ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី នឹងនិមន្តទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ ដើម្បីស្វែងការគាំទ្ររៀបចំបុណ្យ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី។ ព្រះអង្គក៏នឹងជួបជាមួយម្ចាស់ដី ៨ហិកតារ ដែលមានបំណងចង់ធ្វើជាបូជនីយដ្ឋានមួយដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក កែម ឡី។
ព្រះតេជព្រះគុណមានថេរដីកាថា ដំណើររបស់ព្រះអង្គក៏ជាឱកាសមួយអាចឲ្យព្រះអង្គមានលទ្ធភាពប្រឹក្សាយោបល់ជាមួយសហគមន៍ខ្មែរដើម្បីចូលរួមគាំទ្រដល់ចលនាការពារធនធានធម្មជាតិ និងជំរុញឲ្យយុវជនចូលរួមការចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា និងទាន់ពេលវេលា។ លើសពីនេះទៅទៀត ព្រះអង្គនឹងស្វែងរកមូលនិធិខ្លះដើម្បីគាំទ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានា ស្របតាមការចង់បានរបស់លោកបណ្ឌិត កែម ឡី៖ «យើងចង់មានកញ្ចប់ថវិកាតូចមួយដើម្បីរៀបចំការផ្សព្វផ្សាយអោយបានទាន់ពេលវេលាតាមរយៈការផ្ដល់ថវិកាតិចតួចស្ដួចស្ដើងឲ្យក្រុមអ្នកអង្កេតការណ៍តាមការិយាល័យដាក់កាតទូរស័ព្ទមួយដុល្លារក្នុងថ្ងៃបោះឆ្នោត ដើម្បីទំនាក់ទំនងគ្នាផ្សព្វផ្សាយព័ត៌មានអយុត្តិធម៌ណាមួយក្នុងថ្ងៃបោះឆ្នោត»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នឹងនិមន្តទៅកាន់រដ្ឋកាលីហ្វ័រញ៉ា (California) បន្ទាប់មកព្រះអង្គនឹងនិមន្តទៅកាន់រដ្ឋម៉ារីឡែន (Maryland) ក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតុន (Washington)។ ខណៈគង់នៅរដ្ឋម៉ារីឡែន ព្រះអង្គមានបំណងគង់នៅវត្តពុទ្ធិការាម ឬហៅវត្តម៉ារីឡែន មួយរយៈពេលខ្លី មុនបន្តដំណើរទៅរដ្ឋផ្សេងៗទៀត។
ប្រធានគណៈកម្មការវត្តម៉ារីឡែន លោកបណ្ឌិត ទន់ សុវណ្ណ ស្វាគមន៍វត្តមានរបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ លោកយល់ព្រមឲ្យព្រះអង្គ ប៊ុត ប៊ុនតិញ គង់បណ្ដោះអាសន្ននៅវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។