អាជ្ញាធរបរាជ័យតាមចាប់មេខ្លោងឧក្រិដ្ឋជនគ្រឿងញៀន
2023.03.01

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧក្រិដ្ឋកម្មគ្រឿងញៀនបានកើនឡើងយ៉ាងខ្លាំងតាមរយៈក្រុមឈ្មួញដឹកឆ្លងដែន និងលួចបើករោងចក្រផលិតនៅសង្គមកម្ពុជា។ ថ្វីដ្បិតតែ មានការបង្ក្រាបជនល្មើសជាហូរហែក្ដី ប៉ុន្តែឧក្រិដ្ឋជនគ្រឿងញៀនដែលជាមេខ្លោងធំៗ ហាក់ពុំខ្លាចញញើតច្បាប់កម្ពុជានោះទេ។ អាជ្ញាធរថ្នាក់ជាតិឱ្យដឹងថា កាលពីឆ្នាំ២០២២ កន្លងទៅ មានមេខ្លោងជាច្រើននាក់បានរត់គេចខ្លួនទៅក្រៅប្រទេស ក្រោយពីពួកគេប្រតិបត្តិការលើអាជីវកម្មជួញដូរ និងផលិតគ្រឿងញៀននៅកម្ពុជា។
ក្រុមឧក្រិដ្ឋជនជាមេខ្លោងគ្រឿងញៀនមួយចំនួន ដែលសមត្ថកិច្ចចុះបង្ក្រាបទ្រង់ទ្រាយធំនៅទីតាំងដូចជា ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ កន្លងទៅបានរត់គេចខ្លួននៅក្រៅប្រទេស។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមីនា ថា ក្រុមឧក្រិដ្ឋជនរត់គេចខ្លួនទាំងនោះគឺជនបរទេស និងជនជាតិខ្មែរផង។ លោកមិនបានបញ្ជាក់ពីចំនួនក្រុមឧក្រិដ្ឋជនដែលរត់គេចខ្លួននោះទេ ប៉ុន្តែលោកអះអាងថា ពួកគេប្រព្រឹត្តបទល្មើសនៅកម្ពុជាច្រើនករណីទៀត ក្រៅពីពួកគេប្រតិបត្តិការជួញដូរគ្រឿងញៀននៅកម្ពុជា។
លោកអះអាងទៀតថា កាលពីឆ្នាំកន្លងទៅ សមត្ថកិច្ចកម្ពុជាបានសហការជាមួយប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ច្រើនករណី ទាក់ទងនឹងការស្នើសុំចេញនិវេទន៍ក្រហម (Red Notice) ចាប់ខ្លួនពួកគេ។ លោកអះអាងថា ក្រុមឧក្រិដ្ឋជនទាំងនោះអាចប្រើរយៈពី ៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីចាប់ខ្លួនពួកគេ ដ្បិតក្រុមឧក្រិដ្ឋជនមានកលល្បិចច្រើន និងមានឥទ្ធិពល។
លោក មាស វីរិទ្ធ៖ «កាលណាមានបទល្មើស រកជនល្មើសដែលគេចខ្លួនពីកន្លែងប្រព្រឹត្តបទល្មើសអាចទៅនៅប្រទេសផ្សេង។ អ៊ីចឹង ដើម្បីធ្វើការឃាត់ខ្លួនជនហ្នឹង យើងត្រូវសុំនិវេទន៍ក្រហម សុំដីកាចាប់ខ្លួនពីសមត្ថកិច្ចនគរបាលអន្តរជាតិ។ មកដល់ឥឡូវយើងមិនទាន់ទទួលព័ត៌មានពីប្រទេសណាមួយចាប់ ប៉ុន្តែកន្លងមកយើងធ្លាប់ចាប់បានជាបន្តបន្ទាប់។ គ្រាន់ថា ពេលខ្លះប្រើប្រាស់រយៈពេលយូរ»។
ថ្វីដ្បិត លោក មាស វីរិទ្ធ មិនបានបញ្ជាក់អំពីជនបរទេស ដែលរត់គេចខ្លួន និងបានបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជាកន្លងទៅក្ដី ក៏របាយការណ៍របស់សមត្ថកិច្ចពេលចុះបង្ក្រាបបង្ហាញថា អ្នកប៉ុនប៉ងផលិតគ្រឿងញៀននៅកម្ពុជាភាគច្រើនប្រព្រឹត្តដោយជនជាតិចិនមួយចំនួន ដែលល្មើសច្បាប់កម្ពុជា។
