នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន ៤​នាក់ ដែល​បង្ក​អំពើ​ហិង្សា

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៤​នាក់ ដែល​បាន​ប្រើ​ដំបង​វាយ​រថយន្ត​របស់​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ ស្ថិត​នៅមុខ​កន្លែង​លេងល្បែង​ស៊ីសង កាស៊ីណូ​យ៉ាឌូលី។ គេហទំព័រ​ស្នងការដ្ឋាន​នគរបាល ឱ្យ​ដឹង​នៅ​ថ្ងៃទី២៥ ខែ​តុលា ថា​ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

នគរបាល​ខេត្ត​ព្រះសីហនុ​ក៏បាន​ដកហូត​វត្ថុ​តាង​ពី​ជនជាតិ​ចិន​ទាំងនោះ រួមមាន កាំបិត​ប៉័ងតោ ចំនួន​ពីរ​ដើម ដំបង​ដែក ចំនួន ៥​ដើម និង​រថយន្ត​មួយ​គ្រឿង​ផង​ដែរ។

គេហទំព័រ​របស់​នគរបាល​ជាតិ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នេះ នោះ​ទេ។

ទោះ​យ៉ាងណា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​បួន​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​ចាត់ការ​តាម​នីតិវិធី។

វត្តមាន​ជនជាតិ​ចិន នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើឱ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន ដោយសារតែ​បទល្មើស​ហិង្សា​ដែល​បង្ក​ដោយ​ជនជាតិ​ចិន កើតមាន​ជា​បន្តបន្ទាប់​ស្ទើរ​រាល់ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។