មន្ត្រី​៥​នាក់​នៅ​បាត់ដំបង​ជាប់​ចោទ​ពី​បទ​លួច

តុលាការ​ខេត្ត​បាត់ដំបង បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​សាលា​ស្រុក និង​មន្ត្រី​នគរបាល​ស្រុក​បាណន់ ចំនួន ៥​នាក់ ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ​ពី​បទ​លួច តាម​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​២៣១ ចុះ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៣។

0:00 / 0:00

នៅ​ក្នុង​ដីកា​កោះ​ចំនួន ៥​សន្លឹក​ដាច់​ដោយ​ឡែក​ពី​គ្នា ចុះ​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៣ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នោះ តុលាការ​ខេត្ត​បាត់ដំបង បាន​ឲ្យ​មន្ត្រី​ទាំង ៥​រូប​នោះ​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ខែ​មិថុនា ខាង​មុខ​នេះ។

សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គេ​ពុំ​ទាន់​បាន​ដឹង​ច្បាស់​ថា​មន្ត្រី​ប៉ូលិស និង​មន្ត្រី​សាលា​ស្រុក​បាណន់ នោះ​ជាប់​ចោទ​ពី​បទ​លួច​អ្វី​នោះ​ទេ ព្រោះ​ក្នុង​ដីកា​កោះ​នោះ​ពុំ​បាន​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ។ មន្ត្រី​ស្រុក​បាណន់ ទាំង ៥​នាក់​នោះ មាន​លោក អ៊ុង ប៊ុនជយ ជា​អភិបាល​ស្រុក​បាណន់ លោក គុយ វណ្ណូ និង​អ្នកស្រី អ៊ុយ មួយ ជា​អភិបាល​រង​ស្រុក​បាណន់ រួម​ទាំង​មន្ត្រី​នគរបាល​ស្រុក​បាណន់ ពីរ​នាក់​ទៀត ក្នុង​នោះ​មាន​ឈ្មោះ រៀម រាំង ជា​អធិការ​រង និង​ឈ្មោះ ម៉ែន សារិទ្ធ ជា​មន្ត្រី​នគរបាល​ស្រុក​បាណន់។

អភិបាល​ស្រុក​បាណន់ លោក អ៊ុង ប៊ុនជយ ប្រតិកម្ម​ថា តំណាង​អយ្យកា​ចេញ​ដីកា​កោះ​ដោយ​សរសេរ​ដាក់​ពី​បទ​លួច​នេះ គឺ​ជា​រឿង​ពុំ​ត្រឹមត្រូវ។ ការ​ចោទ​មន្ត្រី​សាលា​ស្រុក និង​មន្ត្រី​នគរបាល ថា​ជា​ក្រុម​ចោរ​នោះ គឺ​ការ​ប្រមាថ​មើល​ងាយ​ដល់​មន្ត្រី​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ ដែល​ខិត​ខំ​បម្រើ​ប្រជាពលរដ្ឋ។

លោក អ៊ុង ប៊ុនជយ៖ «ព្រះរាជ​អាជ្ញា​រង​និយាយ​មក​ដូច​ជា​មិន​ត្រូវ។ ទី​១ អភិបាល​ស្រុក ទី​២ អភិបាល​រង​ស្រុក ទី​៣ មន្ត្រី​ប៉ូលិស​អធិការ​រង​ស្រុក សុទ្ធ​តែ​ជា​ក្រុម​ជំនាញ​កំណត់​ហេតុ​ប្រគល់​ស្រូវ​ឲ្យ​ប្រជាពលរដ្ឋ ក៏​មាន​ដីកា​ចេញ​ដោយ​អភិបាល​ខេត្ត ក៏​មាន​លោក តូច សុភក្តី មិន​ត្រឹមត្រូវ ព្រះរាជ​អាជ្ញា​រង​មិន​ត្រឹមត្រូវ​មាន​បាន​គិត​មើល​ទេ អភិបាល​ស្រុក អភិបាល​រង​ស្រុក អធិការ​រង​ហើយ​មន្ត្រី​ប៉ូលិស»

