ក្រុម​គ្រួសារ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ កំពុង​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​វ៉ារិន ចម្ងាយ​ជិត ៩០​គីឡូម៉ែត្រ ភាគ​ឧត្តរ​ពី​ទី​រួម​ខេត្ត​សៀមរាប នៅ​តែ​អះអាង​ថា ការ​ដែល​គេ​ទៅ​សុំ​ពិនិត្យ​សៀវភៅ​គ្រួសារ ហើយ​កត់​យក​ឈ្មោះ និង​ប្រវត្តិ​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជា​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​នោះ គឺ​គ្មាន​បំណង​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​របាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​សម្រាប់​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ។

​បើ​ទោះ​បី​ជា​អាជ្ញាធរ​អះអាង​យ៉ាង​នេះ​ក្ដី ក៏​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​មួយ​រយៈ​មក​នេះ​បាន​សកម្ម​ក្នុង​ការ​ដឹកនាំ​ធ្វើ​ពិធី​បុណ្យ​សព​របស់​លោក​បណ្ឌិត កែម ឡី កំពុង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ហើយ​បាន​លាក់​ព្រះ​កាយ​ជា​បណ្ដោះអាសន្ន។

ក្រុម​គ្រួសារ​របស់​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប៊ុត ប៊ុនតិញ ដែល​រស់​នៅ​ភូមិ​គោកក្រួស ឃុំ​វ៉ារិន ស្រុក​វ៉ារិន បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​សម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល ហើយ​អំពាវនាវ​ឱ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ជួយ​ឃ្លាំមើល​សន្តិសុខ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល​ផង។

ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​បន្ទាប់ពី​មេ​ភូមិ​គោក​ក្រួស បាន​ទៅ​សុំ​ពិនិត្យ​សៀវភៅ​គ្រួសារ ហើយ​បាន​កត់​យក​ប្រវត្តិ​របស់​ព្រះសង្ឃ​អង្គ​នេះ​មក។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប៊ុត ប៊ុនតិញ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៦។
ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប៊ុត ប៊ុនតិញ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៦។

ម្ដាយ​របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ គឺ​អ្នកស្រី ឃ្លាំ ហឿត អាយុ ៥៧​ឆ្នាំ។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​កក្កដា ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា កន្លង​ទៅ មេ​ភូមិ​គោកក្រួស ឈ្មោះ អន សែម បាន​ទៅ​ផ្ទះ​របស់​គាត់។ ដំបូង​មេ​ភូមិ​បាន​សុំ​លុយ​ពី​គាត់​ដើម្បី​យក​ទៅ​ធ្វើ​បាយ​ឱ្យ​សិស្ស​សាលា​បឋមសិក្សា ហើយ​គាត់​ក៏បាន​ជូន​លុយ ៥​ពាន់​រៀល។ បន្ទាប់​មក​មេ​ភូមិ​ក៏​សុំ​ពិនិត្យ​មើល​សៀវភៅ​គ្រួសារ​របស់​គាត់ ដោយ​ប្រាប់​ថា ជំរឿន​ឈ្មោះ​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ។

អ្នកស្រី ឃ្លាំ ហឿត បញ្ជាក់​ទៀត​ថា គ្រួសារ​របស់​គាត់​គឺ​នៅ​កូន​ចំនួន ៣​នាក់ មិនទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​មេភូមិ​បើក​សៀវភៅ​គ្រួសារ គឺ​កត់​យក​តែ​ឈ្មោះ និង​ប្រវត្តិ​របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ១​ប៉ុណ្ណោះ ហើយ​ក៏​ចាក​ចេញ​ទៅ។ អ្នកស្រី ឃ្លាំ ហឿត មាន​ការ​សង្ស័យ​ថា អាជ្ញាធរ​អាច​មិន​កត់​យក​ឈ្មោះ​កូន​របស់​គាត់​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដូច​ការ​អះអាង​នោះ​ឡើយ៖ «យក​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ខ្ញុំ​មិន​ជឿ ធ្វើ​យ៉ាង​ណា​បើ​មនុស្ស​មិន​មក​ថតរូប​ផង។ ខ្ញុំ​បារម្ភ​ពីព្រោះ​ការ​ដើរ​យក​ឈ្មោះ ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ មិន​បាន​ដើរ​ស្រង់​ឈ្មោះ​ទូទៅ​ទេ»

ឪពុក​របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ លោក ប៊ុត ស្ដើង មាន​ប្រសាសន៍​ថា មួយ​រយៈ​មក​នេះ បន្ទាប់​ពី​លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​បាញ់​សម្លាប់ គឺ​គាត់​តែងតែ​ឮ​អ្នក​ស្រុក​និយាយ​រិះគន់​អំពី​កូន​របស់​គាត់​ដែល​សកម្ម​ក្នុង​ការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី។

លោក ប៊ុត ស្ដើង សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ផង និង​សុវត្ថិភាព​ក្រុម​គ្រួសារ​ទាំង​មូល​ដែល​នៅ​ឯ​ឃុំ​វ៉ារិន ផង៖ «ព្រួយ​បារម្ភ​ខ្លាច​គេ​ធ្វើ​បាប ធ្វើ​ទោស​លោក​កូន ដូច​លោក​បណ្ឌិត កែម ឡី ដែរ។ ខ្ញុំ​ចេះតែ​ភ័យ​ព្រួយ​រឿង​នេះ ហើយ​ចង់​ឱ្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ធ្វើ​ម៉េច​ឱ្យ​គ្រួសារ​ខ្ញុំ​មាន​សុវត្ថិភាព​ទាំង​អស់​គ្នា»

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន ឃុំ​វ៉ារិន បាន​អះអាង​ថា គេ​នឹង​ធានា​សុវត្ថិភាព​ចំពោះ​គ្រួសារ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ទាំង​ស្រុង ដោយ​មិន​មាន​អ្វី​គួរ​ឱ្យ​ភ័យខ្លាច​ទេ។

មេ​ភូមិ​គោកក្រួស លោក អន សែម អះអាង​តាម​ទូរស័ព្ទ​ថា ការ​ដែល​លោក​ទៅ​សុំ​ពិនិត្យ​សៀវភៅ​គ្រួសារ ហើយ​កត់​ឈ្មោះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ នោះ គឺ​មិន​មាន​បំណង​អ្វី​ក្រៅ​តែ​ពី​ជំរឿន​អ្នក​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ៖ «ខាង​ប៉ុស្តិ៍​នគរបាល​គេ​ឱ្យ​សម្ភាសន៍​គ្រប់​តែ​គ្រួសារ​អ៊ីចេះ អត់​ទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គឺ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឱ្យ»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​មាន​នាម​ដើម ស្ដើង ប៊ុនតិញ គឺ​ជា​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ជុំវិញ​យុទ្ធនា​ការ​ការពារ​តំបន់​ព្រៃ​ឡង់ ហើយ​សកម្មភាព​ចុង​ក្រោយ គឺ​ព្រះអង្គ​ជា​អ្នក​រៀបចំ​ពិធី​បុណ្យ​សព​របស់​លោក​បណ្ឌិត កែម ឡី ដែល​ឃាតក​បាញ់​សម្លាប់។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បាន​សម្ងំ​លាក់​ព្រះកាយ​មួយ​រយៈ​ខ្លី ដោយសារ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ​បាន​ទៅ​ឆែក​រក​ប្រវត្តិរូប​របស់​ព្រះអង្គ​ពី​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។