ក្រុមកូដករណាហ្គាវើលដ៍ (nagaworld) ដង្ហែរក្បួនតវ៉ាទាមទារអោយរកដំណោះស្រាយក្នុងវិវាទការងាររវាងក្រុមកម្មករនិងក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍។ ការដង្ហែក្បួននេះធ្វើឡើងបន្ទាប់ពីគ្មានការឆ្លើយតបញត្តិរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងរដ្ឋសភាដែលពួកគេបានដាក់ទៅកាលពីថ្ងៃទី២០ ខែមិថុនា។ ក្រុមកូដករបញ្ជាក់ថា ប្រសិនបើមិនមានដំណោះស្រាយណាមួយទេនោះពួកគេនឹងបន្តការធ្វើកូដកម្មតវ៉ារហូតដល់ទទួលបានដំណោះស្រាយសមស្រប។
ក្រុមកូដករណាហ្គាវើលដ៍ (nagaworld) ជាង១រយនាក់ (ជាង១០០នាក់) នៅល្ងាចថ្ងៃទី៥ ខែកក្កដា បានប្រមូលផ្ដុំគ្នាដង្ហែរក្បួនកូដកម្មអហិង្សាតវ៉ានៅមុខសាកលវិទ្យាល័យបៀលប្រាយ (Build Bright University) ទាមទារអោយរកដំណោះស្រាយក្នុងវិវាទការងាររវាងក្រុមកម្មករនិងក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ដោយមានសង្គមស៊ីវិល សហជីព ចូលរួមឃ្លាំមើល ៣៧ស្ថាប័ន។ កូដករទាមទារអោយក្រុមហ៊ុនគោរពសិទ្ធិការងារនិងទទួលស្គាល់សហជីពចូលធ្វើការវិញហើយស្នើអោយមានការស៊ើបអង្កេតចំពោះការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរមកលើកូដករក្នុងពេលតវ៉ា។
កូដករណាហ្គាវើលដ៍កញ្ញា រឿន មុំម៉ារីណែត ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៥ ខែកក្កដា ឱ្យដឹងថា កញ្ញា និងកូដករផ្សេងទៀតសម្រេចចិត្តនាំគ្នាធ្វើកូដកម្មអហិង្សាព្រោះមិនមានការឆ្លើយតបណាមួយពីមន្ត្រីរដ្ឋាភិបាលទៅនឹងញត្តិដែលក្រុមកូដករបានដាក់ទៅឡើយ។ កញ្ញា រឿន មុំម៉ារីណែត អះអាងថាក្រុមកូដករនៅតែបន្តធ្វើកូដកម្មអហិង្សារហូតទាល់មានការដោះស្រាយប៉ុន្តែក្រុមកូដករនឹងនាំគ្នាដើរដោយប្រើសិទ្ធិរបស់កូដករដែលមិនតម្រូវតាមការគូសវាស់របស់សមត្ថកិច្ចឬអាជ្ញាធរនោះទេនិងប្តេជ្ញាមិនព្រមឡើងឡានតាមការកំណត់អាជ្ញាធរឡើយ៖ « ខ្លួនជាម្ចាស់ទឹកដី ជាប្រជាពលរដ្ឋខ្មែរ មានតាំងពីអត្តសញ្ញាណប័ណ្ណខ្មែរ ប៉ុន្តែវាហាក់បីដូចជា វាកំព្រា វាឯកា វាអត់មានសិទ្ធិគ្រប់បែបយ៉ាង វាអន់ជាងជនអន្តោប្រវេសន៍ដែលផ្ញើរខ្លួននៅលើទឹកដីខ្មែរទៀត ព្រោះថាយើងប្រើសិទ្ធិរបស់ខ្លួនឯង ដែលមានចែងនៅក្នុងមាត្រាច្បាប់សោះ ប៉ុន្តែហាក់បីដូចជាយើងទទួលបានការវាយដំជ្រាំធាក់ពីសំណាក់អ្នកចេះច្បាប់មួយចំនូន នៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹង ដែលគាត់ព្យាយាមការពារបរទេស ខ្លាំងជាងការពារសញ្ជាតិរបស់ខ្លួនឯងបង ។ ចឹងខ្ញុំមានអារម្មណ៍ថា វាអត់កក់ក្តៅបន្តិចសោះតែម្តង ក្នុងនាមយើងជាម្ចាស់ទឹកដី»។