នៅ​ក្នុង​ដីកា​កោះ បញ្ជាក់​ថា អភិបាល អភិបាល​រង​ស្រុក​ទាំង​បី​នាក់ និង​មន្ត្រី​ប៉ូលិស​ស្រុក​បាណន់ ពីរ​នាក់ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៣។

លោក អ៊ុង ប៊ុនជយ បញ្ជាក់​ថា រូប​លោក និង​អភិបាល​រង​ស្រុក មិន​អាច​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កំណត់​របស់​តុលាការ​បាន​ទេ ដោយសារ​ជាប់​រវល់​ការងារ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នឹង​សរសេរ​លិខិត​មួយ​ផ្ញើ​ជូន​ទៅ​តុលាការ​ឲ្យ​បាន​ជ្រាប​ពី​បញ្ហា​នេះ។

អធិការ​នគរបាល​ស្រុក​បាណន់ លោក ប៊ុត សំបូរ ប្រតិកម្ម​ថា មន្ត្រី​ប៉ូលិស​ពីរ​នាក់​ជា​ចុង​ចម្លើយ ក៏​ត្រូវ​គេ​ចោទ​ថា​ជា​ចោរ​ដូច​គ្នា​ដែរ។ ប៉ុន្តែ បទ​លួច​ដែល​គេ​ចោទ​នោះ​ពុំ​បាន​បញ្ជាក់​ច្បាស់​លាស់​ថា​នរណា​ជា​ដើម​បណ្ដឹង ហើយ​ប្ដឹង​ថា​លួច​អ្វី​នោះ​ទេ៖ «អ៊ីចឹង​ទៅ ពួក​ខ្ញុំ​វា​មិន​ខូច​ឈ្មោះ ហើយ​ពួក​ខ្ញុំ​លួច​អី ហើយ​បើ​ពួក​ខ្ញុំ​ធ្វើ​ប៉ូលិស​លួច អ៊ីចឹង​ប្រជាជន​បាត់​បង់​ជំនឿ ហើយ​ពួក​ខ្ញុំ​ជា​មេ​ចោរ ហើយ​មិន​ដឹង​លួច​អី ខ្ញុំ​អត់​យល់។ អ៊ីចឹង រាល់​ដីកា​ត្រូវ​ដាក់​ឲ្យ​ច្បាស់​មក​ពី​បទ​លួច លួច​អី អ្នក​ណា​ប្ដឹង។ អភិបាល​ស្រុក អភិបាល​រង​ស្រុក ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ជា​សមត្ថកិច្ច​សាធារណៈ បើ​អ៊ីចឹង ពួក​ខ្ញុំ​គិត​ថា មន្ត្រី​សាធារណៈ​ដែល​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​មន្ត្រី​អនុវត្ត​ច្បាប់ វា​មិន​គួរ​មន្ត្រី​ទាំង​ឡាយ​នេះ​ទៅ​លួច»

ទោះ​យ៉ាង​នេះ​ក្ដី សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​២៣១ ចុះ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៣ គឺ​ជា​រឿង​ថ្មី។ ប៉ុន្តែ​គេ​សង្ស័យ​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្ដីក្ដាំ​គ្នា​រវាង​ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ និង​មន្ត្រី​យោធា​មួយ​រូប​ឈ្មោះ ឌឿ សាវិន។ មន្ត្រី​យោធា​ឈ្មោះ ឌឿ សាវិន ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ ហើយ​បាន​ប្ដឹង​មន្ត្រី​សាលា​ស្រុក និង​មន្ត្រី​នគរបាល​ស្រុក​បាណន់ ពី​បទ​លួច​ស្រូវ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​មាន​ទំនាស់។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​អាច​សុំ​សេចក្ដី​បញ្ជាក់​ពី​លោក ឌឿ សាវិន ជុំវិញ​ការ​ប្ដឹង​ផ្ដល់​គ្នា​នេះ​បាន​ទេ។ ប៉ុន្តែ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង លោក នួន សាន បាន​មាន​ប្រសាសន៍​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​មាន​លោក ឌឿ សាវិន ជា​អ្នក​ដើម​បណ្ដឹង។

