សងប្រាក់ទេ គឺត្រូវទទួលយកបុគ្គលិកកម្មករដែលតវ៉ាមិនចូលធ្វើការមួយរយៈ ឱ្យចូលធ្វើការជាធម្មតាវិញ បើពុំនោះទេ ពួកគេនឹងចាប់ផ្ដើមធ្វើកូដកម្មជាទ្រង់ទ្រាយធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។