ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីសពលោកបណ្ឌិត កែម ឡី កំពុងលាក់ព្រះកាយ ដោយសារព្រះអង្គបារម្ភពីសុវត្ថិភាព។ ព្រះអង្គមានថេរដីកាថា ព្រះអង្គរងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាននៅខេត្តសៀមរាប។
ការគំរាមនេះ ក្រោយដែលព្រះអង្គនិងគណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី បានរៀបចំពិធីបុណ្យសព និងបានបញ្ចុះសពរួចរាល់ កាលពីម៉ោងជាង ១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា នៅស្រុកកំណើតរបស់លោកនាខេត្តតាកែវ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទ្រង់មានថេរដីកាថា ក្រុមគ្រួសារព្រះអង្គនៅស្រុកកំណើតក្នុងខេត្តសៀមរាប ត្រូវបានអាជ្ញាធរស្រុកវ៉ារិន ទៅគំរាមយកសំបុត្រកំណើតពីម្តាយព្រះអង្គ។ ព្រះអង្គមានសង្ឃដីកាប្រាប់ទូរទស្សន៍អាស៊ីសេរី កាលពីយប់ថ្ងៃទី២៥ កក្កដា ថា ទង្វើនេះ ព្រះអង្គគិតថា ជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែង៖ «មកដល់ម៉ោងនេះ អាត្មាត្រូវបានក្រុមសន្តិសុខស្រុកវ៉ារិន ដែលនៅស្រុកកំណើតអាត្មា ទៅសម្លុតញោមស្រីដើម្បីយកសំបុត្រកំណើត។ ញោមស្រីបានសួរទៅមេភូមិដែលទៅយកសំបុត្រកំណើត សួរថា យកសំបុត្រកំណើតកូនខ្ញុំទៅធ្វើអ្វី ហើយមេភូមិឆ្លើយថា យកទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យ។ វាមិនដែលមានប្រវត្តិណាគេយកសំបុត្រកំណើតអ្នកដទៃទៅធ្វើឲ្យអ្នកបួសក្នុងនាមម្ចាស់គេ គឺទៅមិនរួច...»។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅ និងសង្គមស៊ីវិលស្គាល់ព្រះអង្គ តាមរយៈសកម្មភាពជួយដោះស្រាយបញ្ហាសង្គមនានា នៅតាមមូលដ្ឋាន ដោយព្រះអង្គបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបណ្ឌិត កែម ឡី រួមមាន ប្រឆាំងការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ ការរំលោកដីធ្លីជាដើម។ ចុងក្រោយនេះ ព្រះអង្គនិងសកម្មជនមួយចំនួនទៀត ក្នុងគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ក៏បានជ្រោមជ្រែងក្នុងការជួយចាត់ចែងពិធីបុណ្យសពរហូតដល់បានបញ្ចុះសពជាស្ថាពរកាលពីថ្ងៃច័ន្ទ ទី២៥ កក្កដា នៅខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។