ឆ្លើយ​តប​ជុំវិញ​មតិ​ប្រតិកម្ម​របស់​អាជ្ញាធរ​ស្រុក និង​មន្ត្រី​នគរបាល​ស្រុក​បាណន់ លោក នួន សាន ពន្យល់​ថា ការ​ចេញ​ដីកា​កោះ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​លួច ដោយសារ​តែ​តុលាការ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ដើម​ចោទ៖ «គាត់​ប្រតិកម្ម​ជា​ការ​គិត​របស់​គាត់ ប៉ុន្តែ​ចំពោះ​ខ្ញុំ​វិញ ជា​តំណាង​អយ្យកា ខ្ញុំ​គិត​ថា ការ​អញ្ជើញ​អ្នក​ណា​មួយ​ដើម្បី​បំភ្លឺ​ការ​ពិត វា​អត់​មាន​បញ្ហា​អី​ទេ ព្រោះ​ថា​គេ​ដាក់​បណ្ដឹង​មក​ថា ពូ "ក" ពូ "ខ" រួម​គ្នា​លួច​ទ្រព្យ​គេ អ៊ីចឹង​បើ​យើង​មិន​អញ្ជើញ​គាត់​មក​បំភ្លឺ​ការ​ពិត យើង​ណា​ទៅ​ដឹង»

មន្ត្រី​សម្រប​សម្រួល​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា ទំនាស់​នេះ​បង្ក​ឡើង​ដោយសារ​សាល​ក្រម​មួយ​ដែល​មាន​ន័យ​ទូលំទូលាយ​មិន​ច្បាស់​លាស់​របស់​តុលាការ​ខេត្ត​បាត់ដំបង។ លោក​ថា សាល​ក្រម​នោះ​បាន​សម្រេច​ទៅ​ពារ​លើ​ដី​ប្រជាពលរដ្ឋ​ដែល​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត បាន​សម្រេច​រួច​ហើយ៖ «សាល​ក្រម​បាន​សម្រេច​ពារ​ទៅ​លើ​ដី​ដែល​គណៈកម្មការ​សុរិយោដី​ខេត្ត ហើយ​មាន​ចំណារ​របស់​ឯកឧត្ដម ស ខេង ចារ​អោយ​គណៈកម្មការ​ថ្នាក់​ខេត្ត​ធ្វើ​ការ​សម្រប​សម្រួល។ អ៊ីចឹង​បាន​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​ចប់ ស្រាប់​តែ​លេច​សាល​ក្រម​ហ្នឹង​យក​ទៅ​គ្រប ហើយ​សាល​ក្រម​ហ្នឹង​វា​មាន​ន័យ​ទូលំទូលាយ​ពេក។ នៅ​ចំណុច​បឹង​ខ្ចាស់ បឹង​វែង អី​ហ្នឹង ទំហំ​បឹង​ហ្នឹង​ធំ​ណាស់​រាប់​គីឡូ។ អ៊ីចឹង​បាន​សាល​ក្រម​របៀប​នេះ​យក​ទៅ​អនុវត្ត​មិន​បាន អា​ហ្នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ហ្នឹង»

កាល​ពី​ដើម​ឆ្នាំ​២០១០ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ចុះ​ទៅ​ប្រមូល​ស្រូវ​ប្រមាណ ៣០០​បាវ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ស្រុក​បាណន់ ដើម្បី​ទប់ស្កាត់​ការ​ដណ្ដើម​គ្នា​រវាង​អ្នក​ភូមិ ១២​គ្រួសារ និង​មន្ត្រី​យោធា​ឈ្មោះ ឌឿ សាវិន។ ស្រូវ​នោះ ត្រូវ​បាន​គេ​ដាំ​នៅ​លើ​ដី​មាន​ទំនាស់​ទំហំ ៣២​ហិកតារ នៅ​ចំណុច​បឹង​ខ្ចាស់ ក្នុង​ឃុំ​កន្ទឺ១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ក្រោយ​មក អាជ្ញាធរ​ស្រុក​បាណន់ បាន​សម្រេច​ប្រគល់​ស្រូវ​នោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ ១២​គ្រួសារ យក​ទៅ​ទ្រទ្រង់​ជីវភាព​ជា​បណ្ដោះ​អាសន្ន។

