អាជ្ញាធរខេត្តបាត់ដំបងបង្ខំឱ្យអាជីវករលក់ដូរនៅផ្សារបាយដំរាំ ជិត ១រយនាក់ រើតូប ដើម្បីយកដីធ្វើសាលាឆទាន
2024.01.12

អាជ្ញាធរស្រុកបាណន់ ខេត្តបាត់ដំបង កំពុងអនុវត្តវិធានការក្ដៅ ដោយបង្ខំឱ្យអាជីវករជាង ១រយនាក់ នៅផ្សារបាយដំរាំ រុះរើតូបលក់ដូររបស់ខ្លួនទាំងប្រញាប់ប្រញាល់ ដើម្បីយកដីធ្វើសាលាឆទាន និងសួននៅមាត់ស្ទឹងសង្កែ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការបង្ខំពលរដ្ឋបែបនេះ ជាការបន្ថែមបន្ទុកជីវភាពឱ្យពួកគាត់ថែមទៀត។
អាជីវករលក់ដូរនៅផ្សារបាយដំរាំ ឱ្យដឹងថា នៅរសៀលថ្ងៃទី១១ មករា អាជ្ញាធរស្រុកបាណន់ មានគ្នាជាង៣០នាក់ បានជិះឡាន និងម៉ូតូ ចុះមកបង្គាប់ឱ្យពួកគាត់ រុះរើរោងតូប និងទូតាំងលក់អីវ៉ាន់ យ៉ាងតក់ក្រហល់ ដោយពួកគាត់មិនបានត្រៀមខ្លួនឡើយ។
អាជីវករលក់ទឹកអំពៅនៅផ្សារបាយដំរាំ លោកស្រី ចែ រ៉ន ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរចុះមកបង្ខំឱ្យលោកស្រី និងអាជីវករដទៃទៀតប្រញាប់រុះរើតូបលក់ដូរ ដោយគំរាមថា បើរើមិនទាន់អាជ្ញាធរនឹងដឹកអីវ៉ាន់ទាំងនោះយកទៅសាលាស្រុកជាមិនខាន។ លោកស្រីបន្តថា នេះគឺជាទង្វើដ៏ហួសហេតុរបស់អាជ្ញាធរ ទាំងដែលពលរដ្ឋគ្រាន់តែលក់ដូរបន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត ដោយមិនបានធ្វើអ្វីឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះឡើយ។
លោកស្រី ចែ រ៉ន៖ «ចង់និយាយថា អាជីវករលក់ពីណា ពីណីតាំងពីចាប់ផ្ដើមធ្វើផ្សារ។ ដល់ពេលគេនិយាយពីលក្ខខណ្ឌកុងត្រាជាមួយថ្នាក់លើទៅ ថារុះរើផ្សារហ្នឹងរញ៉េរញ៉ៃពេញហ្នឹង។ និយាយទៅវាអត់មានផ្លូវណាប៉ះពាល់ឡាន ប៉ះពាល់ឡានធំអីផង។ មានតែផ្លូវច្រកចូលផ្ទះប្រជាជន។ គាត់ធ្វើអ៊ីចឹង។ គេគំរាមយើងឱ្យរើផង គេរើខ្លួនឯងផង»។
សកម្មភាពរបស់អាជ្ញាធរទាំងនេះ ធ្វើឡើងក្រោយពេលដែល រដ្ឋបាលស្រុកបាណន់ បានហៅអាជីវករលក់ដូរនៅផ្សារបាយដំរាំ មកប្រជុំកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយបង្ខំឱ្យពួកគាត់រុះរើតូបលក់ដូរចេញពីបរិវេណរបងវត្តបាយដំរាំ ឱ្យបានមុនដើមឆ្នាំ២០២៤ និងឱ្យពួកគាត់ទៅជួលតូបនៅផ្សារថ្មីទើបបង្កើត ដែលមានចម្ងាយពីផ្សារចាស់ប្រហែលមួយគីឡូម៉ែត្រ។ តែអាជីវករភាគច្រើនមិនសុខចិត្តនឹងការផ្លាស់ប្ដូរនេះឡើយ ព្រោះផ្សារថ្មីត្រូវចំណាយជួលតូបថ្លៃ និងមិនសូវមានមនុស្សដូចនៅផ្សារចាស់ឡើយ ទើបពួកគាត់សម្រេចចិត្តបន្តលក់ដូរនៅទីតាំងដដែលរហូតមកដល់ពេលនេះ។