កញ្ញា រឿន មុំម៉ារីណែត សង្កេតថា កាលពីមុនកញ្ញាឃើញឯកសណ្ឋានដែលជាសមត្ថកិច្ចក៏ដូចជាអ្នកធ្វើការច្បាប់គឺកញ្ញាមានអារម្មណ៍ថា ពួកគាត់ល្អនិងគួរអោយគោរពស្រលាញ់និងមានអារម្មណ៍កក់ក្តៅព្រោះគិតថា សុវត្ថិភាពប៉ុន្តែពេលនេះកញ្ញាធ្វើដំណើរទៅណាម្តងៗឃើញសមត្ថកិច្ចមានអារម្មណ៍ថា ខ្លាចរអានិងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនទៅវិញ។
ស្រដៀងគ្នានេះកូដករណាហ្គាវើលដ៍ម្នាក់ទៀត គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ ឱ្យដឹងដែរថា កញ្ញា និងក្រុមកូដករប្រកាន់ជំហរតវ៉ាទាមទារអោយមានដំណោះស្រាយចំពោះសហជីព។ កញ្ញា និងក្រុមកូដករមានការសោកស្តាយដែលរដ្ឋាភិបាល ក្រសួងការងារ និងក្រសួងពាក់ព័ន្ធទាំងអស់អត់មានអព្យាក្រិត្យក្នុងការដោះស្រាយហើយបែរជាឈរពីមុខក្រុមហ៊ុនទាំងដែលក្រុមហ៊ុនបានរំលោភទៅនឹងច្បាប់ការងារទាំងស្រុង។ កញ្ញាបញ្ជាក់ថាការប្រមូលផ្ដុំគ្នារបស់ក្រុមកូដករនៅថ្ងៃនេះគឺមិនមានពាក់ព័ន្ធជាមួយនយោបាយឬគណបក្សណាមួយឡើយ។ កញ្ញាស្នើសុំឱ្យមន្ត្រីនៅស្ថាប័នទាំងពីរពន្លឿនការពិនិត្យមើលញត្តិដែលកូដករបានដាក់ទៅនិងបញ្ជូនដល់ដៃលោកនាយករដ្ឋមន្ត្រីដើម្បីឱ្យលោកធ្វើការដោះស្រាយឱ្យបានឆាប់រហ័ស៖ « អាជ្ញាធរគាត់ចោទថា ពួកយើងគ្រាន់ជាការសម្តែងហ្នឹងបង ! និយាយទៅអត់មានអ្នកណាគេ ព្រមទៅលះបង់ដល់ថ្នាក់អោយគេវាយរាល់ថ្ងៃ ឈរហាលថ្ងៃហាលភ្លៀងហើយ ដល់ថ្នាក់មានសមាជិកយើងម្នាក់ គាត់ដល់ថ្នាក់រលូតកូន ។ អត់មានអ្នកណាគេលះបង់ដល់ថ្នាក់ហ្នឹងទេបង ព្រោះយើងគឺធ្វើនេះ គឺធ្វើដើម្បីតែសិទ្ធិសេរីនៅក្នុងការងាររបស់យើង នៅក្នុងក្រុមហ៊ុនរបស់យើង ។ ព្រោះបើសិនអត់មានសិទ្ធិរបស់សហជីពនៅក្នុងហ្នឹងទេ យើងដឹងជាក់ស្តែងគឺនៅក្នុងក្រុមហ៊ុនហ្នឹង គឺមានការរំលោភបំពានសិទ្ធិសេរីភាពការងារច្រើនណាស់ ហើយគាប់សង្កត់មកលើបុគ្គល។ អញ្ចឹងហើយទើបពួកគាត់ សុខចិត្តចេញតស៊ូដើម្បីសិទ្ធិសេរីភាពការងារ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោកផៃ ស៊ីផាន បានទេដោយទូរសព្ទចូលតែគ្មានអ្នកទទួល។ ប៉ុន្តែកន្លងមកលោក ផៃ ស៊ីផាន ថាការងារនេះត្រូវការពេលវេលាយូរក្នុងការបញ្ជូនញត្តិក្រុមកូដករឱ្យដល់ដៃនាយករដ្ឋមន្ត្រី។
ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថាបញ្ហាវិវាទការងារមួយនេះអូសបន្លាយយូរនាំអោយប៉ះពាល់ដល់សេដ្ឋកិច្ចកូដករធ្ងន់ធ្ងរ។ លោកបន្តថាការអូសបន្លាយនេះបង្ករអោយកើតមានបញ្ហាបន្ថែមជាច្រើនដូចជាអំពើរហិង្សារវាងអាជ្ញាធរទៅលើកូដករហើយធ្វើអោយប៉ះពាល់មុខមាត់កម្ពុជា។ លោក អំ សំអាត ជំរុញឱ្យមានការដោះស្រាយវិវាទការងាររវាងកម្មករនិងក្រុមហ៊ុនណាហ្គាវើលដ៍នេះឱ្យបានឆាប់រហ័ស។