អាជ្ញាធរ​ចម្រុះ​ខេត្ត​បាត់ដំបង បាន​ប្រមូល​ស្រូវ​នៅ​លើ​ផ្ទៃដី​ទំហំ ៣២​ហិកតារ នៅ​ចំណុច​បឹង​ខ្ចាស់ ឃុំ​កន្ទឺ១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ក្រោយ​ពី​អ្នក​ភូមិ ១២​គ្រួសារ​ចោទ​ថា លោក ឌឿ សាវិន ជា​មន្ត្រី​យោធា​ខេត្ត​បាត់ដំបង បាន​នាំ​កម្មករ ២៥​នាក់ ចុះ​ច្រូត​យក​ស្រូវ​លើ​ដី​ទំនាស់​នោះ។ លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​បាត់ដំបង ធ្លាប់​បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ផ្ដល់​ស្រូវ​នោះ​ទៅ​អ្នក​ភូមិ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​បញ្ចៀស​ការ​ខូចខាត។

ជម្លោះ​ដីធ្លី​នេះ គឺ​កើត​ចេញ​ពី​ការ​ជំពាក់​លុយ​គ្នា​រវាង ឌឿ សាវិន និង ចាយ សាវេន ជា​មន្ត្រី​យោធា​ដូច​គ្នា រហូត​មាន​ការ​ប្ដឹង​ផ្ដល់​នៅ​តុលាការ។ ក្រោយ​មក តុលាការ​បាន​កាត់​សេចក្តី​ដោយ​ពុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​ពុំ​ដឹង​ថា​ភាគី​លោក ចាយ សាវេន មាន​ដី​នៅ​កន្លែង​ណា​ផង ទើប​បណ្ដាល​ឲ្យ​ប៉ះពាល់​លើ​ដី​របស់​អ្នក​ភូមិ ១២​គ្រួសារ។

អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ច័ន្ទ ធ្លាប់​បញ្ជាក់​ថា តុលាការ​ត្រូវ​ពិនិត្យ​មើល​សេចក្តី​សម្រេច​របស់​ខ្លួន​កន្លង​មក​ឡើង​វិញ៖ «យើង​បាន​ពិនិត្យ​មើល​ដើម្បី​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ ហើយ​ទាក់ទង​នីតិវិធី​របស់​តុលាការ ក៏​ឲ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ។ ការ​កាត់​ក្តី​កន្លង​មក វា​មិន​ជាក់ស្ដែង​ព្រោះ​ដី​នោះ តាម​យើង​សិក្សា​ទៅ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ទេ»

កាល​ពី​ឆ្នាំ​២០០១ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​បាត់ដំបង បាន​សម្រេច​ប្រគល់​ដី​ទំហំ ៣២​ហិកតារ នៅ​ចំណុច​បឹង​ខ្ចាស់ ឃុំ​កន្ទឺ១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ឲ្យ​ទៅ​អ្នក​ភូមិ​ចំនួន ៦​គ្រួសារ។ អ្នក​ភូមិ​ចំនួន ៦​គ្រួសារ បាន​ចែក​ដី​នោះ​បន្ត​ជា ១២​គ្រួសារ ហើយ​បាន​បង្កបង្កើនផល​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០១ រហូត​មក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ដី​នោះ​នៅ​ពុំ​ទាន់​ដោះស្រាយ​ចប់ ហើយ​នៅ​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​នៅ​ស្ថាប័ន​តុលាការ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។