អ្នកលក់កាហ្វេនៅផ្សារបាយដំរាំ កញ្ញា រ៉េត សុខលីន រៀបរាប់ថា ខណៈដែលកញ្ញាកំពុងលក់ដូរ អាជ្ញាធរបានប្រាប់ឱ្យកញ្ញារើទូកាហ្វេភ្លាមៗ ដែលធ្វើឱ្យកញ្ញារើកញ្ជើ និងប្រមូលរបស់របរសឹងមិនទាន់។ កញ្ញាលើកឡើងថា បន្ទាប់ពីអាជ្ញាធរ បិទផ្សារបាយដំរាំ លែងឱ្យលក់ដូរហើយ កញ្ញាត្រូវផ្អាក ឬឈប់លក់កាហ្វេនេះ ទាំងស្រុងតែម្ដង ព្រោះកញ្ញា ប្រាប់ថា មិនមានលទ្ធភាពទៅជួលកន្លែងលក់ នៅទីតាំងផ្សារថ្មី ដែលអាជ្ញាធរណែនាំឱ្យប្ដូរទៅនោះឡើយ។
កញ្ញា រ៉េត សុខលីន៖ «ខ្ញុំប្រហែលជាផ្អាកលក់សិនហើយ ប្រសិនបើប្ដូរទៅផ្សារថ្មី លក់មិនរួចខ្លួនឱ្យថ្លៃតូបទេ។ លក់មិនចំណេញច្រើនទេ បានតែទិញម្ហូប ល្មមមួយហូបរាល់ថ្ងៃហ្នឹងឯង និយាយឱ្យងាយស្ដាប់ គឺថាបានតែគ្រប់ស៊ីហ្នឹងឯង។ លក់តូបតូចមួយហ្នឹង ហើយអ្នកផ្សេងវិញ ព្រឹកឡើងគាត់បេះបន្លែនៅផ្ទះគាត់យកមកលក់ បានបន្តិចបន្តួច បានមួយគ្រប់ទិញម្ហូប យកទៅហូបនៅផ្ទះ ហើយឥឡូវគេឱ្យរើផ្សារហ្នឹងទៀត»។
ការបង្ខំឱ្យពលរដ្ឋរុះរើយ៉ាងប្រញាប់ប្រញាល់នៅពេលនេះ គឺក្រោមហេតុផលរបស់រដ្ឋបាលស្រុក ដែលអះអាងថា នឹងយកទីតាំងផ្សារបាយដំរាំ អភិវឌ្ឍធ្វើសួនច្បារ សាលាឆទាន និងជណ្ដើរចុះស្ទឹង សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ទៅទស្សនា សត្វជ្រឹង ដែលមានសំបុកលើដើមឈើក្បែរនោះ។ លើសពីនេះ រដ្ឋបាលស្រុកបាណន់ បានចោទទៅលើអាជីវករថា ទន្ទ្រានយកដីចំណីផ្លូវស្ទឹងសង្កែ សាងសង់ផ្ទះ តូបលក់ដូរ ដែលបណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរណ៍។
តែក្រុមអាជីវករថា ផ្សារប្រពៃណីបាយដំរាំ នេះ កកើតតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ ដោយសារមានអ្នកភូមិដែលបេះបន្លែ និងនេសាទត្រីយកមកលក់កាន់តែច្រើន ប៉ុន្តែមិនបណ្ដាលឱ្យកកស្ទះចរាចរណ៍ និងបំពុលបរិស្ថានស្ទឹងនោះទេ ចំណែកឯផ្ទះដែលសង់រំលោភយកដីស្ទឹងនោះ គឺជាផ្ទះរបស់មេឃុំបាយដំរាំ គឺលោក ង៉ុង ឆាន់លី ប៉ុន្តែអាជ្ញាធរ មិនដែលចាត់វិធានការឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកបាណន់ លោក ស្រេង សុខា និងមេឃុំបាយដំរាំ លោក ង៉ុង