ខ្សែរថយន្តក្រុងទី១ នៅក្នុងគម្រោងខ្សែរថយន្តក្រុងទាំង៣ របស់សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី១ ខែកញ្ញា ដោយចាប់ផ្ដើមចេញពីចំណតគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រហូតដល់ចំណតបឹងឈូក ខណ្ឌច្បារអំពៅ។ នេះជាការប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។
ចេញដំណើរពីចំណតគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅផ្លូវជាតិលេខ១ រហួតដល់ចំណត់បឹងឈូក ខណ្ឌច្បារអំពៅ ខ្សែរថយន្តក្រុងទី១នេះ ប្រើប្រាស់រថយន្តក្រុងចំនួន ១០គ្រឿង និងមានចំណតឈប់សរុបចំនួន ៦៧ចំណត។
តម្លៃរថយន្តក្រុងត្រឹមតែ ១.៥០០រៀល និងមានការលើកលែងការបង់ប្រាក់ចំពោះប្រជាពលរដ្ឋមួយចំនួនផងនោះ សេវាឡានក្រុងនេះត្រូវបានរំពឹងថា នឹងមានបញ្ហាខាងផ្គត់ផ្គង់។
បើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា តម្លៃពីការលក់សំបុត្រមិនអាចផ្គត់ផ្គង់សេវានេះបានទេ តែរាជរដ្ឋាភិបាលកម្ពុជា បានប្រើមធ្យោបាយរកចំណូលផ្សេងៗទៀតដើម្បីផ្គត់ផ្គង់សេវារថយន្តក្រុងនេះឲ្យមាននិរន្តរភាព៖ «វាមិនអាចផ្គត់ផ្គង់បានទេ យើងមានគោលនយោបាយលើកលែងដល់ប្រជាពលរដ្ឋមួយចំនួន វាលំបាកនឹងចំណេញណាស់។ សំខាន់គឺរដ្ឋាភិបាលលោកបានជួយទៅលើការនាំចូលរថយន្ត ហើយ១ទៀតគឺសេវាពាណិជ្ជកម្ម ជាអាចជួយ»។
យ៉ាងណាមិញ សេវារថយន្តក្រុងដែលកំពុងតែចាប់ផ្ដើមក្នុងទីក្រុងនេះ ក៏បានប៉ះពាល់ដល់របររកស៊ីសេវាដឹកជញ្ជូនមួយចំនួនដូចជារ៉ឺម៉ក និងម៉ូតូឌុប ផងដែរ។
អ្នករត់រ៉ឺម៉ក ១រូប បាននិយាយថា សេវារថយន្តក្រុងនេះបានធ្វើឲ្យរបររកស៊ីរបស់គាត់មិនសូវជាកាក់កបដូចពីមុនទេ៖ «វាអាចប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំដែរ ពីព្រោះគេយកតម្លៃថោកជាង ហើយយើងរត់រាល់ថ្ងៃ បើយើងយក់ថោកតាមគេ អត់រស់ទេ មិនអាចចិញ្ចឹមប្រពន្ធកូនបានទេ។ គេចូលចិត្តជិះឡានក្រុងជាង»។
លោក ឡុង ឌីម៉ង់ ក៏បានលើកឡើងថា សេវារថយន្តក្រុងនេះ អាចនឹងប៉ះពាល់ប្រជាពលរដ្ឋមួយចំនួនតូច ប៉ុន្តែវាបានផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋភាគច្រើន៖ «វាអាចនឹងប៉ះពាល់ តែបើសួរបើប្រៀបធៀបផលប្រយោជន៍ជារួមមួយណាចំណេញជាង? ខ្ញុំគិតថា ការដាក់ដំណើរការរថយន្តក្រុងនេះ បើតាមការស្ទង់មតិគឺគ្មានមតិមិនពេញចិត្តទេ»។
សាលារាជធានីភ្នំពេញ មានគម្រោងបើកឲ្យមានរថយន្តក្រុងពីរខ្សែទៀត ហើយខ្សែរថយន្តក្រុងទាំង២ខ្សែនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧ និងទី១៥ ខែកញ្ញា។ ខ្សែទី២ គឺចេញដំណើរពីផ្សាររាត្រី វិថីព្រះស៊ីសុវត្ថិ ស្ពានជ្រោយចង្វារ រង្វង់មូលស្ថាតចាស់ ផ្លូវលេខ៧០ ផ្លូវគីម អ៊ីលស៊ុង កាត់តាមផ្លូវម៉ៅសេទុង រហូតដល់តាខ្មៅ និងខ្សែទី៣ ចាប់ពីផ្សាររាត្រី ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវសហព័ន្ធរុស្ស៊ី រហូតដល់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រដ្ឋាភិបាលកម្ពុជា នឹងបន្ថែមរថយន្តក្រុង ៤០គ្រឿង និងបន្ថែមអ្នកបើកបរឲ្យបាន ៩០នាក់ ដើម្បីបម្រើសេវាលើផ្លូវទាំង ៣ខ្សែ នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។