កាលពីឆ្នាំ២០២២ កន្លងទៅ បទល្មើសគ្រឿងញៀនកើតមានឡើងច្រើនករណី ដូចក្រុមឈ្មួញដឹកឆ្លងដែន និងនាំសារធាតុគីមី ដើម្បីផលិតជាគ្រឿងញៀនលើទឹកដីខ្មែរ។ គោលដៅសំខាន់ ដែលក្រុមឧក្រិដ្ឋជនបើករោងចក្រដើម្បីផលិតគ្រឿងញៀន មានដូចជា ខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កណ្ដាល និងនៅរាជធានីភ្នំពេញជាដើម។
កាលពីខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបានបិទរោងចក្រផលិតដំណាប់ស្វាយមួយកន្លែង នៅខេត្តកំពង់ស្ពឺ ក្រោយពីរកឃើញថា ក្រុមឈ្មួញជនជាតិចិនប្រមាណ ១០នាក់ លួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំ។ រហូតដល់ខែមករា ឆ្នាំ២០២២ ក្រុមឧក្រិដ្ឋជនបានលួចផលិតនៅខេត្តកំពង់ស្ពឺទ្រង់ទ្រាយធំជាលើកទីពីរ ហើយសមត្ថកិច្ចរឹបអូសផលិតថ្នាំកេតាមីន ថ្នាំសំយោគ និងសារធាតុផ្សំផ្សេងៗ សរុបចំនួន ៦១,៧តោន ក្នុងនោះមានសារធាតុដើមកេតាមីន (Ketamine) ៧៥០គីឡូក្រាម និងជាកាកសំណល់ កេតាមីន ចំនួន ៥,២២តោន។ ជាមួយគ្នានេះ ក្នុងខែមករា ឆ្នាំ២០២២ ដដែល សមត្ថកិច្ចបានបិទឃ្លាំងស្តុកទំនិញមួយកន្លែងនៅរាជធានីភ្នំពេញ ក្រោយរកឃើញសារធាតុគីមី ១៤៩តោនទៀត។
ដោយឡែក កាលពីខែឧសភា ឆ្នាំ២០២២ អាជ្ញាធរថ្នាក់ជាតិបង្ក្រាបកន្លែងកែច្នៃគ្រឿងញៀនខុសច្បាប់មួយទៀត ហើយរឹបអូសបានថ្នាំកេតាមីន ៤០,៥គីឡូក្រាម សារធាតុរំលាយចម្រុះ ដែលមានផ្ទុកគ្រឿងញៀនជាង ១តោន (១,៤២៥) និងសារធាតុគីមីផ្សេងទៀត ១១តោនកន្លះ។ នៅខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរបង្ក្រាបកន្លែងកែច្នៃមួយ និងកន្លែងស្តុកទុកចំនួន ៦កន្លែង ហើយរឹបអូសបានថ្នាំ កេតាមីន បាន ១,៨តោន និងសារធាតុគីមី និងសមាសធាតុគីមីផ្សេងទៀត ២២៧តោន។ នៅខែសីហា ឆ្នាំ២០២២ ថ្នាំកេតាមីន ៨៧១គីឡូក្រាមទៀត ត្រូវបានរឹបអូស។ គ្រឿងញៀន និងសារធាតុផ្សំទាំងនោះសមត្ថកិច្ចរកឃើញនៅរោងចក្រកិនស្រូវ ខេត្តស្វាយរៀង ព្រៃវែង និងនៅឃ្លាំងជួលក្នុងខេត្តព្រះសីហនុ។
ករណីចុងក្រោយ កាលពីចុងឆ្នាំ២០២២ អាជ្ញាធរបានបិទឃ្លាំងផ្ទុកទំនិញក្នុងខេត្តព្រះសីហនុដែរ ក្រោយរកឃើញផ្ទុកគ្រឿងញៀនប្រភេទកេតាមីនជិត ១តោន។
កាលពីឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងល្មើសគ្រឿងញៀនរឹបអូសបានគ្រឿងញៀនបានប្រមាណ ១៦តោន ដែលភាគច្រើនជាប្រភេទថ្នាំ កេតាមីន (Ketamine)។
