អាជ្ញាធរបន្តស្ងប់ស្ងាត់ក្នុងសំណុំរឿងទី ២ នៃឃាតកម្មបណ្ឌិត កែម ឡី
2024.07.10
អង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកច្បាប់រិះគន់អាជ្ញាធរពាក់ព័ន្ធ ដែលខកខានក្នុងការស៊ើបអង្កេតសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការរិះគន់នេះ ធ្វើឡើងក្នុងឱកាសខួប ៨ ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី ។ តើជាច្រើនឆ្នាំមកនេះ សំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ មានការវិវឌ្ឍបែបណាខ្លះ?
ឃាតកបានឆក់យកជីវិតបណ្ឌិត កែម ឡី អស់រយៈពេល ៨ ឆ្នាំមកហើយ ប៉ុន្តែយុត្តិធម៌ពិតប្រាកដនៅតែមិនទាន់កើតមាននៅឡើយទេសម្រាប់ជនរងគ្រោះ។
ចាប់តាំងពីពេលកើតហេតុនៅថ្ងៃទី ១០ កក្កដា ២០១៦ រហូតដល់ឆ្នាំ ២០២៤ នេះ មានមនុស្សតែម្នាក់គត់ ដែលអាជ្ញាធរបានចាប់ខ្លួនយកមកទទួលខុសត្រូវក្នុងរឿងឃាតកម្មលើបណ្ឌិត កែម ឡី។ ម្នាក់នោះ គឺលោក អឿត អាង ដែលដាក់រហស្សនាមខ្លួនឯងថា ជួប សម្លាប់។ តុលាការបានផ្ដន្ទាទោសលោក អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ «ឃាតកម្មគិតទុកជាមុន» និង «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ហើយទណ្ឌិតរូបនេះកំពុងជាប់ឃុំតាមអំណាចសាលក្រមស្ថាពររបស់តុលាការក្រុងភ្នំពេញ។
ប៉ុន្តែអ្នកកែមឡីនិយម និងសហគមន៍អន្តរជាតិបានចាត់ទុកសាលក្រមស្ថាពរនេះថា ជាសាលក្រមក្លែងក្លាយ។ សាលក្រមក្លែងក្លាយ គឺដោយសាររឿងក្ដីនេះមិនបានស៊ើបអង្កេតគ្រប់ជ្រុងជ្រោយទៅលើអង្គហេតុជាច្រើន។ តុលាការព្យាយាមកាត់តម្រឹមត្រឹមបុគ្គល អឿត អាង តែម្នាក់គត់ ហើយដែលមិនប្រាកដថា គាត់ជាឃាតកពិត ដែលសម្លាប់បណ្ឌិត កែម ឡី ឬអត់នោះផង។ លើសពីនេះ សាលក្រមនេះមិនបានជម្រះមន្ទិល និងលាងសម្អាតកេរ្តិ៍ឈ្មោះ បណ្ឌិត កែម ឡី ដែល អឿត អាង បានចោទថា ជំពាក់លុយរូបគេ ៣ ពាន់ដុល្លារមិនព្រមសង ទើបគាត់ផ្ដាច់ជីវិតរបស់លោកចោលនោះថែមទៀងផង។ ចម្លើយសារភាពរឿងលុយ ៣ ពាន់ដុល្លាររបស់ អឿត អាង នេះ ជារឿងប្រឌិតសុទ្ធសាធ ព្រោះបើតាមការបញ្ជាក់ពីប្រភពជាច្រើន អឿត អាង គឺជាជនក្រីក្រ គ្មានមុខរបរ និងទីលំនៅពិតប្រាកដឡើយ។
សេចក្ដីសម្រេចរបស់តុលាការដែលគេមើលឃើញថា ជាយុត្តិធម៌ក្លែងក្លាយនេះ បានធ្វើពលរដ្ឋខ្មែរជាច្រើន និងសហគមន៍អន្តរជាតិផង នាំគ្នាបញ្ចេញប្រតិកម្មមិនពេញចិត្ត និងទាមទាររកយុត្តិធម៌បន្ថែមទៀតជូនបណ្ឌិត កែម ឡី។ តុលាការក៏សម្រេចបំបែកសំណុំរឿងនេះជាពីរ ដោយសំណុំរឿងទីពីរផ្ដោតលើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។
កន្លងទៅ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងមន្ត្រីតុលាការក្រុងភ្នំពេញធ្លាប់អះអាងដដែលៗថា សំណុំរឿងទីពីរនេះនៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ វិទ្យុអាស៊ីសេរីបានទាក់ទងលោក ជិន ម៉ាលីន ដើម្បីសាកសួរអំពីរឿងនេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
ទាក់ទងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលបានតាមដានសំណុំរឿងឃាតកម្មមួយនេះតាំងពីដំបូងមក វាយតម្លៃថា ទោះជាមានការផ្ដន្ទាទោសលោក អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ នេះមិនមែនជាយុត្តិធម៌ពេញលេញនោះទេ។ លោក អំ សំអាត យល់ថា ការបំបែកសំណុំរឿងនេះហាក់ដូចជាធ្វើឱ្យតែល្អមើល ពីព្រោះ ៨ ឆ្នាំមកនេះ សំណុំរឿងទីពីរហាក់គ្មានការជឿនលឿនទៅមុខនោះទេ។