លោកបន្តថា ដំបូងជាវិវាទការងាររវាងកូដករនិងក្រុមហ៊ុនតែឥឡូវបែរជាប្រែក្លាយជាកូដករប្រឈមបញ្ហានិងអាជ្ញាធរទៅវិញ៖ «ជាអង្គការសង្គមស៊ីវិល យើងមើលឃើញថា បើសិនជាអាជ្ញាធរ លោកមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់វិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយបុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្ម ហើយក៏ជាការគោរពទៅសិទ្ធិ នៃសហជីពហ្នឹង ខ្ញុំគិតថា អាចនិយាយ និងអាចជំរុញសម្របសម្រួល អោយមានការដោះស្រាយបាន ព្រោះយើងឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ គោលការណ៍នៃច្បាប់ជាតិ ច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញា ILO ដែលត្រូវយកមកធ្វើការពិភាក្សា និងការដោះស្រាយដើម្បីបញ្ចប់នៃវិវាទការងារនេះ»។
កន្លងមកក្រុមកូដករបានទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងរដ្ឋសភាកាលពីថ្ងៃទី២០ ខែមិថុនា ហើយនៅព្រឹកថ្ងៃទី១ ខែកក្កដា បានប្រមូលផ្ដុំគ្នានៅមុខខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងរដ្ឋសភាដើម្បីតាមដានញត្តិនិងសុំអន្តរាគមន៍ដោះស្រាយវិវាទការងារឱ្យបានឆាប់រហ័សប៉ុន្តែគិតមកដល់ថ្ងៃអង្គារ៍សប្តាហ៍នេះក្រុមកូដករនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីស្ថាប័នទាំង២នេះនៅឡើយនោះទេ។ ក្រុមកូដករបានធ្វើកូដកម្មអស់រយៈពេលជាង៦ខែប៉ុន្តែគ្មានដំណោះស្រាយសមរម្យនោះទេ ហើយក្រុមអាជ្ញាធររដ្ឋបានចាត់ទុកស្តី្រកូដកររងគ្រោះជាសត្រូវ និងតែងប្រើអំពើហិង្សា ធ្វើទុក្ខបុកម្នេញជាប្រចាំ ដោយចាប់រុញកូដករឡើងរថយន្តក្រុង ដោយដឹកទៅទម្លាក់ចោលនៅតំបន់ជាយក្រុងភ្នំពេញ។
ទោះបីឆ្លងកាត់ការជួបចរចាចំនួន១២ដងរវាងតំណាងកូដករ តំណាងសហជីព និងតំណាងក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារក្ដី ក៏គេពុំទាន់ឃើញមានដំណោះស្រាយវិជ្ជមានសម្រាប់ភាគីកម្មករនៅឡើយនោះទេ។
សង្គមស៊ីវិល និងអង្គការចូលរួមទាំង៣៧ស្ថាប័នក្នុងការឃ្លាំមើលកូដករនៅថ្ងៃនេះថានិងចូលរួមជាមួយកូដករណាហ្គាវើលដ៏ប្រសិនបើរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធនៅតែបន្តគ្មានដំណោះស្រាយវិវាទការងារមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។