ឆាន់លី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែមករា។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ និងបាត់ដំបង លោក អ៊ិន គង់ជិត លើកឡើងថា ការបណ្ដេញអាជីវករមិនឱ្យលក់ដូរនៅផ្សារបាយដំរាំ នៅពេលនេះ គឺជាការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៅលើពួកគាត់ឱ្យកាន់តែលំបាក ខណៈអាជីវករមួយចំនួន ដែលលក់បន្លែ ផ្លែឈើនៅតាមកញ្ច្រែង ល្អី គឺលក់មួយថ្ងៃ សម្រាប់រស់មួយថ្ងៃតែប៉ុណ្ណោះ និងខ្លះទៀត ជាប់បំណុលធនាគារ។ លោកយល់ឃើញថា ផ្សារបាយដំរាំ គឺជាផ្សារប្រពៃណី ដែលបង្ហាញពីភាពសាមញ្ញបែបជនបទម្យ៉ាង ដូច្នេះអាជ្ញាធរ គួរតែរៀបចំផ្សារមួយនេះ ឱ្យមានអនាម័យ និងសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បានដើរទិញទំនិញ ដែលបង្កើតមុខរបរដល់ប្រជាពលរដ្ឋ ជាជាងបង្ខំឱ្យបិទផ្សារបែបនេះ។
លោក អ៊ិន គង់ជិត៖ «រឿងនេះ អាជ្ញាធរត្រូវគិតទាំងអស់ ទាំងជីវភាព ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតំបន់ហ្នឹង ហើយទាំងទេសចរ។ ប្រសិនបើជាទេសចររកចំណូលបានច្រើន នោះមិនអីទេ ប៉ុន្តែប្រសិនបើទេសចរមិនបានផ្ដល់ចំណូលអ្វីផង ហើយយើងទៅផ្ដាច់ផ្ដិលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្មានតុល្យភាពគ្នា គឺស្មើនឹងទៅកម្ទេចឆ្នាំងបាយរបស់ពួកគាត់អ៊ីចឹង»។
ផ្សារបាយដំរាំ មានទីតាំងនៅមុខវត្ត និងក្បែររបងវត្ត ស្ថិតនៅតាមបណ្ដោយផ្លូវលំគ្រួសក្រហម និងមានដើមឈើដុះត្រឈឹងត្រឈៃ ដែលជាជម្រកសត្វជ្រឹងរាប់ម៉ឺនក្បាល។ កាលពីមុនធ្លាប់មានភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត ដែលបានផ្ដល់ចំណូលបន្តិចបន្តួចដល់ពលរដ្ឋដែរ។ តែក្រោយពេលវិបត្តិកូវីដ១៩ ប្រជាពលរដ្ឋបានផ្លាស់ប្ដូរពីការលក់ដូរបែបទេសចរណ៍ មកលក់បន្លែត្រីសាច់ សំលៀកបំពាក់ ដោយដាក់ក្រាលនឹងដី ខ្លះមានតូបសង់ផុតពីដី និងព្យួរតាមឆត្រជាដើម។ អាជីវករលក់ដូរនៅផ្សារនេះ តែពេលព្រឹកប៉ុណ្ណោះ ដោយរើទៅវិញនៅពេលថ្ងៃត្រង់។
ក្រុមអាជីវករទាំងអស់ ស្នើឱ្យរដ្ឋបាលស្រុក និងខេត្ត ពិចារណាឡើងវិញទៅលើបញ្ហានេះ ដោយរៀបចំឱ្យពួកគាត់លក់ដូរឱ្យមានរបៀបនៅលើទីតាំងចាស់ ជាជាងផ្លាស់ពួកគាត់ទៅទីតាំងថ្មី ដែលមានតម្លៃជួលតូបថ្លៃ ប្រៀបបានទៅនឹងការបំបែកឆ្នាំងបាយដ៏តូចរបស់ពួកគាត់ដូច្នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។