ថ្វិត្បិតតែអាជ្ញាធរបានបង្ក្រាប និងអះអាងថា បានបញ្ជូនជនសង្ស័យទៅកាត់ទោសនៅតុលាការក្ដី ប៉ុន្តែអាជ្ញាធរថ្នាក់ជាតិ និងស្ថាប័នតុលាការពុំដែលចេញសេចក្ដីប្រកាសព័ត៌មានឱ្យសាធារណជនបានដឹងអំពីកម្រិតនៃទោស ដែលពួកគេបានប្រព្រឹត្តនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅកម្ពុជា គឺជារឿងគួរឱ្យព្រួយបារម្ភសម្រាប់ប្រជាជាតិទាំងមូល។ ក្រៅពីនេះ លោករិះគន់ថា ការបង្ក្រាបរបស់អាជ្ញាធរកន្លងទៅ នៅមានចន្លោះប្រហោងច្រើន ដោយសារតែឧក្រិដ្ឋជនដែលជាមេខ្លោងធំៗ នៅតែអាចរត់គេចខ្លួនបាន។
លោក អំ សំអាត៖ «ហើយការបង្ក្រាបកន្លងទៅសមត្ថកិច្ចមានការបង្ក្រាប និងមានការចាប់ ប៉ុន្តែមេធំៗ នៃឧក្រិដ្ឋជនធំៗ ដូចជា មានបណ្ដាញចាក់ស្រេះនៅក្នុងតំបន់ និងក្នុងពិភពលោក ដែលទាមទារឱ្យកម្ពុជាយើងមានការប្ដេជ្ញា និងតាំងចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និងជាមួយបណ្ដាប្រទេសជិតខាងនៅក្នុងតំបន់ ជាពិសេសគឺប៉ូលិសអាំងទែប៉ូល ដើម្បីធ្វើការចាប់នូវឧក្រិដ្ឋជន ដែលពាក់ព័ន្ធជាមួយបញ្ហាជួញដូរគ្រឿងញៀន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗ នេះ ទទួលស្គាល់ថា ឧក្រិដ្ឋកម្មគ្រឿងញៀននៅកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានកើនឡើង និងគួរឱ្យព្រួយបារម្ភ។ លោក ហ៊ុន សែន បញ្ជាដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យសិក្សា និងត្រួតពិនិត្យច្បាប់ឡើងវិញមុននឹងអនុញ្ញាតឱ្យក្រុមឈ្មួញនាំសារធាតុគីមីចូលស្រុក។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជានៅតែបន្តកើតមានដោយតែក្រុមឈ្មួញមានឥទ្ធិពល និងផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាលលោក ហ៊ុន សែន។
កន្លងទៅកាសែតអន្តរជាតិជាច្រើនបានចុះផ្សាយព្រោងព្រាតអំពីរឿងរ៉ាវអាស្រូវរបស់ក្មួយលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ថា មានជាប់ពាក់ព័ន្ធការរត់ពន្ធថ្នាំញៀនទៅកាន់ប្រទេសអូស្ត្រាលី (Australia)។ លើសពីនេះ កន្លងទៅ តុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន ថែមទាំងជួយសម្រួលដល់ក្រុមឧកញ៉ា ដែលជួញដូរថ្នាំញៀនរួចផុតពីការអនុវត្តទោស និងសំណាញ់ច្បាប់ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។