អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បង្ក្រាប​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន និង​ករណី​ចាប់​ជំរិត​ជនជាតិ​ថៃ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ព្រះវិហារ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ​ពីរ​ករណី​ផ្សេងគ្នា​ទាក់ទង ករណី​ចាប់ជំរិត។ កម្លាំង​អាជ្ញាធរ​ចម្រុះ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី២៥ ខែ​ធ្នូ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់។

ការ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ជាតិ​ចិន​ទាំងនេះ បន្ទាប់ពី​មាន​ពលរដ្ឋ​បាន​រាយការណ៍​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​លោត​ចេញ​ពី​ផ្ទះ​វីឡា ដោយ​ដៃ​ជាប់​ខ្នោះ ហើយ​មិន​មាន​សំលៀកបំពាក់​ទៀត​ផង បាន​ផ្លោះ​របង​ផ្ទះ​វីឡា​ឆ្ពោះ​ចូល​ទៅ​ក្នុង​ព្រៃ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា ករណី​ចាប់​បង្ខាំង​មនុស្ស​នេះ កើតឡើង​ដោយសារ​ជនរងគ្រោះ បាន​ខ្ចី​លុយ​ពី​ជនសង្ស័យ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ រហូត​ចាញ់​អស់​គ្មាន​លុយ​សង​ត្រឡប់​ទៅវិញ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​ផ្ទះ​បែបនេះ។

ការ​ចុះផ្សាយ​ដដែល​ឱ្យដឹង​ថា ភ្លាមៗ​បន្ទាប់ពី​ពលរដ្ឋ​បាន​រាយការណ៍ កម្លាំង​ចម្រុះ​បាន​ទៅកាន់​ផ្ទះ​វីឡា​ដែល​សង្ស័យ​បង្ខាំង​មនុស្ស ស្ថិតនៅ​ក្នុង​ភូមិ ៥ សង្កាត់ ៤ ខេត្ត​ព្រះសីហនុ ចាប់​បាន​ជនជាតិ​ចិន​ចំនួន ៤​នាក់ និង​ម្នាក់​បាន​រត់​រួច។ ក្រៅពី​ឃាត់ខ្លួន​ជន​ជាតិ​ចិន​ទាំងនេះ សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួមមាន​ខ្នោះដៃ ស្កុត ដំបង​ដែក និង​កន្ត្រៃ​ជាដើម។

ជនជាតិ​ចិន ដែល​ត្រូវ​គេ​ដាក់​ខ្នោះដៃ និង​រត់​ចូល​ព្រៃ​នោះ ខាង​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្វែងរក ចំណែក​ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់​បាន នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី។

ដោយឡែក អាជ្ញាធរ​ខេត្ត ព្រះវិហារ​វិញ​កាលពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ចំនួន ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ជនជាតិ​ថៃ ២​នាក់ ដែល​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ មក​ចុះចត​នៅ​ខេត្ត​សៀមរាប។

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក យិន ចំណាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជនជាតិ​ថៃ​ទាំងពីរ​នាក់ ត្រូវ​បាន​គេ​ចាប់​ជំរិត ខណៈ​អ្នក​ទាំងពីរ​ធ្វើដំណើរ​ចេញពី​ព្រលាន​យន្តហោះ ខេត្ត​សៀមរាប និង​មាន​រថយន្ត​ចាំ​ទទួល និង​ដឹក​ទៅកាន់​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ជនសង្ស័យ​បង្ខំ​ឱ្យ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ នៅ​ប្រទេស​ថៃ ឱ្យ​ផ្ទេរ​ប្រាក់​ឱ្យ​ពួកគេ ជា​ថ្នូរ​នឹង​ការ​ដោះលែង​វិញ។

ក្រោយ​ទទួល​បាន​ទូរស័ព្ទ ខាង​ក្រុម​គ្រួសារ​បាន​ប្ដឹង​ទៅកាន់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ទើប​មាន​ការ​ស្នើ​អន្តរាគមន៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៥ នាក់​នៅ​ស្រុក​ជាំក្សាន្ដ ខេត្ត​ព្រះវិហារ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។