លោក អំ សំអាត៖ «ហាក់ដូចជាមិនមានអ្វី ដែលវិវឌ្ឍគួរឱ្យកត់សម្គាល់ទេ។ វាគ្រាន់តែជារឿងមួយដែលបង្ហាញថា សំណុំរឿងហ្នឹងមិនទាន់បិទតែប៉ុណ្ណឹង។ អ៊ីចឹងរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ យើងនៅតែទទូចបន្តសុំឱ្យការស៊ើបអង្កេតទៅលើសំណុំរឿងទីពីររបស់តុលាការនេះ គួរតែមានការវិវឌ្ឍឱ្យបានឆាប់រហ័ស ដើម្បីផ្ដល់យុត្តិធម៌ពេញលេញដល់លោកបណ្ឌិត កែម ឡី»។
វិទ្យុអាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួរអំពីរឿងនេះ ប៉ុន្តែអ្នកទទួលទូរស័ព្ទឆ្លើយថា គេជាជំនួយការរបស់លោក ប្លង់ សុផល។
អ្នកលើកទូរស័ព្ទ៖ «គាត់ជាប់ប្រជុំបាត់ទៅហើយ គាត់ជាប់ប្រជុំ។ ខ្ញុំអត់ដឹងទេ ទាល់តែចាំសួរគាត់។ ខ្ញុំជំនួយការគាត់ គាត់ចូលបន្ទប់ប្រជុំបាត់ទៅហើយ»។
វិទ្យុអាស៊ីសេរីក៏បានទាក់ទងទៅលោក ប្លង់ សុផល នៅពេលក្រោយទៀត តែលែងមានអ្នកលើកទូរស័ព្ទ។
វិទ្យុអាស៊ីសេរីក៏បានទាក់ទងទៅអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសាកសួររឿងនេះដែរ តែលោកទទួលទូរស័ព្ទហើយ ក៏ចុចផ្ដាច់ទៅវិញ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ ២០២០ ថា មន្ត្រីនគរបាលយុត្តិធម៌មិនបានស៊ើបអង្កេតរឿងនេះទៀតនោះទេ ព្រោះគ្មានបញ្ជាពីតុលាការ ខណៈអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ក៏ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីដែរថា ខាងពន្ធនាគារមិនធ្លាប់ទទួលបានលិខិតពីខាងតុលាការបង្គាប់ឱ្យបញ្ជូនទណ្ឌិត អឿត អាង ទៅសាកសួរ ឬបំពេញនីតិវិធីណាមួយទៀតឡើយ ក្រោយមានសាលក្រមស្ថាពរ។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត មិនជឿថា អាជ្ញាធរបានស៊ើបអង្កេតសំណុំរឿងទីពីរនេះទេ ពីព្រោះបើស៊ើបអង្កេត នោះនឹងមានព័ត៌មានផ្ដល់ជូនសាធារណជន ទោះតិច ឬច្រើនក្ដី។ លោកបន្ថែមថា ពន្លឺយុត្តិធម៌នៃរឿងនេះអាចកើតមានទៅបាន គឺអាស្រ័យលើឆន្ទៈនយោបាយរបស់មេដឹកនាំកម្ពុជា ព្រោះអំពើឃាតកម្មនេះកើតឡើងដោយសារតែឥទ្ធិពល និងសកម្មភាពការងាររបស់បណ្ឌិត កែម ឡី មិនមែនជារឿងបុគ្គលនោះទេ។
លោក វ៉ន ចាន់ឡូត៖ «វាត្រូវការនូវឆន្ទៈនយោបាយមួយដ៏មុតមាំ ដ៏មុតស្រួច ទើបអាចរកឃើញការពិតនៅពីក្រោយនៃឃាតកម្មហ្នឹង។ ទីពីរ វាត្រូវការនូវការហ៊ានលះបង់ចំពោះអ្នកដែលពាក់ព័ន្ធ ហើយគាត់ចង់បង្ហាញការពិតទៅនឹងឃាតកម្មហ្នឹង អាហ្នឹងក៏អាចជាវិធីសាស្ត្រមួយ ដែលនឹងរកឃើញការពិតអ្នកដែលប៉ុនប៉ង អ្នកដែលនៅពីក្រោយការធ្វើឃាតនេះដែរ។ អ៊ីចឹង បើគ្មានពីរចំណុចនេះទេ ខ្ញុំជឿថា ការពិតនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នឹងមិនអាចទេ»។
ករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះ ត្រូវបានអ្នកសង្កេតការណ៍ និងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថា ជាឃាតកម្មនយោបាយ ដែលយុត្តិធម៌ពិតប្រាកដទំនងជាមិនអាចកើតមានឡើយក្នុងស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន។ ហេតុផល គឺដោយសារតែរបបដឹកនាំនៃក្រុមគ្រួសារត្រកូលហ៊ុនបានដាំដុះពូជ «និទ្ទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោស» រយៈពេល ៤ ទសវត្សរ៍មកហើយ ពោលគឺជនល្មើស និងអ្នកពាក់ព័ន្ធដែលសម្លាប់អ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មាន សហជីពឯករាជ្យ អ្នកការពារព្រៃឈើ និងការពារសិទ្ធិកម្មករ និងបរិស្ថានជាហូរហែមកនោះ មិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសនោះទេ ហើយបើមានការផ្ដន្ទាទោសវិញ អ្នកទាំងនោះគ្រាន់ជាឃាតកសិប្បនិម្មិតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។