ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​ទាមទារ​បញ្ចុះ​តម្លៃ​ភ្លើង​នៅ​មណ្ឌលគិរី

ប្រជាពលរដ្ឋ​នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ប្រមាណ​ជិត ៤០០​នាក់ បាន​នាំគ្នា​មក​ឈរ​បិទ​ផ្លូវ​នៅ​កណ្ដាល​ទី​រួម​ខេត្ត ទាមទារ​បញ្ចុះ​តម្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣។

ការ​តវ៉ា​នេះ អ្នក​ភូមិ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​មន្ទីរ​អប់រំ​ខេត្ត​មណ្ឌលគិរី មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​កន្លែង​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អ្នក​តវ៉ា​ប៉ុនប៉ង​នាំគ្នា​បិទ​ផ្លូវ​នៅ​ចំណុច​រង្វង់​មូល​ខេត្ត ចាប់​ពី​ម៉ោង ៩ព្រឹក ដើម្បី​ស្ទាក់​ដំណើរ​លោក សុខ អាន សុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​បញ្ហា​បញ្ចុះ​តម្លៃ​អគ្គិសនី ប៉ុន្តែ​មិន​បាន​លទ្ធផល​ទេ។ លោក​បន្ត​ថា សមត្ថកិច្ច​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ប្រមាណ ៣០​នាក់ បាន​រារាំង​អ្នក​តវ៉ា ហើយ​បើក​ផ្លូវ​ឲ្យ​រថយន្ត លោក សុខ អាន ធ្វើ​ដំណើរ​ដោយ​មិន​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ឡើយ។

លោក សុក រដ្ឋា៖ «សមត្ថកិច្ច​បាន​រារាំង​ប្រជាពលរដ្ឋ​ទៅ​ឈរ​ម្ខាង អត់​ឲ្យ​មក​រាំង​ផ្លូវ ឃើញ​ឡាន​ចេញ​មក សុខ អាន បើក​ឡាន​គេច​ពី​ពួក​គាត់ អ៊ីចឹង​ពួក​គាត់​ក៏​បាន​លើក​ដៃ​ស្រែក​ហ៊ោ​ពេញ​ផ្លូវ គាត់​ក៏​បាន​និយាយ​មាន​មេក្រូ​តូច​មួយ គាត់​ថា គាត់​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ អស់​ជំនឿ​លើ​ថ្នាក់​ដឹកនាំ មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ពួក​គាត់»

ប្រជាពលរដ្ឋ​នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នាំគ្នា​មក​ឈរ​បិទ​ផ្លូវ​នៅ​កណ្ដាល​ទី​រួម​ខេត្ត ទាមទារ​បញ្ចុះ​តម្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នាំគ្នា​មក​ឈរ​បិទ​ផ្លូវ​នៅ​កណ្ដាល​ទី​រួម​ខេត្ត ទាមទារ​បញ្ចុះ​តម្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣។ (Adhoc Photo)

នេះ​គឺ​ជា​លើក​ទី​បី​ហើយ ដែល​អ្នក​តវ៉ា​បាន​នាំគ្នា​មក​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដោះស្រាយ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ក្រុង​សែនមនោរម្យ ឲ្យ​បញ្ចុះ​តម្លៃ​លក់​ថាមពល​អគ្គិសនី ពី ១.៥០០​រៀល មក​នៅ​ត្រឹម ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។