មន្ត្រីនគរបាលចរាចរណ៍ ៣នាក់ នៅខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនពីបទជំរិតទារលុយ១០០ដុល្លារ ពីជនជាតិចិនបើកបរល្មើសច្បាប់ចរាចរណ៍។
ការឃាត់ខ្លួននេះ ដោយសារតែគណនីបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើន បានបង្ហោះវីដេអូប្រមាណជាង ១នាទី និងចែកចាយបន្ត ទាក់ទងនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប ក្នុងចំណោម ៣នាក់ដែលបានជំរិតទារប្រាក់ពីអ្នកបើកបរជាជនជាតិចិន។ វីដេអូនោះបង្ហាញថា ក្រោយតវ៉ាតម្លៃគ្នាមួយរយៈមក ប៉ូលិសខ្មែរក៏ព្រមយកប្រាក់ ៥០ដុល្លារ ជាថ្នូរនឹងការមិនឃាត់ខ្លួន។
ក្នុងវីដេអូនោះ ប៉ូលិសរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ សំ ពិសិដ្ឋ មានឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ត្រី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក កាលពីល្ងាចថ្ងៃទី១១ ខែតុលា ថា សមត្ថកិច្ច នឹងអនុវត្តវិធានការម៉ឺងម៉ាត់ ដាក់ពិន័យដល់មន្ត្រី នគរបាលទាំងបីនាក់នោះ ពីបទប្រព្រឹត្តអំពើខុសឆ្គង និងនាំឲ្យខូចកិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។